តើ​ខេត្ត​ព្រះសីហនុ​មាន​សក្តា​នុ​ពល​សំ​ខាន់ៗអ្វីខ្លះ​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ខេត្ត​ព្រះសីហនុ​ ជា​ប៉ូល​អភិវឌ្ឍ​ជាតិ​មួយ​យ៉ាង​សំខាន់​ ហើយ​ជា​ខេត្ត​ដែល​មាន​សក្តា​នុ​ពល​សេដ្ឋកិច្ច​ ទាក់ទាញ​វិនិយោគិន​ និង​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​តាម​ឆ្នេរ​ សមុទ្រ​ មាន​កោះ​ដ៏​ស្រស់​ស្អាត​ មាន​កំពង់ផែ​អន្តរជាតិ​ អាកាសយាន​ដ្ឋាន​អន្តរជាតិ​ ផ្លូវដែក​ ផ្លូវគោក​ និង​ធនធាន​ធម្មជាតិ​ដ៏​សំបូរ​បែប​។

សក្តា​នុ​ពល​ និង​ភូមិសាស្ត្រ​របស់​ខេត្ត​ព្រះសីហនុ​ មាន​កោះ៣២​ ឆ្នេរ​ប្រវែង១៧៥គីឡូម៉ែត្រ​ កំពង់ផែ​អន្តរជាតិ​ទឹកជ្រៅ​ មាន​ទំនិញ​ឆ្លងកាត់​ជាង៧០ភាគរយ​ ក្នុងចំណោម​សេវាកម្ម​ដឹកជញ្ជូន​ទូទាំង​ប្រទេស​។ បច្ចុប្បន្ន​កំពង់ផែ​របស់​ខេត្ត​នេះ​ មាន លទ្ធភាព​អាច​ឱ្យ​នាវា​មាន​ជម្រៅ​ទឹក១០ម៉ែត្រ​ចូល​ចត​ និង​កំពុង​ពង្រីក​បន្ថែម​ ដើម្បី​ឱ្យ​នាវា​មាន​ជម្រៅ​ទឹក​ ១៣.៥០ម៉ែត្រ​ចូល​ចត​នៅពេល​ខាងមុខ​ ដើម្បី​កាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន​ ក៏ដូចជា​ការប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់​ ទន្ទឹម​នោះ​ក៏​នៅ​ខ្វះ​ផែ​ទេសចរណ៍​ផង​ដែរ​។

ខេត្ត​ព្រះសីហនុ​ មា​នព្រ​លាន​យន្តហោះ​ ដែល​បាន​នឹង​កំពុង​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​ពង្រីក​ព្រលា​នយន្តហោះ​នេះ​ ដោយ ក្រុម​ហ៊ុន​បារាំង​ ដើម្បី​ឱ្យ​យន្តហោះ​ប្រភេទ​ធុន​ធំ​ចុះចត​នៅពេល​ខាងមុខ​ និង​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​តាមផ្លូវអាកាស​។

រាជរដ្ឋាភិបាល​ បាន​សាងសង់​ផ្លូវ​ហាយ​វេ​ ល្បឿន​លឿន​ពី​ភ្នំពេញ​មកកាន់​ខេត្ត​ព្រះសីហនុ​ និង​គ្រោង​ដាក់​ឱ្យ​ដំណើរការ​នៅ​ចុងឆ្នាំ២០២២​។ ជាមួយគ្នា​នេះ​ផង​ដែរ​ កាលពី​ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៩កន្លងមក​ សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ៣៤ខ្សែ​ ក្នុង​ក្រុង​ព្រះសីហនុ​ មាន​ប្រវែង៨៤.៥០៥គីឡូម៉ែត្រ​ ។

រាជរដ្ឋាភិបាល​បាន​កំណត់​ខេត្ត​ព្រះសីហនុ​ ជា​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុ​បំណង​ ដែល​មាន​តំបន់​សេដ្ឋកិច្ច៥កំពុង​ដំណើរការ​ ផ្តល់​ការងារ​ជូន​យុវជន​ជាង៨ម៉ឺន​នាក់​ និង​តំបន់​សេដ្ឋកិច្ច៤ទៀត​កំពុង​សាងសង់​ នេះ​ជា​សក្តា​នុ​ពល​ នៃ​ការ​អភិវឌ្ឍ​ក្នុង​ខេត្ត​ព្រះសីហនុ​ នា​ពេល​បច្ចុប្បន្ន​ ពិសេស​វិស័យ​សំណង់​មានការ​អភិ​ឌ្ឍ​យ៉ាង​គំហុក​គួរ​ឱ្យ​កត់សំគាល់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here