ដោយ វុត្ថា
ភ្នំពេញ៖ មហាវិថីរាម មហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅក្នុងចំណោមផែនការផ្លូវ ៣៤ខ្សែ នឹងបើកឱ្យបងប្អូនធ្វើដំណើរជាបណ្តើរៗនាចុងខែធ្នូនេះ ដើម្បីសម្រួលចរាចរណ៍ចំពោះបងប្អូនដែលមានបំណង់ចូលមកកំសាន្តក្នុងក្រុងព្រះសីហនុនាឱកាសបុណ្បឆ្លងឆ្នាំសកលខាងមុខនេះ ។

-->
លោក គួច ចំរើន អភិបាល នៃអភិបាលខេត្តព្រះសីហនុ ក្នុងពិធីដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវទាំង៣៤ខ្សែនៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៩ នេះ បានឱ្យដឹងថា ចាប់ពីបានប្រកាសបើកកាដ្ឋានស្ថាបនាផ្លូវ កាលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតដល់ចុងខែធ្នូឆ្នាំ២០១៩ កន្លងមកនេះ ក្រុមហ៊ុនស្ថាបនាផ្លូវបានដំណើរការឈូសឆាយ កាយផ្លូវយ៉ាងសកម្មដើម្បីសម្រេចតាមផែនការកំណត់ និងប្រកបដោយគុណភាពខ្ពស់។
វិស័យសំណង់នៅក្នុងក្រុងព្រះសីហនុមានការរីកលូតលាស់យ៉ាងឆាប់រហ័ស ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ បានជួបនូវបញ្ហាប្រឈមមួយចំនួនដូចជា ហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ លូ អូរ ប្រឡាយ ទឹកស្អាត អគ្គិសនី កាកសំណល់ បរិស្ថាន និងចរាចរណ៍ជាដើមដែលជំរុញឱ្យរដ្ឋាភិបាលស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុ ចំនួន ៣៤ខ្សែ មានប្រវែង ៨៤.៥០៥គីឡូម៉ែត្រ ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាទាំងនេះ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានលើកឡើងថា ដោយសារតែបច្ចុប្បន្ននេះ ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ គឺមិនអាចប្រើប្រាស់បន្តទៀតបាន ដូច្នេះហើយទើបរដ្ឋាភិបាលត្រូវចាប់ផ្តើមកសាងឡើងវិញទាំងអស់ ដើម្បីបំពេញតម្រូវការចាំបាច់របស់ក្រុងដែលកំពុងមានសក្តានុពល។

សម្តេចបញ្ជាក់ថា ការសាងសង់ផ្លូវនេះ គឺមានក្រុមហ៊ុនចំនួន៨ ទទួលធ្វើ ដោយត្រូវចំណាយទុនប្រមាណ ២៩៤លានដុល្លារអាមេរិក ហើយផ្លូវនេះគឺជាផ្លូវដ៏ប្រណិត ដោយចែកចេញជា៣ប្រភេទ គឺ១)ប្រភេទមហាវិថី , ២)វិថី និង ៣)អនុវិថី។

ចំពោះមហាវិថីមានចំនួន៣ខ្សែ គឺមានទទឹងផ្លូវរហូតដល់ទៅ៥០ម៉ែត្រ, ចំពោះវិថីវិញគឺមានទទឹងពី២០ ទៅ៤០ម៉ែត្រ ឬឯប្រភេទបែបអនុវិថីវិញ គឺមានទទឹងពី៨ ទៅ៤០ម៉ែត្រ ហើយផ្លូវទាំងអស់គឺមានទ្រូងផ្លូវ ចិញ្ចើមផ្លូវ (សម្រាប់អ្នកដើរ សម្រាប់កង់ ម៉ូតូ) គំនូសចរថាចរណ៍ត្រឹមត្រូវ បង្គោលភ្លើងបំភ្លឺផ្លូវ និងមានបំពាក់កាមេរ៉ាសុវត្តិភាពតាមដងផ្លូវផងដែរ។ផ្លូវនេះត្រូវប្រើរយៈពេលក្នុងការសាងសង់ត្រឹមតែ៨ខែតែប៉ុណ្ណោះ ដូច្នេះនៅឆ្នាំក្រោយនេះ ក្រុងព្រះសីហនុ នឹងប្រែមុខមាត់ថ្មី ក្លាយទៅជាទីក្រុងដែលមានសុវត្ថិភាពបំផុត និងទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគនានា៕