ក្រសួងព័ត៌មាន​នឹង​មាន​អគារ​ខ្ពស់​ជាងគេ​ក្នុងចំណោម​ស្ថាប័ន​នានា​របស់​រដ្ឋាភិបាល

0

​ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ គម្រោង​សាងសង់​អគារ​ទីស្ដីការ​ក្រសួងព័ត៌មាន​ដែល​មា​នក​ម្ពុស់១៤ជាន់​ ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ជួយ​សម្រួល​ដល់​ការងារ​ផ្នែក​រដ្ឋបាល​ទូទៅ​ ក៏ដូចជា​សម្រាប់​មន្ត្រី​ក្រសួងព័ត៌មាន​បំពេញការងារ​ផង​ដែរ​នោះ​ បាន​ចាប់ផ្តើម​បុក​គ្រឹះ​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​ហើយ​ ។

បន្ទាប់ពី​មើលឃើញ​ជាក់ស្ដែង​ពី​សភាព​ចាស់​ទ្រុឌទ្រោម​នៃ​អគារ​ការិយាល័យ​នានា​របស់ក្រ​សួង​ព័ត៌មាន​ រដ្ឋាភិបាល​ ក្រោម​ការ​ចង្អុលបង្ហាញ​ពីសំណាក់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នៅ​ត្រឹម​ព្រឹក​ថ្ងៃទី៤​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ គម្រោង​សាងសង់​អគារ​ទីស្ដីការ​ក្រសួងព័ត៌មាន​ដែល​មាន​កម្ពស់១៤ជាន់​ ត្រូវ​បាន​បុក​គ្រឹះ​បើក​សម្ពោធ​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​ក្រោម​អធិបតី​របស់​លោក​ ខៀវ​ កា​ញ៉ា​រី​ទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ រួម​ជាមួយនឹង​មន្ត្រី​ក្រោម​ឱវាទ​ជាច្រើន​នាក់​។

អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ព័ត៌មាន​ និង​សោតទស្សន៍​ លោក​ ផុស​ សុវណ្ណ​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី៤​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ថា​ តាម​គម្រោង​អគារ​ទី​ស្តី​ការក្រ​សួង​ថ្មី​ដែល​មាន​កម្ពស់១៤ជាន់​នេះ​ត្រូវ​ចំណាយ​រយៈពេល​សាងសង់​ចំនួន​ ២៤ខែ​ ដែល​ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុមហ៊ុន​ក្នុង​ស្រុក​ ឃុន​ សៀ​ ឌីវើ​ឡុប​មេន​ គ្រុប​ ជា​អ្នកទទួល​ខុសត្រូវ​លើ​ការសាងសង់​។

លោក​បាន​បន្ត​ទៀត​ថា​ “ខ្ទង់​ថវិកា​ចំណាយ​លើ​ការសាងសង់​អគារ​នេះ​ គឺ​រដ្ឋាភិបាល​ជា​អ្នករ៉ាប់រង​ ដើម្បី​ធ្វើការ​ដោះដូរ​ពី​ការ​អគារ​ចាស់​ដែល​មាន​ទំហំ​តូច​ មក​ជា​អគារ​ថ្មី​ រឹងមាំ​ និង​មាន​ទំហំ​ធំ​ទូលាយ​ជាង​មុន​ដែល​អាច​ផ្តល់​ភាព​ងាយស្រួល​ដល់​មន្ត្រី​រាជការ​របស់ក្រ​សួង​ទាំងមូល​បំពេញការងារ​ ជាពិសេស​មាន​ទីកន្លែង​ទុកដាក់​ឯកសារ​សំ​ខាន់​ៗ ក៏ដូចជា​ឧបករណ៍​ សម្ភារៈ​បច្ចេកទេស​ក្នុង​ការប្រើ​ប្រាស់​សម្រាប់​បម្រើ​ផលប្រយោជន៍​ដល់​ការ​ផ្សព្វផ្សាយ​សារព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ប្រចាំ​ប្រទេស​។

លោក​បាន​បញ្ជាក់​ថា​ “កាលពីមុន​ក្រសួងព័ត៌មាន​គឺ​មាន​ភាព​លំបាក​ក្នុង​ការ​ខ្វះខាត​បន្ទប់​សម្រាប់​មន្ត្រី​បម្រើការ​ងារ​ ប៉ុន្តែ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​ ភាព​ងាយស្រួល​នឹង​កើតមាន​ ជាពិសេស​ ជាមួយនឹង​វត្តមាន​ថ្មី​នៃ​អគារ​នេះ​ នឹង​មាន​អគ្គនាយក​ដ្ឋាន​សំ​ខាន់​ៗចំនួន២​ តាំងនៅ​ក្នុង​អគារ​នេះ​ រួម​ជាមួយនឹង​ការិយាល័យ​របស់​មន្ត្រី​ដែល​ជា​ថ្នាក់ដឹកនាំ​របស់ក្រ​សួង​ព័ត៌មាន​ជាច្រើន​នាក់​ទៀតផង​ដែរ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here