ដោយ វុត្ថា
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នរូបនីយកម្ម និងសំណង់បានលើកឡើងពីការចុះបញ្ជីដីធ្លី ដែលជាមុខព្រួញដ៏សំខាន់សម្រាប់ ផ្តល់សេវាដល់ប្រជាពលរដ្ឋ ហើយក្រសួងក៏បានជំរុញការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធដែលមានលក្ខណៈសំខាន់ និងផ្លូវការផងដែរ។

-->
លោកឧបនាយករដ្ឋមន្រ្តី នៅក្នុងពិធីប្រគល់សញ្ញាបត្របរិញ្ញាបត្ររងសុរិយោដី ជំនាន់ទី៩ និងទី១០ និងបរិញ្ញាបត្ររងរៀបចំដែនដីជំនាន់ទី៣ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញនេះបានមានប្រសាសន៍ឱ្យដឹងថា ជាទូទៅប្រជាពលរដ្ឋមានជំនឿទុកចិត្តចំពោះវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលចេញដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។
ការងារចុះបញ្ជីដីធ្លីនេះ នៅឆ្នាំ២០១៦ ក្រសួងបានជំរុញការងារចុះបញ្ជីដីធ្លីបាន៥៣% ហើយនៅឆ្នាំ២០១៩នេះការងារចុះបញ្ជីដីធ្លី សំរេចបាន ៧៩,២%”។
លោកឧបនាយករដ្ឋមន្រ្តីបន្ថែមថា “ការសិក្សាជំនាញសុរិយោដីនេះ គឺមានលក្ខណៈងាយស្រួល ដោយសារយើងមានឧបករណ៍សម្ភារៈគ្រប់គ្រាន់ សម្រាប់អនុវត្តន៍ក្នុងការរៀន និងបង្រៀនបានយ៉ាងល្អ”។
លោកឧបនយករដ្ឋមន្ត្រី បានចាត់ទុកការប្រគល់សញ្ញាបត្រ បរិញ្ញាបត្ររងសុរិយោដីជំនាន់ទី៩ និងទី១០ និងបរិញ្ញាបត្ររងរៀបចំដែនដីជំនាន់ទី៣ នេះថាជាមោទនភាពថ្មីមួយទៀត ស្របទៅតាមដំណាក់កាល នៃការរីកចម្រើនរបស់ប្រទេសជាតិ និងបានកោតសរសើរចំពោះការចូលរួមបណ្តុះបណ្តាលជំនាញ ក៏ដូចជាការចូលរួមវគ្គនេះដែលបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការទទួលការបណ្តុះបណ្តាលជំនាញ សម្រាប់យកទៅអនុវត្តន៍ ឱ្យកាន់តែមានប្រសិទ្ធភាពនៅតាមមូលដ្ឋានរបស់ខ្លួន។
លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា បានបន្តទៀតថា អ្វីដែលជាប្រសិទ្ធភាពរបស់ក្រសួងគឺតម្លៃរបស់មន្រ្តីទាំង៣២០០នាក់ ដែលតម្លៃនោះនៅត្រង់ថា យើងធានាបាននូវសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីជូនដល់ប្រជាពលរដ្ឋ។ ប្រសិនបើមន្ទីរមួយ ការិយាល័យមួយ ឬមន្រ្តីម្នាក់ ដែលបានវាស់វែងដីធ្លីខុស ហើយចេញបណ្ណកម្មសិទ្ធមិនត្រឹមត្រូវ ត្រឹមតែមួយបណ្ណក្តី ក៏ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ក្រសួងដែរ ដូច្នេះហើយកេរ្ដិ៍ឈ្មោះរបស់ក្រសួង គឺការជឿជាក់ដែលនៅចំពោះមុខ ធ្វើឱ្យប្រជាពលរដ្ឋគិតថាបណ្ណកម្មសិទ្ធដីធ្លីមានតំលៃពិតប្រាកដនិងត្រឹមត្រូវតាមច្បាប់។
លោកបានស្នើដល់មន្រ្តីទាំងអស់ នៅពេលចេញទៅធ្វើប្រតិបត្តិការនៅតាមបណ្តាមន្ទីរអង្គភាពនីមួយៗ ក្រោមឱវាទក្រសួង ត្រូវធ្វើយ៉ាងណាឱ្យការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា សាកសមនឹងជំនឿជឿជាក់របស់ប្រជាពលរដ្ឋ ហើយក៏ក្លាយទៅជាមន្រ្តី ដែលផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលនេះជាចំនុចសំខាន់មួយទៀតដែលឆ្លងកាត់ការបណ្តុះបណ្តាលនេះ គឺអ្នកដែលត្រូវទៅទទួលកិច្ចការនៅតាមបណ្តាមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ថា នេះជាលក្ខខណ្ឌ និងជាសេចក្តីថ្លៃថ្នូរក្នុងនាមជាមន្រ្តីរាជការ ជាមន្រ្តីជំនាញដែលប្រជាពលរដ្ឋ បានមកពឹងពាក់រកសេវានៅតាមបណ្តាមន្ទីរ គ្រប់ទីកន្លែងទាំងអស់ទូទាំងប្រទេស។

លោកជា សុផារ៉ាបានបន្តថា “ថ្វីត្បិតតែដំបូងយើងមានការលំបាក ខ្វះខាតធនធានមន្រ្តី និងសម្ភារៈក្តី ប៉ុន្តែសូមឱ្យមន្រ្តីទាំងអស់ ត្រូវបំពាក់ជាប់នូវកាតព្វកិច្ចរបស់ខ្លួនថាជាមន្រ្តីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺត្រូវតែចូលរួមបំពេញកិច្ចការចំនួន២ គឺការងារចុះបញ្ជីដីធ្លីដែលជាមុខព្រួញដ៏ធំរបស់ក្រសួង និងការធ្វើផែនការប្រើប្រាស់ដីធ្លី និងផែនការនគរូបនីយកម្ម នៅតាមបណ្តាខេត្តផងដែរ”៕
