រដ្ឋាភិបាល​ត្រៀម​ចំណាយ​ជិត​ ៩០០លាន​ដុល្លារ​សម្រាប់​អនុវត្ត​ផែនការ​សកម្មភាព​ឆ្នាំ២០២០​

0
រដ្ឋាភិបាល​កម្ពុជា​ឆ្លើយតប​ទៅកាន់​សហភាព​អឺរ៉ុប​ពាក់ព័ន្ធ​នឹង​បញ្ហា​ EBA​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ សម្រាប់​ឆ្នាំ២០២០ខាងមុខនេះ​ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ នៅ​ថ្នាក់ក្រោម​ជាតិ​ (គ.ជ.អ.ប​) ដែល​មាន​សម្ដេច​ក្រឡាហោម​ ស ខេង​ ឧបនាយក​រដ្ឋ​មន្ដ្រី​ រដ្ឋ​មន្ដ្រី​ក្រសួងមហាផ្ទៃ​ ជា​ប្រធាន​ បាន​ព្រាង​គម្រោង​ចំណាយ​ថវិកា​សរុប​ចំនួន​ជិត៩០០លាន​ដុល្លារ​ ដែល​ក្នុង​នោះ​ថវិការដ្ឋ​ប្រមាណ ៩៥ភាគរយ​ និង​ថវិកា​រួមចំណែក​ពី​ដៃគូ​អភិវឌ្ឍ​ប្រមាណ៥ភាគរយ​។

ថវិកា​សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ មាន​ចំនួន​ប្រមាណ​ជាង ៣​,៤ទ្រី​លាន​រៀល​ ឬមាន​ចំនួន​ប្រមាណ​ជាង ៨៥៥លាន​ដុល្លារ​អាមេរិក​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០១៩​ ថវិកា​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឆ្នាំ២០២០ខាងមុខនេះ​ មាន​ចំនួន​កើនឡើង​ប្រមាណ​ជិត​ ១,១ទ្រី​លាន​រៀល​ ឬមាន​ចំនួន​ប្រមាណ​ជាង២៧៦លាន​ដុល្លារ​អាមេរិក​ ដោយសារ​ការ​បង្កើន​អត្រា​ចូលរួម​ពី​ថវិការដ្ឋ​ ទៅ​ក្នុង​មូលនិធិ​ឃុំ​ សង្កាត់​ មូលនិធិ​ក្រុង​ ស្រុក​ និង​ការបង្កើត​ឲ្យ​មាន​នូវ​ ប្រភព​ចំ​ណូល​ផ្សេង​ៗទៀត​សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។

រដ្ឋ​មន្ដ្រី​ក្រសួង​មុខងារ​សាធារណៈ​ លោក​ពេជ្រ​ ប៊ុ​នធិន​ បាន​មានប្រសាសន៍​នៅក្នុង​ពិធី​បើក​អង្គ​សិក្ខាសាលា​កាលពី​ថ្ងៃទី៥​ ខែធ្នូ​ ឆ្នាំ២០១៩​ នេះ​ថា​ “សេចក្តី​ព្រាង​បឋម​នៃ​ផែនការ​សកម្មភាព​ និង​ថវិកា​ឆ្នាំ២០២០នេះ​ បាន​រៀបចំឡើង​ដោយ​ផ្អែក​ទៅលើ​គម្រោងថវិកា​សរុប​ប្រមាណ​ជាង៣​,៥ទ្រី​លាន​រៀល​ ស្មើនឹង​ប្រមាណ៨៥៥លាន​ដុល្លារ​អាមេរិក​ ដែល​ក្នុង​នោះ​ថវិការដ្ឋ​ប្រមាណ​ជិត​ ៩៥​ ភាគរយ​ និង​ថវិកា​ចូលរួម​ចំណែក​ពី​ដៃគូ​អភិវឌ្ឍន៍​ប្រមាណ​ជាង៥ភាគរយ​។

លោក​បាន​បន្ត​ទៀត​ថា​ ចំនួន​ថវិកា​នេះ​ នៅ​ពុំ​ទាន់បាន​គិត​បញ្ចូល​នូវ​ថវិកា​ ដែល​ត្រូវ​ផ្ទេរ​សម្រាប់​អនុវត្ត​មុខងារ​នានា​ ដែល​បាន​ផ្ទេរ​ទៅ​ឲ្យ​រដ្ឋបាល​ ថ្នាក់ក្រោម​ជាតិ​ ជាពិសេស​មុខងារ​ដែល​ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​រដ្ឋបាល​ក្រុង​ ស្រុក​ ខណ្ឌ​ស្រប​នឹង​ការរៀបចំ​រចនាសម្ព័ន្ធ​គ្រប់គ្រង​ថ្មី​របស់​រដ្ឋបាល​ក្រុង​ ស្រុក​ ខណ្ឌ​តាម​គោលការណ៍​ នៃ​រដ្ឋបាល​ឯកភាព​ និង​មុខងារ​ក្នុង​វិស័យ​សុខាភិបាល​ ដែល​ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​រដ្ឋបាល​រាជធានី​ ខេត្ត​ តាមរយៈ​អនុក្រឹត្យ​ ដែល​បាន​ដាក់ចេញ​នា​ពេល​ថ្មី​ៗនេះ​។

ឆ្នាំ២០២០ខាងមុខនេះ​ គឺជា​ឆ្នាំទី២​ នៃ​ការអនុវត្ត​យុទ្ធ​សាស្រ្ត​ចតុកោណ​ដំណាក់កាល​ទី៤​ របស់​រាជរដ្ឋាភិបាល​នៃ​នីតិកាល​ទី៦នៃ​រដ្ឋសភា​ ជា​ឆ្នាំ​ចុងក្រោយ​នៃ​ផែនការ​អនុវត្ត​ដំណាក់កាល​ទី៣​ របស់​គ.ជ.អ.បនិង​ជា​ឆ្នាំ​ចុងក្រោយ​នៃ​ការអនុវត្ត​កម្មវិធី​ជាតិ​ សម្រាប់​ការ​អភិវឌ្ឍ​ការ​អភិវឌ្ឍ​ តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ (២០១០​-២០២០​) ហើយក៏​ជា​ឆ្នាំ​ដែល​ គ.ជ.អ.ប​ ត្រូវ​គិតគូរ​អំពី​ការរៀបចំ​កម្មវិធី​ជាតិ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here