កំណើន​យានយន្ត​កើនឡើង​ជិត២លាន​គ្រឿង​ បាន​ធ្វើ​ឱ្យ​ជំនន់​ចរាចរណ៍​កាន់តែ​អាក្រក់​នៅ​ក្រុងភ្នំពេញ

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ បច្ចុប្បន្ន​នេះ​ ការ​កកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​បាន​ក្លាយជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​ ដែល​រាជរដ្ឋាភិបាល​កំពុងតែ​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ ដើម្បី​បន្ធូរបន្ថយ​វិបត្តិ​មួយ​នេះ​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ តាមរយៈ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ដូចជា​ស្ពាន​អាកាស​ ​និង​ស្ពាន​ថ្មើរជើង​ជាដើម​ ខណៈ​ដែល​កំណើន​យានយន្ត​បាន​កើនឡើង​រហូតដល់​ជិត២លាន​គ្រឿង​។

ស្ទើរតែ​នៅ​គ្រប់​ទីកន្លែង​នៃ​រាជធានី​ភ្នំពេញ​ ជាពិសេស​នៅ​តាម​បណ្តា​ផ្លូវ​សំ​ខាន់​ៗនៃ​ជាយក្រុង​តែម្ដង​ កំពុងតែ​ជួប​នូវ​វិបត្តិ​ជំនន់​កកស្ទះ​ចរាចរណ៍​យ៉ាង​ណែនណាន់​តាន់តាប់​រាប់ម៉ោង​ ពោល​គឺ​ចាប់ពី​ម៉ោង​ ៦ៈ៣០នាទី​ រហូតដល់​ម៉ោង១០ព្រឹក​ ​និង​ពេលរសៀល​ចាប់ពី​អំឡុង​ម៉ោង​ ៥រហូតដល់​ម៉ោង​ ៧យប់​។

ចំណុច​ដែល​តែង​ជួប​វិបត្តិ​កកស្ទះ​ខ្លាំង​ គឺ​កើតមាន​នៅ​តំបន់​ស្ពាន​ជ្រោយ​ចង្វា​រ តំបន់​ស្ពាន​ព្រះមុនីវង្ស​ (ស្ពាន​ច្បារអំពៅ​) តំបន់​​ខេម​កូ​ស៊ី​ធី​ តំបន់​រង្វង់​មូល​ចោមចៅ​រួម​ជាមួយនឹង​បណ្តា​ផ្លូ​វធំៗ​មួយចំនួន​ទៀត​នៅក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ​។ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ លោក​ ស៊ុន​ ចាន់​ថុល​ បាន​មានប្រសាសន៍​កាលពី​ថ្ងៃទី៥​ ខែធ្នូ​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ថា​ ការ​កកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​ដែល​កំពុងតែ​កើតមាន​នេះ​ បច្ចុប្បន្ន​រដ្ឋាភិបាល​បាន​ព្យាយាម​រក​ដំណោះស្រាយ​ជាមួយនឹង​វិធីសាស្ត្រ​ជាច្រើន​ ដែល​ក្នុង​នោះ​មាន​ដូចជា​ការ​បង្កើន​ចំនួន​រថយន្តក្រុង​ និង​ការបង្កើត​ខ្សែ​រត់​បន្ថែម​ ការស្ថាបនា​ផ្លូវ​ថ្មើរជើង​ ការបង្កើត​ផ្លូវ​ក្រោម​ដី​ និង​ការសាងសង់​ស្ពាន​អាកាស​បន្ថែម​ជាដើម​។

លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “ការ​កកស្ទះ​ទាំងនេះ​គឺ​កើតឡើង​គួបផ្សំ​កត្តា​ជាច្រើន​ ដូចជា​កត្តា​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ក្រុង​តូច​ កត្តា​អ្នកបើកបរ​មិន​គោរពច្បាប់​អាទិភាព​ ជាពិសេស​កត្តា​នៃ​កំណើន​ចំណូល​របស់​ប្រជាពលរដ្ឋ​ដែល​អាច​មានលទ្ធភាព​ក្នុង​ការទិញ​យានយន្ត​ ដែល​រហូតមកដល់​ពេលនេះ​មាន​ចំនួន​កើនឡើង​រហូតដល់១,៨លាន​គ្រឿង​”។

លោក​បាន​បន្ត​ទៀត​ថា​ “នៅក្នុងចំណោម​យានយន្ត​ទាំង ១,៨លាន​គ្រឿង​នេះ​ មាន​រថយន្ត​ប្រមាណ​កន្លះ​លាន​ ម៉ូតូ​កង៣ប្រមាណ៤ម៉ឺន​គ្រឿង​ ហើយ​ក្រៅពី​នេះ​គឺ​ម៉ូតូ​ ខណៈ​ដែល​ចំនួន​ម៉ូតូ​ដែល​ត្រូវ​បាន​ដាក់​ចូល​ទីផ្សារ​ប្រមាណ​ ៣០ម៉ឺន​គ្រឿងក្នុង១ឆ្នាំ​”។

បច្ចុប្បន្ន​នេះ​ បន្ថែម​ពីលើ​ការ​កសាង​ស្ពាន​អាកាស​ និង​ស្ពាន​ថ្មើរជើង​ដែល​ជា​វិធីសាស្ត្រ​ក្នុង​ការ​ជួយ​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សិក្សា​ពី​គម្រោង​ស្ថាបនា​ផ្លូវ​សម្រាប់​អ្នកថ្មើរជើង​ និង​ផ្លូវ​សម្រាប់​ម៉ូតូ​នៅ​លើ​ចិញ្ចើម​ថ្លូ​វនៅ​បណ្តា​ខណ្ឌ​មួយចំនួន​ដែល​ជួប​បញ្ហា​កកស្ទះ​ខ្លាំង​។

បន្ថែម​ពីនេះ​ សម្ដេច​ តេជោ​ ហ៊ុន​ សែន​ ក៏បាន​បង្គាប់​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​សិក្សា​ និង​ស្វែ​ករ​កក្រុមហ៊ុន​អភិវឌ្ឍ​នានា​ ដើម្បី​សាងសង់​ទី​ចំណតរថយន្ត​នៅក្នុង​សួនច្បារ​ ឬក្រោម​ដី​ ដែល​អាច​ជួយ​ចូលរួម​កាត់បន្ថយ​បញ្ហា​ដែល​កំពុងតែ​ប្រឈម​មួយ​នេះ​ផង​ដែរ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here