
ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលជាដៃគូអភិវឌ្ឍ រៀបចំវេទិកានគរូបនីយកម្មកម្ពុជាស្ដីពី “ការអភិវឌ្ឍទីក្រុងប្រកបដោយភាពវៃឆ្លាត ចីរភាព បរិយាប័ន្ន” ក្រោមគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ និងពិភាក្សា ឯកភាពគ្នាលើអាទិភាពសម្រាប់អភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេទិកាដ៏មានសារសំខាន់ខាងលើនេះ ត្រូវធ្វើឡើងក្រោមវត្តមានរបស់លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជា រួមជាមួយនឹងមន្ត្រីមកពីស្ថាប័នរដ្ឋ និងបណ្តាអង្គការនានាដែលពាក់ព័ន្ធជាច្រើននាក់ទៀត។
វេទិកានគរូបនីយកម្មកម្ពុជា ជាវេទិកាប្រមូលផ្តុំអ្នកពាក់ព័ន្ធជាតិ និងអន្តរជាតិ ឱ្យចូលរួមក្នុងកិច្ចពិភាក្សា ដែលមានលក្ខណៈបរិយាប័ន្ន អំពីស្ថានភាពនគរូបនីយកម្មនាពេលបច្ចុប្បន្ននៅកម្ពុជា កំណត់ពីអាទិភាព និងនិន្នាការចម្បងៗ ព្រមទាំងចែករំលែកបទពិសោធន៍ និងចំណេះដឹង ជុំវិញប្រធានបទការអភិវឌ្ឍទីក្រុងដែលមានលក្ខណៈវៃឆ្លាត ប្រកបដោយចីរភាព និងមានបរិយាប័ន្ន ។
វេទិកានេះត្រូវបានសហការរៀបចំឡើងដោយ ក្រសួងដែនដី នគរូបនីយកម្ម និង សំណង់ និង អង្គការសហប្រជាជាតិនៅកម្ពុជា។ វេទិកាដែលមានសម័យប្រជុំសំខាន់ៗចំនួន ៥ នេះ នឹងផ្តល់លទ្ធភាពឱ្យតួអង្គនានាធ្វើការពិភាក្សា និងឯកភាពគ្នាលើអាទិភាពចម្បងៗ ស្នើឡើងនូវយុទ្ធសាស្រ្តសម្របសម្រួល និងកំណត់អន្តរាគមន៍ផ្នែកកម្មវិធីនៅគ្រប់កម្រិតថ្នាក់នៃរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចនូវចក្ខុវិស័យអភិវឌ្ឍន៍ទីក្រុងរបស់កម្ពុជា ដែលមានលក្ខណៈឆ្លាតវៃ ប្រកបដោយចីរភាព និងមានបរិយាប័ន្ន។
វេទិកានេះមានគោលបំណងឈានទៅរកការឯកភាពគ្នាអំពីការកំណត់អាទិភាពសំខាន់ៗ និងការកំណត់ពីឈ្មោះស្ថាប័នដែលត្រូវទទួលខុសត្រូវនូវអាទិភាពនីមួយៗ។ វេទិកានេះក៏គ្រោងនឹងស្នើឡើងនូវអន្តរាគមន៍ផ្នែកគោលនយោបាយយុទ្ធសាស្ត្រ និងកម្មវិធី ដែល ផ្តោតជាសំខាន់លើការផ្តល់ហិរញ្ញប្បទាន ការអភិវឌ្ឍសមត្ថភាព នវានុវត្តន៍ការសម្របសម្រួលនិងភាពជាដៃគូជាយុទ្ធសាស្រ្តផងដែរ។

នៅក្នុងកម្មវិធីបើកនៃវេទិកាដែលមានរយៈពេលមួយថ្ងៃពេញនេះ នឹងមានការថ្លែងសុន្ទរកថាគន្លឹះ ដោយអ្នកជំនាញជាតិ និងអន្តរជាតិផ្តោតលើទីក្រុងវៃឆ្លាត ប្រកបដោយចីរភាព និងបរិយាប័ន្ន និងបន្ទាប់មក នៅក្នុងសម័យប្រជុំទីពីរ នឹងមានការធ្វើបទបង្ហាញអំពីស្ថានភាពនគរូបនីយកម្មនាពេលបច្ចុប្បន្ន បញ្ហាប្រឈម និងកាលានុវត្តភាព។ លើសពីនេះនៅក្នុងសម័យប្រជុំទី៣ និងមានការពិភាក្សាអំពីអាទិភាពសម្រាប់ទីក្រុងនៅកម្ពុជាផងដែរ។
សម័យប្រជុំទីបួនផ្តោតលើការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍន៍ទីក្រុង។ នៅសម័យប្រជុំចុងក្រោយ វេទិកានេះនឹងត្រូវបញ្ចប់ជាមួយនឹងសេចក្តីថ្លែងការណ៍អំពីអាទិភាពសំខាន់ៗ និងជំហានបន្ទាប់ សម្រាប់កំណត់ចក្ខុវិស័យនៃការអភិវឌ្ឍន៍ទីក្រុងនៅកម្ពុជា។នគរូបនីយកម្មនៅកម្ពុជាកំពុងមានសន្ទុះ និងវិសាលភាពធំដែលមិនធ្លាប់មានពីមុនមក។
មានការព្យាករណ៍ថានៅត្រឹមឆ្នាំ២០៣០ ប្រជាជនកម្ពុជាប្រមាណមួយភាគបី នឹងរស់នៅក្នុងតំបន់ប្រជុំជន (UNDESA (2018), World Urbanization Prospects 2018 (NewYork) ។

បញ្ហាប្រឈមក្នុងការពង្រីកសេវាសង្គម និងហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជននេះ អាចនាំឱ្យហានិភ័យមួយចំនួន មានជាអាទិ៍ ភាពក្រីក្រ ផលប៉ះពាល់បរិស្ថាន និងហានិភ័យសេដ្ឋកិច្ច កាន់តែមានសភាពធ្ងន់ធ្ងរ។ដូច្នេះ សក្តានុពលនៃការអភិវឌ្ឍប្រទេសពឹងអាស្រ័យកាន់តែខ្លាំងឡើងៗទៅលើរបៀបគ្រប់គ្រងទីក្រុង និងតំបន់ប្រជុំជន។
អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres មានប្រសាសន៍នៅក្នុង ទិវាលំនៅដ្ឋានពិភពលោកកាលពីខែកន្លងទៅថា “ការអភិវឌ្ឍទីក្រុងបានល្អទៅតាមផែនការ ត្រឹមត្រូវអាចនាំឲ្យយើងទទួលបាននូវកំណើនខ្ពស់ប្រកបដោយបរិយាប័ន្ន និងកាត់បន្ថយបានច្រើននូវការបញ្ចេញជាតិពុល ហើយដំណោះស្រាយអាចចាប់ផ្តើមពីជំហានតូចៗដែលបុគ្គលម្នាក់ៗអាចធ្វើបានដើម្បីផ្លាស់ប្តូរទីក្រុង” ។ ទីក្រុងគឺជាទីតាំងកំណត់របស់ប្រទេសមួយពីសម្រេចបាននូវការអភិវឌ្ឍប្រកប ដោយចីរភាព៕





