ឥណ្ឌា​នឹង​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ធំ​ទី៣ជំនួស​ជប៉ុន​នៅ​ទសវត្សរ៍​ខាងមុខ​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ការព្យាករណ៍​ថ្មី​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ ដែល​មាន​មូលដ្ឋាន​នៅ​ជប៉ុន​ បានឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​ឥណ្ឌា​នឹង​មាន​កំណើន​ធំ​លំដាប់​ទី៣នៅក្នុង​ពិភពលោក​ ដែល​នឹង​ទាញ​ទម្លាក់់​តំណែង​ប្រទេស​ជប៉ុន​ នៅ​លើ​ពិភពលោក​ក្នុងរយៈពេល១០ឆ្នាំខាងមុខ​។

របាយការណ៍​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សេដ្ឋកិច្ច​ជប៉ុន​ (JCER​) បាន​បញ្ជាក់​ថា​ ការ​កើនឡើង​របស់​ឥណ្ឌា​នឹង​កើតឡើង​ ស្រប​ពេល​ដែល​ចិន​ជំរុញ​កំណើន​ ប្រជាជន​ខ្ពស់​ និង​កំណើន​សេដ្ឋកិច្ច​ឌីជីថល​ ដើម្បី​បង្កើន​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​។

របាយការណ៍​របស់​ JCER​ បានឱ្យ​ដឹង​ថា​ “ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ឥណ្ឌា​ដែល​បច្ចុប្បន្ន​មាន​ចំនួន​ពាក់កណ្តាល​ នៃ​ប្រទេស​ជប៉ុន​ត្រូវ​បាន​រំពឹង​ថា​ នឹង​ឈានមុខ​ជប៉ុន​ក្នុង​ឆ្នាំ២០២៩​ និង​ឈាន​ដល់១​,៤ ដង​ក្នុង​ឆ្នាំ២០៣៥​”។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF​) បានឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​របស់​ជប៉ុន​នឹង​ត្រូវ​ជាប់​គាំង​នៅក្នុង​ឆ្នាំ២០២០​ ខណៈ​សេដ្ឋកិច្ច​ខ្លួន​នៅតែ​បន្ត​កំណើន​យឺត​នៅ​ចុងឆ្នាំ​នេះ​។ IMF​ បាន​ទម្លាក់​ការ​ព្យាករ​កំណើន​របស់​ជប៉ុន​ ជាថ្មី​ម្តង​ទៀត​នៅ​ឆ្នាំនេះ​ពី០​,៩ភាគរយ​ មក​នៅ​ត្រឹម០​,៨ ភាគរយ​។

យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ជប៉ុន​ ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​ទី​ ៣ នៅ​លើ​ពិភពលោក​បាន​ចាប់ផ្តើម​ធ្លាក់ចុះ​នៅក្នុង​ត្រីមាស​ទី៣​ ដោយមាន​អត្រាកំណើន​ផលិតផល​ក្នុង​ស្រុក​សរុប០​,២ ភាគរយ​។

លើស​ពីនេះ​ទៀត​ សង្គ្រាម​ពាណិជ្ជកម្ម​ជប៉ុន​ ជាមួយ​កូរ៉េ​ខាងត្បូង​ ធ្វើ​ឱ្យ​ប្រជាជន​កូរ៉េ​ភាគច្រើន​ធ្វើ​ពហិការ​មិន​ធ្វើអាជីវកម្ម​ និង​សេវាកម្ម​របស់​ជប៉ុន​ទាំងអស់​។ ទំនាក់ទំនង​សេដ្ឋកិច្ច​នយោបាយ​ និង​វប្បធម៌​រវាង​ប្រទេស​យក្ស​សេដ្ឋកិច្ច​អាស៊ី​ទាំងពីរ​ បាន​ឈាន​ដល់កម្រិត​ទាប​ជា​ប្រវត្តិសាស្ត្រ​។

ប្រជាជន​កូរ៉េ​ខាងត្បូង​ បាន​ធ្វើ​ពហិការ​រាល់​អ្វី​ៗទាំងអស់​ ដែល​ផលិត​នៅ​ជប៉ុន​ ចាប់តាំងពី​ប្រទេស​ជប៉ុន​ បាន​ដាក់កម្រិត​លើ​ការនាំចេញ​វត្ថុធាតុដើម​ ដែល​ត្រូវការ​នៅក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ផលិតកម្ម​បច្ចេកវិទ្យា​របស់​កូរ៉េ​ខាងត្បូង​។

IMF​ បាន​ណែនាំ​ជប៉ុន​ឱ្យ​កាត់បន្ថយ​ ភាព​តានតឹង​ពាណិជ្ជកម្ម​បច្ចុប្បន្ន​ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ ដល់​សេដ្ឋកិច្ច​ជប៉ុន​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្វាក់​តម្លៃ​សកល​ថែមទៀត​។

IMF​ បាន​ណែនាំ​ថា​ “ភាព​តានតឹង​ពាណិជ្ជកម្ម​សកល​ ដែល​កំពុង​បន្ត​ និង​ការ​កើនឡើង​បន្ថែម​ទៀត​ អាច​កាត់បន្ថយ​ការនាំចេញ​ ការ​វិនិយោគ​ និង​កំណើន​សុទ្ធ​របស់​ជប៉ុន​ រួម​ទាំង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ និង​ប្រយោល​ តាមរយៈ​ខ្សែ​សង្វាក់​តម្លៃ​ពិភពលោក​ និង​ការ​ជះឥទ្ធិពល​មិនល្អ​ដល់​វិស័យ​ហិរញ្ញវត្ថុ​របស់​ជប៉ុន​”។

ការ​កើនឡើង​នៃ​ការ​គាំពារ​និយម​ជាស​កល​ កំពុង​ធ្វើ​ឱ្យ​ស្ថានភាព​ពិភពលោក​មាន​សភាព​មិនធម្មតា​ និង​កំពុង​ធ្វើ​ឱ្យ​មានការ​ធ្លាក់ចុះ​នៅក្នុង​ទីផ្សារ​ពិភពលោក​។

អង្គការ​សហប្រតិបត្តិ​ការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD​) បាន​បញ្ជាក់​ថា​ផល​ប៉ះពាល់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ បាន​បណ្តាល​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ដូច​កម្រិត​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​អស្ចារ្យ​កាលពី១០ឆ្នាំមុន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here