រដ្ឋាភិបាល​កំពុង​ត្រៀមខ្លួន​គាំទ្រ​ដល់​សេដ្ឋកិច្ច​ឌីជីថល​និង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី៤​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បាន​និង​កំពុងធ្វើការ​ ដើម្បី​ត្រៀមខ្លួន​គាំទ្រ​ដល់​សេដ្ឋកិច្ច​ឌីជីថល​ និង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី៤​ ក្នុង​នោះ​ការ​កសាង​បទដ្ឋាន​គតិ​យុត្ត​ ការ​តភ្ជាប់​ឌីជីថល​ ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ សន្តិសុខ​ព័ត៌មាន​ ការ​អភិវឌ្ឍ​វិស័យ​ប្រៃសណីយ៍​ ដើម្បី​ទ្រទ្រង់​ដល់​ឡូ​ជី​ស្ទិ​ក (Logistic​)។

លោក​ ត្រាំ​ អ៊ី​វតឹ​ក រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ នៅក្នុង​ជំនួប​ជាមួយ​ លោកស្រី​ Boutheina​ Guermazi​ នាយក​នៃ​នាយកដ្ឋាន​ការ​អភិវឌ្ឍ​ផ្នែក​ឌីជីថល​ នៃ​ធនាគារពិភពលោក​ នៅ​ថ្ងៃទី៦​ ខែធ្នូ​ ឆ្នាំ​ ២០១៩នេះ​ថា​ ក្រសួង​បាន​ទទួល​ភារកិច្ច​ពី​រាជរដ្ឋាភិបាល​ ក្នុង​ការរៀបចំ​ក្របខណ្ឌ​រដ្ឋាភិបាល​ឌីជីថល​ និង​បាន​យកចិត្ត​ទក​ដាក់​ផង​ដែរ​ ពី​សារ:សំខាន់​ ក្នុង​ការ​បង្កើន​ការ​បណ្តុះបណ្តាល​ចំណេះដឹង​ឌីជីថល​ផង​ដែរ​។

ក្រសួង​ក៏បាន​ផ្តោត​លើ​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ បណ្តាញ​ទូរស័ព្ទចល័ត​ និង​អ៊ីនធឺណិត​ រហូតដល់​ជនបទ​ ក្នុង​គុណភាព​ល្អ​ និង​តម្លៃ​សមរម្យ​ ដែល​សម្រាប់​ប្រទេស​កម្ពុជា​ តម្លៃ​អ៊ីនធឺណិត​ ស្ថិត​ក្នុង​ប្រទេស​ដែល​មានតម្លៃ​អ៊ីនធឺណិត​ធូរ​ថ្លៃជាង​គេ​ នៅ​លើ​ពិភពលោក​។ ស្រប​ពេល​ជាមួយគ្នា​ ការ​ពង្រឹង​សន្តិសុខ​ព័ត៌មាន​វិទ្យា​ ក៏​ជាស​រស​រស្តម្ភ​មួយ​ដែល​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​សង្គម​ឌីជីថល​។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា​ ក្រសួង​បាន​កំពុង​ខិតខំ​បង្កើន​ការ​គ្រប​ដណ្តប់​ នៃ​បណ្តាញ​អ៊ីនធឺណិត​ និង​បណ្តុះបណ្តាល​ផ្នែក​ឌីជីថល​ នៅ​តាម​ជនបទ​តាម​រយ:មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍​ (មូលនិធិ​ ក.ស.ទ​.-USO​ Fund​) និង​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព​ ការស្រាវជ្រាវ​ និង​ការ​អភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍​ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​(មូលនិធិ​ ស.អ​.-CBRD​ Fund​) ក៏ដូចជា​គម្រោង​ភូមិ​ឌីជីថល​ ដើម្បី​ធានា​នូវ​បរិ​យា​ប័ន្ននៃ​ការ​ទទួល​នូវ​សេវា​នេះ​ ព្រមទាំង​បាន​យកចិត្ត​ទុកដាក់​ លើ​សុវត្ថិភាព​នៃ​ការប្រើ​ប្រាស់​ប្រព័ន្ធ​នេះ​ ពិសេស​ការ​ការពារ​ដល់​កុមារ​លើ​ការប្រើ​ប្រាស់​អន​ឡាញ​ផង​ដែរ​។

លោក​ត្រាំ​ អ៊ី​វតឹ​កបាន​បញ្ជាក់​ទៀត​ថា​ ដើម្បី​ឆ្លើយតប​នឹង​ការ​រីក​ដុះដាល​នៃ​វិស័យ​ពាណិជ្ជកម្ម​អេ​ឡិក​ត្រូ​និក​ ការ​អភិវឌ្ឍ​វិស័យ​ប្រៃសណីយ៍​ ក៏​ត្រូវ​បាន​យកចិត្ត​ទុកដាក់​ក្នុង​ការពង្រីក​សេវាកម្ម​នេះ​កាន់តែ​សំបូរ​បែប​ ដើម្បី​សម្រួល​ដល់​សេវា​ឡូ​ជី​ស្ទិ​ក(Logistic​) និង​ការពង្រីក​សេវាកម្ម​ប្រៃសណីយ៍​ ទៅលើ​ផ្នែក​ផ្សេង​ៗទៀត​ ដូចជា​ផ្នែក​ធានារ៉ាប់រង​ និង​ហិរញ្ញវត្ថុ​ផង​ដែរ​។

លោកស្រី​ Boutheina​ Guermazi​ នាយក​នៃ​នាយកដ្ឋាន​ការ​អភិវឌ្ឍ​ផ្នែក​ឌីជីថល​ នៃ​ធនាគារពិភពលោក​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការងារ​ ដែល​ក្រសួង​បាន​និង​កំពុង​ធ្វើ​ ហើយ​បាន​សន្យា​ថា​ នឹង​យក​ចំណុច​ទាំងនេះ​ទៅ​ពិនិត្យ​ ពិចារណា​ ជាមួយ​ធាតុ​ចូល​ ដែល​ទទួល​បាន​ពី​ក្រសួង​ផ្សេងទៀត​ ដើម្បី​រៀបចំ​វិស័យ​អាទិភាព​ ដែល​ធនាគារពិភពលោក​ នឹង​សហការ​ជាមួយ​កម្ពុជា​ ក្នុង​អភិក្រម​នៃ​វិស័យ​ទាំងមូល​ ប្រទាក់ក្រឡា​គ្នា​ និង​មាន​នូវ​បរិ​យា​ប័ន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here