ដោយ Donald Lee
ភ្នំពេញៈ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កំពុងស្ថិតក្នុងភាពប្រាកដប្រជា ដែលអាចឈានដល់ការដួលរលំ បន្ទាប់ពីជប៉ុនបានបង្ហាញសញ្ញាថា ខ្លួននឹងដកខ្លួនចេញ ប្រសិនបើឥណ្ឌាដកខ្លួនចេញពីប្លុកពាណិជ្ជកម្មនៃ RCEP នេះ។

ប្លុកពាណិជ្ជកម្មដែលមានអាស៊ាន និងប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ីប៉ាស៊ីហ្វិកត្រូវបានកំណត់ថា ធំជាងសហភាពអឺរ៉ុបនិងមានចំនួនប្រជាជនពាក់កណ្តាល នៃចំនួនប្រជាជនពិភពលោក និងរួមបញ្ចូលជាង៣០ ភាគរយនៃផលិតផលសរុបក្នុងស្រុក (GDP)លើពិភពលោក។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានចេញផ្សាយរបាយការណ៍មួយដោយបញ្ជាក់ថា អ្នកចរចាពាណិជ្ជកម្មជប៉ុន សុខចិត្តដកខ្លួនចេញពីប្លុកពាណិជ្ជកម្ម ប្រសិនបើឥណ្ឌាមិនត្រូវបានរាប់បញ្ចូល។
របាយការណ៍នេះបានឱ្យដឹងថា “ជោគវាសនារបស់RCEP អាចនឹងផ្លាស់ប្តូរជាថ្មីម្តងទៀត ជាមួយអ្នកចរចាកំពូលរបស់ជប៉ុននិយាយ កាលពីថ្ងៃសុក្រថា ប្រទេសខ្លួនមិនបានពិចារណា ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដោយគ្មានប្រទេសឥណ្ឌានោះទេ”។
ប្រទេសឥណ្ឌាបានដកខ្លួនចេញពីការចរចារ RCEP កាលពីខែ វិច្ឆិកា ដោយបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់នេះ នឹងធ្វើឱ្យអន្តរាយដល់សេដ្ឋកិច្ចរបស់ខ្លួន។
នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានជឿជាក់ថា ការចូលរួមក្នុងប្លុកពាណិជ្ជកម្មនេះ មិនសមស្របនឹងផលប្រយោជន៍របស់ប្រទេសលោកទេ។ ក្តីបារម្ភចំបងគឺផ្តោតជុំវិញទំនិញចិន ដែលមានតម្លៃថោកជន់លិចទីផ្សារឥណ្ឌា និងធ្វើឱ្យក្រុមហ៊ុនផលិតក្នុងស្រុករងផលប៉ះពាល់។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NDTV ដែលមានមូលដ្ឋាននៅឥណ្ឌាកាលពីខែ វិច្ឆិកា លោក Modi បាននិយាយថា “នៅពេលដែលខ្ញុំគិតគូទំហំប្រយោជន៍ នៃកិច្ចព្រមព្រៀង RCEP របស់ប្រជាជនឥណ្ឌាទាំងអស់ ខ្ញុំមិនទទួលបានចម្លើយវិជ្ជមានទេ។ ដូច្នេះមនសិការផ្ទាល់ខ្លួនមិនអនុញ្ញាតឱ្យខ្ញុំចូលរួមជាមួយ RCEP ឡើយ”។
រដ្ឋាភិបាលក្រុងប៉េកាំងបានរិះគន់ការជឿជាក់ថា ទំនិញចិននឹងជន់លិចទីផ្សាររបស់សមាជិក នៅពេលចិនបានអនុវត្តតាមច្បាប់ពាណិជ្ជកម្មទាំងអស់ ក្រោមគោលការណ៍ណែនាំរបស់អង្គការពាណិជ្ជកម្មពិភពលោក។ ទីក្រុងប៉េកាំងក៏បានកត់សម្គាល់ផងដែរថា បណ្តាប្រទេស ដូចជា ឥណ្ឌាមើលស្រាលចំពោះសក្តានុពល នៃការទទួលបានទីផ្សារដ៏ធំរបស់ចិន។
របាយការណ៍របស់ Global Times បានលើកឡើងថា “ការយល់ឃើញថានៅពេលដែលកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា ផលិតផលចិននឹងហូរចូលទៅក្នុងប្រទេសផ្សេងទៀតគឺជាជំហរតែម្ខាង ឬជារោគសញ្ញានៃជំងឺរវើរវាយ”។ របាយការណ៍ដដែលបានកត់សំគាល់ថា “បន្ទាប់ពីនេះ ចិនចាំបាច់ត្រូវគោរពតាមគោលការណ៍ពាណិជ្ជកម្មដូចគ្នាដើម្បីបើកទីផ្សាររបស់ខ្លួនបន្ថែមទៀត។ គ្មាននរណាម្នាក់ជំទាស់ថា ចិនមានទីផ្សារសក្តានុពលដ៏ធំមួយ ដែលជាចំណុចលក់ដ៏សំខាន់មួយសម្រាប់ RCEP ដែលស្នើឡើងដោយអាស៊ាននោះទេ”។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបានបង្ហាញថា ជប៉ុនដែលជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី៣នៅលើពិភពលោក បានចាប់ផ្តើមធ្លាក់ចុះនៅក្នុងត្រីមាសទី៣ ដោយមានអត្រាកំណើនផលិតផលក្នុងស្រុកសរុប០,២ ភាគរយ។
យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានអោយដឹងថា សេដ្ឋកិច្ចជប៉ុននឹងត្រូវបានជាប់គាំងនៅឆ្នាំ២០២០ ខណៈដែលប្រទេសនេះ បន្តកំណើនយឺតនៅចុងឆ្នាំនេះ។
IMF បានទម្លាក់ការព្យាករណ៍ កំណើនសេដ្ឋកិច្ចរបស់ជប៉ុនម្តងទៀតនៅឆ្នាំនេះ ដោយថយចុះពីកំនើន,៩ភាគរយ មកនៅត្រឹម០,៨ភាគរយ។
IMF បានណែនាំជប៉ុនឱ្យកាត់បន្ថយភាពតានតឹង ពាណិជ្ជកម្មបច្ចុប្បន្នជាមួយកូរ៉េខាងត្បូង ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចជប៉ុន ដែលធ្វើឱ្យប៉ះពាល់ដល់សង្វាក់តម្លៃសកលថែមទៀត។
IMF បានណែនាំថា “ភាពតានតឹងពាណិជ្ជកម្មសកល ដែលកំពុងបន្ត និងការកើនឡើងបន្ថែមទៀត អាចកាត់បន្ថយការនាំចេញការវិនិយោគ និងកំណើនសុទ្ធរបស់ជប៉ុន រួមទាំងផលប៉ះពាល់ដោយផ្ទាល់ និងប្រយោល តាមរយៈខ្សែសង្វាក់តម្លៃពិភពលោក និងការជះឥទ្ធិពលមិនល្អដល់វិស័យហិរញ្ញវត្ថុរបស់ជប៉ុន”៕






