ដោយៈ រ៉ាណេត
ព្រះសីហនុៈ អនុវត្តន៍តាមគោលការណ៍ និងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានដឹកនាំកម្លាំងមន្ត្រីជំនាញ ចុះពិនត្យមើលការដ្ឋានសាងសង់បណ្តាញហេដ្ឋារចនាសម្ព័ន្ធនៅទូទាំង ខេត្តព្រះសីហនុជាប់ជាប្រចាំដើម្បីឱ្យប្រាកដថា ការសាងសង់នឹងត្រូវបានធ្វើតាមគម្រោង និងបញ្ចប់ទៅតាមផែនការ។

-->
កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញនេះ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជា សុផារ៉ា ដែលអមដំណើរដោយលោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញចុះត្រួតពិនិត្យការដ្ឋាននានា ដែលកំពុងតែមានសកម្មភាពយ៉ាងសកម្ម ក្នុងការឈូសឆាយ កាយដីស្អុយ ដើម្បីស្ដារនិងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងខេត្ត ដើម្បីប្រាកដថា មានគុណភាពខ្ពស់ និងត្រូវបានបញ្ចប់ទៅតាមគម្រោងដែលគ្រោងទុក។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យបានមានប្រសាសន៍ប្រាប់តាមបណ្តាញសារអេឡិចត្រូនិចកាលព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា “នៅរសៀលថ្ងៃទី២ ខែធ្នូ ម្សិលមិញនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា លោកបានដឹកនាំកម្លាំងជំនាញដែលពាក់ព័ន្ធ ចុះត្រួតពិនិត្យមើលពីវឌ្ឍនភាពការងារ នៃការអនុវត្តស្ថាបនាផ្លូវទាំង ៣៤ខ្សែ ជាមួយនឹងការណែនាំដល់អ្នកជំនាញសាងសង់ ត្រូវតែមានគុណភាព ធានាការប្រើប្រាស់បានយូរ និងបង្កើនសោភ័ណភាព បរិស្ថានខេត្តព្រះសីហនុ ដើម្បីទាក់ទាញអ្នកវិនិយោគ និងទេសចរណ៍មកខេត្តមាត់សមុទ្រកាន់តែច្រើនឡើង។

លោកបានបន្តទៀតថា “បច្ចុប្បន្ននេះរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តបាននិងកំពុងបន្តខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ទូទាំងខេត្តព្រះសីហនុ ដែលមានចំនួន ៣៤ខ្សែ ប្រវែងសរុបចំនួន ៨៤.៥០៥គីឡូម៉ែត្រ ដោយផ្លូវទាំងអស់នេះ ត្រូវតែប្រាកដថាការស្ថាននា ឡើងប្រកបដោយគុណភាព និងសោភ័ណភាព ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់យើង៕