សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង​រង​ការវាយប្រហារ​ខ្លាំង​បំផុត​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ របាយការណ៍​ថ្មី​មួយ​ របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ហិរញ្ញវត្ថុ​ Woori​ បានឱ្យ​ដឹង​ថា​ ការ​ប៉ះទង្គិច​គ្នា​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​ប៉ះពាល់​ដល់​កូរ៉េ​ខាងត្បូង​ខ្លាំង​បំផុត​នៅក្នុង​ឆ្នាំ២០១៩​ ជាមួយនឹង​ការនាំចេញ​ធ្លាក់ចុះ​ជិត១០ភាគរយ​ ក្នុងរយៈពេល៣ត្រីមាស​ដំបូង​។

ការ​ធ្លាក់ចុះ​នៃ​ការនាំចេញ​មានផល​អាក្រក់​បំផុត​ ក្នុងចំណោម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទាំង១០របស់​ពិភពលោក​។ សេដ្ឋ​កិ​ច្ច​រកូ​រ៉េ​ខាងត្បូង​ពឹងផ្អែក​លើ​ការនាំចេញ​ទៅកាន់​ចិន​ ដែល​មាន​ចំនួន២៧ភាគរយ​នៃ​ការនាំចេញ​ទាំងអស់​។

របាយការណ៍​បាន​គូសបញ្ជាក់​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី១​ អាច​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ងើបឡើង​វិញ​ ពី​ការ​ធ្លាក់ចុះ​ដ៏​អាក្រក់​បំផុត​ ចាប់តាំងពី​វិបត្តិសេដ្ឋកិច្ច​ដ៏​អស្ចារ្យ​កាលពី១០ឆ្នាំមុន​។

របាយការណ៍​ដដែល​បានឱ្យ​ដឹង​ថា​ “ចាប់តាំងពី​កូរ៉េ​ខាងត្បូង​ រង​ផល​ប៉ះពាល់​អវិជ្ជមាន​បំផុត​ ដោយ​ការ​កើនឡើង​នៃ​ពន្ធ​នាំចូល​ (អាមេរិក​ និង​ចិន​) កិច្ច​ព្រមព្រៀង​ក្នុង​ការចរចា​ពាណិជ្ជកម្ម​ដំណាក់កាល​ដំបូង​ នឹង​ជះឥទ្ធិពល​ជា​វិជ្ជមាន​ដល់​កំណើន​សេដ្ឋកិច្ច​របស់​កូរ៉េ​ខាងត្បូង​នៅ​ឆ្នាំក្រោយ​ តាមរយៈ​ការជំរុញ​ពាណិជ្ជកម្ម​ និង​វិនិយោគ​សកលលោក​”។

ទោះ​យ៉ាងណា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ត្រូវ​បាន​ជាប់​គាំង​ដោយ​ធាតុ​សំខាន់​ពីរ​ដែល​ទាំង​អាមេរិក​ និង​ចិន​មិន​ចង់​ឈាន​ដល់​ចំណុចកំពូល​។ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ ចង់ឱ្យ​អាមេរិក​លុបចោល​រាល់​ពន្ធគយ​ ដែល​មានស្រាប់​ និង​ពន្ធគយ​ជុំវិញ​ទំនិញ​អេឡិចត្រូនិក​ ដែល​មានតម្លៃ១៥៦ពាន់​លាន​ដុល្លារ​ផង​ដែរ​។

លោក ​Trump​ ចង់ឱ្យ​ចិន​ធានា​ការទិញ​កសិផល​របស់​ខ្លួន​ ដើម្បី​រក្សា​ការ​គាំទ្រ​នៅក្នុង​រដ្ឋ​កសិកម្ម​នៅ​អាមេរិក​ ក្នុង​ដំណើរ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ នៅ​ឆ្នាំក្រោយ​នេះ​។

សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ ក៏​រង​ការវាយប្រហារ​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​ផ្ទាល់ខ្លួន​ជាមួយ​ជប៉ុន​ដែរ​។ ប្រជាជន​កូរ៉េ​ខាងត្បូង​បាន​ធ្វើ​ពហិការ​រាល់​អ្វី​ៗទាំងអស់​ដែល​ផលិត​នៅ​ជប៉ុន​ ចាប់តាំងពី​ប្រទេស​ជប៉ុន​បាន​ដាក់កម្រិត​ លើ​ការនាំចេញ​វត្ថុធាតុដើម​ ដែល​ត្រូវការ​នៅក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ផលិតកម្ម​ បច្ចេកវិទ្យា​របស់​កូរ៉េ​ខាងត្បូង​។

សង្គ្រាម​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​បាន​ចាប់ផ្តើម​កាលពី​ឆ្នាំមុន​ នៅពេល​ដែល​តុលាការ​កំពូល​កូរ៉េ​ខាងត្បូង​ បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​សាជីវកម្ម​ជប៉ុន​ បង់ប្រាក់​សំណង​ សម្រាប់​ការចូលរួម​របស់​ពួកគេ​ នៅក្នុង​ពលកម្ម​ទាសករ​នៅ​ឧបទ្វីប​កូរ៉េ​ ក្នុងអំឡុងពេល​កាន់កាប់​របស់​ខ្លួន​ក្នុង​ឆ្នាំ១៩១០​ ដល់១៩៤៥​។

រដ្ឋាភិបាល​ជប៉ុន​បាន​អះអាង​ថា​ សេចក្តី​សម្រេច​របស់​តុលាការ​កូរ៉េ​ គឺ​ផ្ទុយពី​សន្ធិសញ្ញា​ឆ្នាំ១៩៦៥​ រវាង​ប្រទេស​ទាំងពីរ​ ដែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ រាល់​ការ​ទាមទារ​សំណង​ពេល​សង្គ្រាម​ គឺ​បាន​បញ្ចប់​ទាំងស្រុង​ និង​ចុងក្រោយ​។

លើស​ពីនេះ​ធនាគារ​កណ្តាល​កូរ៉េ​ខាងត្បូង​ព្យាករណ៍​ថា​ សេដ្ឋកិច្ច​របស់​ខ្លួន​នឹង​ជាប់​គាំង​នៅ​ឆ្នាំ២០២០​ ដោយសារ​ភាព​តានតឹង​ពាណិជ្ជកម្ម​ក្នុង​តំបន់​ និង​ពិភពលោក​។

​ក្រុមប្រឹក្សា​ភិបាល​របស់​ធនាគារ​កណ្តាល​បាន​បញ្ជាក់​ថា​ ពាណិជ្ជកម្ម​ពិភពលោក​ត្រូវ​បាន​រំពឹង​ថា​ នឹង​ធ្លាក់ចុះ​ ដោយសារតែ​ភាព​តានតឹង​ពាណិជ្ជកម្ម​ពិភពលោក​កំពុង​បន្ត​។

ធនាគារ​កណ្តាល​បាន​ចេញផ្សាយ​ នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ខែមុន​ “ក្រឡេក​មើលទៅ​អនាគត​ ក្រុមប្រឹក្សា​ភិបាល​មើលឃើញ​ថា​ កំណើន​សេដ្ឋកិច្ច​សកល​ និង​ទីផ្សារ​ហិរញ្ញវត្ថុ​ពិភពលោក​ ទំនងជា​រង​ផល​ប៉ះពាល់​ ដោយសារ​កត្តា​ដូចជា​ កម្រិត​នៃ​ការ​រីក​រាលដាល​នៃ​ការ​គាំពារ​និយម​ ការ​ផ្លាស់​ប្តូរ​គោលនយោបាយ​រូបិយវត្ថុ​របស់​ប្រទេស​ធំៗ​ និង​ហានិភ័យ​ភូមិសាស្ត្រ​នយោបាយ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here