មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កប់​ពពក​ Royal​ One​ បាន​ចាប់ផ្តើម​សាងសង់​ជា​ផ្លូវការ​

0

ដោយ​ វុត្ថា​

ភ្នំ​ពេញៈ​ ដូច​ការ​គ្រោងទុក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ លំដាប់​ពិភពលោក​ ​Royal​ One​ ​ដែល​ជា​អគារ​ភ្លោះ​កំពស់ ៦៨ជាន់​ របស់​អ្នកឧកញ៉ា​គិត​ ម៉េ​ង ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ បាន​ចាប់ផ្តើម​បើក​ការ​ដ្ឋាន​សាង់​សាង់​ជា​ផ្លូវការ​ បន្ទាប់ពី​ស្វែងរក​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​សាងសង់​បាន​។

នៅក្នុង​បរិវេណ​ការ​រដ្ឋា​ននៃ​អគារ​ភ្លោះ​ពាណិជ្ជកម្ម​ Royal​ One​ នៅ​ថ្ងៃទី៤ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ នេះ​ គេ​សង្កេតឃើញ​មាន​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ SH​ Tech​ ​បាន​នឹង​កំពុង​ដំណើរ​សាងសង់​របស់​ខ្លួន​។ កាលពី​ម្សិលមិញ​នេះ​ផង​ដែរ​ គេ​ឃើញ​មានការ​រៀបចំ​ពិធី​ក្រុងពាលី​បុក​គ្រឹះ​សង​អគារ​នេះ​ ដោយមាន​ការចូលរួម​ពី​ម្ចាស់​អគារ​ និង​កម្មករ​សំណង់​ជាច្រើន​នាក់​នៅក្នុង​ការ​រដ្ឋា​ននៃ​អគារ​។

អ្នកឧកញ៉ា​ គិត​ ម៉េ​ង ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ Royal​ Group​ និង​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​សហការ​រួមគ្នា​ជាមួយ​វិនិយោគិន​ចិន​ បោះទុន​ទឹកប្រាក់​ចំនួន២៣០លាន​ដុល្លារ​ សាង​សាង់​អគារ​ភ្លោះ​ពាណិជ្ជកម្ម​កំពស់៦៨ជាន់​នេះ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​លើ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ និង​មហា​វិ​ថី​មន្នី​វង្ស​ ព្រមទាំង​ស្ថិតនៅ​ក្នុង​តំបន់​ពាណិជ្ជកម្ម​ និង​ប្រជុំ​ដោយ​អគារ​ខ្ពស់​ៗដូចជា​ អគារ​កា​ណា​ឌី​យ៉ា​ អគារ​វឌ្ឍនៈ​ថៅវើរ​ រួម​ទាំង​អគារ​ Exchange​ Square​ ជាដើម​។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ Royal​ One​ នឹង​មាន​សេវាកម្ម​ចម្រុះ​ដូចជា​ ខុន​ដូ​ ផ្សារ​ទំនើប​ សណ្ឋាគារ​ ក្លឹប​កំសាន្ត​ ក្លឹប​ហាត់ប្រាណ​ ភោជនីយដ្ឋាន​ និង​មជ្ឍ​មណ្ឌល​កំ​សាន្ត​ផ្សេង​ៗជាដើម​។

គំរោង​នេះ​សាងសង់​លើ​ផ្ទៃដី​ទំហំ ៤​,០៣៦ម៉ែត្រការ៉េ​ និង​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន៥ឆ្នាំ​។ ក្រុមហ៊ុន​ Royal​ Group​ ធ្លាប់​បាន​បង្ហាញ​ភាព​ជឿជាក់​ថា​ វត្តមាន​អគារ​ភ្លោះ​ដ៏​ប្រណិត​នេះ​ នឹង​ចូលរួម​ចំណែក​នៃ​មោទនភាព​ជាតិ​របស់​កម្ពុជា​ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​សមត្ថភាព​ និង​ភាព​រីកចម្រើន​របស់​មាតុប្រទេស​ និង​ផ្សព្វផ្សាយ​លើ​ឆាក​អន្ដរ​ជាតិ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here