ដោយ គង់ សូរិយា
ភ្នំពេញ៖ វិនិយោគិនខ្មែរមួយរូបគ្រោងបោះទុនវិនិយោគ២០លានដុល្លារ ដើម្បីពង្រីកម៉ាតរបស់ខ្លួន ឲ្យបាន៣០០ទីតាំងនៅ១០ឆ្នាំខាងមុខ ខណៈលោកបានទិញសិទ្ធិអាជីវកម្មឬ Franchise ហាងម៉ាតពីអាមេរិកឈ្មោះថា ស៊ីខល ខេ (Circle K)។
លោក ណម តុង ជាអ្នកនាំចូលសិទ្ធិអាជីវកម្មនេះបានថ្លែងក្នុងពិធីសម្ភោធហាងរបស់ខ្លួនកាលពីម្សិលម៉ិញនេះថា លោកមានគំរោងពង្រីកហាងនេះឲ្យបាន ប្រមាណ៤០ហាងនៅដំណាច់ឆ្នាំនេះ ខណៈដែលបច្ចុប្បន្នហាងទំនិញម៉ាកនេះ មានចំនួន៣ទីតាំងហើយនៅទីក្រុងភ្នំពេញ។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោកគឹម ស៊ីថនបានមានប្រសាសន៍ថា ដោយសារមានការជឿជាក់លើស្ថានភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា វិនិយោគបរទេស និងក្នុងស្រុកជាច្រើនបានបន្តចូលនិងបណ្ដាក់ទុនវិនិយោគលើអាជីវកម្មផ្សេងៗ ក្នុងនោះក៏មានក្រុមហ៊ុនម៉ាកល្បីៗជាច្រើនបានមកនិងកំពុងតែមកបណ្ដើរៗពីសហរដ្ឋអាមេរិក ជាក់ស្ដែងដូចក្រុមហ៊ុនហាងទំនិញនេះជាដើម។
លោកបន្តថា “កាលពីឆ្នាំមុនមានម៉ាកល្បីៗចំនួន៩៩ ត្រូវបានម្ចាស់ម៉ាកទាំងនោះ ប្រគល់សិទ្ធិឲ្យក្រុមហ៊ុនក្នុងស្រុកគ្រប់គ្រង និងបែងចែកលក់បន្តក្នុងនាមជាម្ចាស់ម៉ាក”។
អគ្គរដ្ឋទូតនៃសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក William A.Heidt បានថ្លែងថា ម៉ាកល្បីៗរបស់អាមេរិកជាច្រើនទៀត នឹងមានវត្តមាននៅប្រទេសកម្ពុជា ដើម្បីធ្វើអាជីវកម្មរួមគ្នាជាមួយនឹងវិនិយោគិនខ្មែរ៕