ដោយ ៖ រ៉ាណេត
កំពង់ស្ពឺ ៖ ក្រុមហ៊ុនអចលនទ្រព្យមកពីប្រទេសចិនធំៗចំនួន២ បានមកធ្វើការសិក្សា និងស្វែងយល់បន្ថែមពីសក្ដានុពលនៅក្នុងខេត្តកំពង់ស្ពឺ រួមជាមួយនឹងគោលបំណងបណ្តាក់ទុនវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ និងវិស័យសំណង់នៅក្នុងខេត្តមួយនេះ។
ជាមួយនឹងភាពល្អប្រសើរនៃកត្តាភូមិសាស្ត្រ រួមជាមួយសេដ្ឋកិច្ចនៅក្នុងតំបន់ ខេត្តកំពង់ស្ពឺបានក្លាយជាចំណុចគោលដៅវិនិយោគពីសំណាក់បណ្តាអ្នកជំនួញជាតិ និងអន្តរជាតិនានាជាច្រើនដែលមកពីប្រទេសកូរ៉េ ជប៉ុន អាមេរិក ជាពិសេស ប្រទេសចិនតែម្ដង ។
-->
អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា ជាមោទនភាពចំពោះខេត្តកំពង់ស្ពឺទទួលបានចំណាប់អារម្មណ៍វិនិយោគជាច្រើន ខណៈដែលវិស័យហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងខេត្ត ត្រូវបានយកចិត្តទុកដាក់ស្ថាបនាសាងសង់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ។
លោកបានមានប្រសាសន៍បញ្ជាក់ថា “ខេត្តកំពង់មានភាពអំណោយផលជាច្រើន ជាពិសេសកត្តាភូមិសាស្ត្រតែម្ដងដែលមានផ្លូវជាតិសំខាន់ៗក្នុងការដឹកជញ្ជូន ដូចជាផ្លូចជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥”។
លោកបានបន្តទៀតថា “ភាពរីកចម្រើន និងអភិវឌ្ឍន៍ទាំងនេះ គឺកើតចេញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកៀងគរ និងសម្របសម្រួលគ្រប់វិធីសាស្ត្រដើម្បីកៀងគរប្រមូលបណ្តាអ្នកវិនិយោគអន្តរជាតិឱ្យមកកាន់កម្ពុជា ជាក់ស្ដែកាលពីសប្ដាហ៍មុនមានគណៈប្រតិភូវិនិយោគចិនចំនួន៣៥ចូលមកសិក្សាពីឱកាសវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ ហើយល្ងាចម្សិលមិញនេះ មានក្រុមហ៊ុនអចលនទ្រព្យចិនធំៗចំនួន២បន្ថែមទៀតក៏បង្ហាញពីចំនាប់អារម្មណ៍ចូលមកវិនិយោគនៅក្នុងខេត្តដែរ”។
ក្រុមហ៊ុនអចលនទ្រព្យចិន ដែលបង្ហាញពីចំណាប់អារម្មណ៍វិនិយោគនៅក្នុងខេត្តកំពង់ស្ពឺទាំង២ខាងលើនេះរួមមានក្រុមហ៊ុន China Realm Investment និង Qianxun SL។ ជាមួយនឹងគោលបំណងខាងលើនេះ ក្រុមហ៊ុនទាំង២នឹងនាំមកនូវផលិតផលដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសចិន ដោយប្រើប្រាស់ប្រព័ន្ធ 5G ( ALIBABA RESOURCES ) ដែលជាឧបករណ៍បំពាក់លើសំណង់អគារ។
បច្ចុប្បន្ន នៅក្នុងខេត្តកំពង់ស្ពឺមានក្រុមហ៊ុនជាច្រើនកំពុងដំណើរការ ហើយក្រុមហ៊ុនមួយចំនួនទៀតរត់ការឯកសារស្នើសុំដើម្បីបានចាប់ប្រតិបត្តិការ ជាក់ស្ដែងសម្រាប់តែវិស័យរោងចក្រមានកំណើនយ៉ាងគំហុករហូតដល់ចំនួន ២៦១រោងចក្រដែលផ្តល់ឱកាសការងារបានចំនួនជាង១៣ម៉ឺនកន្លែង ជាមួយនឹងចំណូលផលិតផលក្នុងស្រុកសរុបជាង ១៧០០ដុល្លារក្នុងម្នាក់៕