អ្នកវិនិយោគក្នុងស្រុកបោះទុន២០លានដុល្លារនាំហាងម៉ាតរបស់អាមេរិកចូលកម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ វិនិយោគិនខ្មែរមួយរូបគ្រោងបោះទុនវិនិយោគ​២០លានដុល្លារ ដើម្បីពង្រីកម៉ាតរបស់ខ្លួន ឲ្យបាន៣០០ទីតាំងនៅ១០ឆ្នាំខាងមុខ ខណៈលោក​បានទិញសិទ្ធិអាជីវ​កម្ម​ឬ Franchise ហាង​ម៉ា​ត​ពីអា​មេរិកឈ្មោះថា ស៊ីខល ខេ (Circle K)។

លោក ណម តុង ជាអ្នកនាំចូលសិទ្ធិអាជីវកម្មនេះបានថ្លែងក្នុងពិធី​សម្ភោធ​ហាងរបស់ខ្លួនកាលពីម្សិលម៉ិញនេះថា លោកមានគំរោងពង្រីកហាងនេះឲ្យបាន​ ប្រមាណ៤០ហាងនៅដំណាច់ឆ្នាំនេះ ខណៈដែល​បច្ចុប្បន្នហាងទំនិញម៉ាកនេះ មានចំនួន៣ទីតាំងហើយនៅទីក្រុងភ្នំពេញ។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោកគឹម ស៊ីថនបាន​មាន​ប្រសាសន៍ថា ដោយសារមានការជឿជាក់លើស្ថានភាពនយោបាយ ​និង​សេដ្ឋកិច្ចរបស់កម្ពុជា វិនិយោគបរទេស និងក្នុងស្រុកជាច្រើនបានបន្តចូលនិង​បណ្ដាក់ទុនវិនិយោគ​លើអាជីវកម្មផ្សេងៗ ក្នុងនោះក៏មានក្រុមហ៊ុនម៉ាកល្បីៗ​ជា​ច្រើនបានមកនិងកំពុ​ង​តែមកបណ្ដើរៗពីសហរដ្ឋអាមេរិក ជាក់ស្ដែងដូចក្រុម​ហ៊ុន​ហាងទំនិញនេះ​ជាដើ​ម។

លោកបន្តថា “កាលពីឆ្នាំមុន​មានម៉ាកល្បីៗចំនួ​ន៩៩ ត្រូវបានម្ចាស់​ម៉ាក​ទាំងនោះ ប្រគល់សិទ្ធិឲ្យក្រុមហ៊ុនក្នុងស្រុកគ្រប់គ្រង និង​បែងចែកលក់បន្តក្នុ​ង​នាមជាម្ចាស់ម៉ាក”។

អគ្គរដ្ឋទូតនៃសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក William A.Heidt ​បានថ្លែង​ថា ម៉ាកល្បីៗរបស់អាមេរិកជាច្រើនទៀត នឹងមានវត្តមាននៅប្រទេសកម្ពុជា ដើម្បីធ្វើអាជីវកម្មរួមគ្នាជាមួយនឹង​វិនិយោគិន​ខ្មែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here