ដោយ វុត្ថា
បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ គ្រោងដាក់ឱ្យដំណើរការរថយន្តក្រុងសាធារណៈតភ្ជាប់ពីក្រុងប៉ោយប៉ែត ឆ្ពោះទៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំ ២០២០ ខាងមុខនេះ ឆាប់ៗនេះ ដើម្បីបង្កភាពងាយស្រួល និងសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ ។

លោក អុំ រាត្រី បានអភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានកាលពីពេលថ្មីៗនេះ ថា ខេត្តបានសម្រេច ឲ្យដំណើរការរថយន្តក្រុងសាធារណៈ ២០នាទីម្ដង ដែលតភ្ជាប់ចរាចរណ៍ប្រជុំជនទាំងពីរ ប្រើប្រាស់មុនគេបង្អស់ បន្ទាប់ពីក្រុងភ្នំពេញ ដោយផ្ដល់ជួនប្រជាពលរដ្ឋដោយមិនគិតថ្លៃរយៈពេល ៣ខែ។
លោកបន្តថា គោលបំណងនៃការដាក់ឱ្យដំណើរនេះ គឺសម្រួលការធ្វើដំណើរ កាត់បន្ថយការចំណាយ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ហើយធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែភាពល្អប្រសើរ។
លោកថា សេវារថយន្តក្រុងខាងលើនេះមាន រថយន្ត ១៥ គ្រឿង និងអាចដាក់ឱ្យដំណើរការនៅឆ្នាំ២០២០ខាងមុខនេះ ដោយជំហានបន្ទាប់នឹងអាចដាក់ឱ្យដំណើរការពីក្រុងប៉ោយប៉ែតឆ្ពោះមកក្រុងសិរីសោភ័ណបន្ថែមទៀត។ លោកបានគាំទ្រទាំងស្រុងចំពោះគម្រោងរថយន្តក្រុងនេះ និងបានអំពាវនាវដល់ប្រជាពលរដ្ឋប្រើប្រាស់សេវានេះទាំងអស់គ្នា។

ការធ្វើដំណើរពីក្រុងប៉ោយប៉ែត ទៅស្រុកម៉ាឡៃមានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ។ ទីតាំងចំណតបានរៀបចំរួចជាស្រេចហើយ អាចដំណើរការអាចដើមឆ្នាំក្រោយនេះ។

លោកបញ្ជាក់ទៀតថា នេះគឺជាដំណឹងល្អ សម្រាប់ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ពិសេសប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃ ប្រសិនចង់ធ្វើដំណើរទៅកាន់គោលដៅណាមួយនឹងមិនអស់ថវិកាឡើយ៕






