រដ្ឋាភិបាល​ប្រទេស​អាល្លឺម៉ង់​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​ដល់​កម្ពុជា​ជាង​ ៧៤លាន​ដុល្លារ​

0
រដ្ឋាភិបាល​ប្រទេស​អាល្លឺម៉ង់​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​ដល់​កម្ពុជា​ជាង​ ៧៤លាន​ដុល្លារ​
រដ្ឋាភិបាល​ប្រទេស​អាល្លឺម៉ង់​គ្រោង​ផ្តល់​ហិរញ្ញប្បទាន​ដល់​កម្ពុជា​ជាង​ ៧៤លាន​ដុល្លារ​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ បាន​ចុះ​កិច្ច​ព្រមព្រៀង​លើ​ការ​ផ្តល់​ហិរញ្ញប្បទាន​ សហប្រតិបត្តិ​ការ​ចំនួន២ដល់​រដ្ឋា​ភុ​បាល​កម្ពុជា​ ដែល​មានតម្លៃ​ទឹកប្រាក់​ចំនួន ៦៧​,១លាន​អឺ​រ៉ូ​ ស្មើនឹង​ជាង៧៤លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

បន្ទាប់ពី​បញ្ចប់​កិច្ច​ជំនួប​ទ្វេភាគី​ រវាង​តំណាង​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង២​ ដែល​មាន​លោក​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ជាមួយ​លោក​ Christian​ Berger​ ឯកអគ្គ​រដ្ឋទូត​វិសាមញ្ញ​ និង​ពេញ សមត្ថភាព​ នៃ​សាធារណរដ្ឋ​សហព័ន្ធ​ អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា​ កាលពី​ព្រឹក​ថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ កិច្ច​ព្រមព្រៀង​ និង​ចុះហត្ថលេខា​លើ​ការ​ផ្តល់​ហិរញ្ញប្បទាន​ សហប្រតិបត្តិ​ការ​ចំនួន២​ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៦៧.១លាន​អឺ​រ៉ូ​ (ប្រមាណ​ជា ៧៤លាន​ដុល្លារ​អាមេរិក​)ត្រូវ​បាន​ធ្វើឡើង​នៅ​ទី​ស្តី​ការក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

នៅក្នុង​កិច្ច​ព្រមព្រៀង​ចុះហត្ថលេខា​លើ​ហិរញ្ញប្បទាន​ សហប្រតិបត្តិ​ការ​ចំនួន២រវាង​ប្រទេស​ទាំង២រួមមាន​ដូចជា​ ១ កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ ឆ្នាំ២០១៨​។ តាមរយៈ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​ សហប្រតិបត្តិ​ការ​ឆ្នាំ ២០១៨ នេះ​ ដែល​ជា​កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ នឹង​ផ្តល់​ឥណទាន​សម្បទាន​ចំនួន ៣០លាន​អឺ​រ៉ូ​ និង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន២លាន​អឺ​រ៉ូ​ សម្រាប់​ហិរញ្ញប្បទាន​ លើ​គម្រោង​ប្រសិទ្ធិ​ភាព​ថាមពល​ សម្រាប់​ការ​ផ្គត់ផ្គង់​អគ្គិសនី​ជនបទ​។

ឥណទាន​សម្បទាន​ចំនួន៣០លាន​អឺ​រ៉ូ​ គឺ​ឥណទាន​សម្បទាន​ទី១​ ដែល​ភាគី​អាល្លឺម៉ង់​ហៅថា​ «Reduced​ Interest​ Loan​» នឹង​ត្រូវ​បាន​ផ្តល់​តាមរយៈ​ធនាគារ​អភិវឌ្ឍន៍​ អាល្លឺម៉ង់​ (KfW​)។ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ឥណទាន​ ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់​ (KfW​) នៅពេល​ក្រោយ​ទៀត​ ដើម្បី​ទទួល​បាន​ឥណទាន​ មក​ប្រើប្រាស់​សម្រាប់​អនុវត្តន៍​ គម្រោង​ប្រសិទ្ធិ​ភាព​ថាមពល​ សម្រាប់​ការ​ផ្គត់ផ្គង់​អគ្គិសនី​ជនបទ​។

ទី២​ កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ ឆ្នាំ២០១៩​។ តាមរយៈ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​ឆ្នាំ២០១៩នេះ​ ដែល​ជា​កិច្ច​ព្រមព្រៀង​ក្របខ័ណ្រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ នឹង​ផ្តល់​ឥណទាន​សម្បទាន​ចំនួន៣០លាន​អឺ​រ៉ូ​សម្រាប់​ហិរញ្ញប្បទាន​ លើ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​ សម្រាប់​កម្ពុជា​ និង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន៥.១លាន​អឺ​រ៉ូ​ សម្រាប់​គាំទ្រ​ការ​ធ្វើ​ហិរញ្ញប្បទាន​លើ​គម្រោង​ជាក់លាក់​មួយចំនួន​ទៀត​។

លោក​អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​បាន​មានប្រសាសន៍​ថា​ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ គឺជា​ដៃគូ​អភិវឌ្ឍន៍​ប្រទេស​អឺរ៉ុប​ទី២​ បន្ទាប់ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​បារាំង​ (ប្រទេស​បារាំង​ បាន​ចាប់ផ្តើម​ផ្តល់​ឥណទាន​សម្បទាន​ទី១​ របស់​ខ្លួន​ដល់​កម្ពុជា​ នៅ​ឆ្នាំ២០១៣​) ដែល​បាន​ផ្តល់​ឥណទាន​សម្បទាន​ដល់​កម្ពុជា​ ដើម្បី​រួមចំណែក​ក្នុង​ការ​គាំទ្រ​ដល់​ គោលនយោបាយ​អភិវឌ្ឍន៍​ និង​វិស័យ​អាទិភាព​នានា​របស់​រដ្ឋាភិបាល​កម្ពុជា​។

លោក​បន្ត​ថា​ ​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​ សហប្រតិបត្តិ​ការ​នេះ​ ជា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​មួយ​ ដែល​ឆ្លុះបញ្ចាំង​អំពី​កិច្ច​សហប្រតិបត្តិ​ការ​ ជា​មិត្តភាព​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ ក្នុង​ការ​ជួយ​គាំទ្រ​ដល់​កិច្ច​អភិវឌ្ឍន៍​សង្គម​ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា​ ដោយ​ភាគី​មិត្ត​ប្រកាន់​ខ្ជាប់​នូវ​គោលនយោបាយ​ ផ្តល់​ឥណទាន​សម្បទាន​របស់​ខ្លួន​ ឆ្លើយតបទៅនឹង​សេចក្តី​ត្រូវការ​ជាអាទិភាព​របស់​ រាជរដ្ឋាភិបាល​កម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here