
ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានប្រកាស ផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ២.៤០៥.០០០.០០០ យ៉េន ស្មើនឹងប្រមាណ២២លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង “ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តពោធិ៍សាត់” ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងនៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៩ នេះបានឱ្យដឹងថា លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាត និងលោក មិកាមិ ម៉ាសាស៊ីរ៉ូ ឯកអគ្គរាជទូតជាប៉ុនប្រចាំនៅកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារនៃការផ្តល់ហិរញ្ញប្បទានឥតសំណងនេះ នៅព្រឹកថ្ងៃទី៤ ខែធ្នូឆ្នាំ ២០១៩ ស្អែកនេះ ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលបន្តថា ការផ្តល់ហិរញ្ញប្បទានឥតសំណងនេះ គឺជាការបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ប្រទេសជប៉ុន ក្នុងការរួមចំណែកធ្វើឱ្យប្រសើរឡើងនូវបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជាជាពិសេសទឹស្អាត៕





