ដោយ វុត្ថា
ភ្នំពេញៈ ក្រុមវិនិយោគិនចិនបានចាប់អារម្មណ៍វិនិយោគ លើតំបន់ទេសចរណ៍បែបធម្មជាតិ ស្ថិតនៅតំបន់កែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ដើម្បីលើកកម្ពស់សក្តានុពល និងទាក់ទាញអទេសចរណ៍ឱ្យមកលេងកម្សាន្ត ព្រមទាំងទាក់ការវិនិយោគមកកាន់ខេត្តមួយនេះកាន់តែច្រើនបន្ថែមទៀត។

-->
លោកជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត នៅក្នុងជំនួបពិភាក្សាការងារជាមួយក្រុមវិនិយោគិនចិន កាលពីចុងសប្តាហ៍កន្លងមកនេះ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវិនិយោគិន ដែលមានបំណងវិនិយោគតំបន់ទេសចរណ៍ បែបធម្មជាតិក្នុងខេត្តកំពតនេះ ។
លោកបានស្នើឲ្យក្រុមហ៊ុន សិក្សាពីការធ្វើផែនការវិនិយោគ ឲ្យបានច្បាស់លាស់សិន ដើម្បីអាចមានលទ្ធភាពឈានទៅរកការពិភាក្សាកាន់តែស៊ីជម្រៅថែមទៀត ហើយរដ្ឋបាលខេត្ត នឹងជួយសម្រួលដល់ផ្នែកច្បាប់ និងនីតិវិធីមួយចំនួនឲ្យបានលឿន ជូនដល់ក្រុមហ៊ុន ដើម្បីឲ្យខេត្តកាន់តែរីកចម្រើន។
ខេត្តកំពតកំពុងមានសក្តានុពល ដែលជំរុញឲ្យខេត្តនេះ មានការរីកចម្រើនលឿន បន្ទាប់ពីខេត្តព្រះសីហនុ ដោយសារកត្តាសំខាន់ៗជាច្រើន ដូចជា ទី១ មានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ ក្នុងការតភ្ជាប់ជាមួយខេត្តព្រះសីហនុ ខេត្តកែប ទី២ មានទីតាំងមិនឆ្ងាយពីក្រុងភ្នំពេញ ហើយហេដ្ឋារចនាសម្ព័ន្ឋនានាកំពុងស្ថាបនា ទី៣ វិស័យដឹកជញ្ជូន ខេត្តកំពតជាខេត្តធំមួយ ដែលមានកំពង់ផែទឹកជ្រៅបន្ទាប់ពីក្រុងព្រះសីហនុ។
ទី៤ ខេត្តមានសក្តានុពលលើវិស័យទេសចរណ៍ ដោយមានរមណីយដ្ឋានធម្មជាតិជាច្រើន ដែលទាក់ទាញភ្ញៀវជាតិ អន្តរជាតិមកកំសាន្ត និងទី៥ ខេត្តមានសក្តានុពលលើវិស័យកសិកម្ម និងកសិឧស្សាហកម្មដូចជា ដំណាំម្រេច ធូរ៉េនជាដើម។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម ធ្លាប់បានឲ្យដឹងផងដែរថា ផ្អែកលើលក្ខខ័ណ្ឌភូមិសាស្រ្ត អាកាសធាតុ និងធនធានធម្មជាតិដ៏សម្បូរបែប ខេត្តកំពតពិតជាមានការរីកចម្រើនលឿននាពេលអនាគត។ ហេតុនេះ ទើបបច្ចុប្បន្នមានក្រុមហ៊ុនជាតិ និងអន្តរជាតិជាច្រើន ចូលមកវិនិយោគនៅក្នុងខេត្តកំពត ដែលជាខេត្តមានភាពអំណោយផលលើធនធានធម្មជាតិ រមណីយដ្ឋានទេសចរណ៍ និងវិស័យអចលនទ្រព្យ។

បច្ចុប្បន្ននេះក្រុមហ៊ុនថៃ ប៊ុនរ៉ុងបាននិងកំពុងសាងសង់ អាគារពាណិជ្ជកម្មភ្លោះកប់ពពកជាលើកដំបូងនៅក្នុងក្រុងកំពត ដែលគំរោងនេះនឹងជំរុញការផ្លាស់ប្តូរមុខមាត់់របស់ខេត្ត ក៏ដូចជា ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ លើវិស័យអចលនទ្រព្យកាន់តែច្រើនថែមទៀត៕