ដោយ វុត្ថា
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា បានចុះហត្ថលេខាទំលាក់ថវិកាជាតិប្រមាណ ១០០លានដុល្លារអាមេរិក ក្នុងការបង្កើតធនាគារសហគ្រាសធុនតូច និងធម្យមដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជួយសម្រួលដល់កសិករ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យឯកទេសនៃកម្ពុជាសរុបចំនួន៦,៧៦២នាក់ ដែលធ្វើឡើងនៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះថា ការចុះហត្ថលេខានេះ គឺដើម្បីលើកម្ពស់ជីវភាពអ្នក ដែលមានអាជីវកម្មធុនតូច និងធម្យម ជាពិសេសលើកស្ទួយកសិករកម្ពុជា។
សម្តចតេជោថា “បីឬ៤ ថ្ងៃនេះ ខ្ញុំក៏បានចុះហត្ថលេខាប្រមាណ ១០០ពាន់លានរៀល ស្មើ១០០លានដុល្លារអាមេរិក ដើម្បីបង្កើតធនាគារហគ្រាសធុនតូច និងមធ្យមដើម្បីជាផ្នែកមួយក្នុងជួយដល់សហគ្រាសធុនតូន និងធម្យមក្នុងការមានលទ្ធភាពទិញស្រូវអង្កររបស់ករសិករ”។ សម្តេចបន្តថា “ចឹងទេ យើងត្រូវតែមើលអោយឃើញ រាជរដ្ឋាភិបាលបានប្រឹងប្រែង តែបណ្តាញវិស័យឯកជនត្រូវតែចូលរួម ដើម្បីគាំទ្រដល់តម្លៃស្រូវរបស់កសិកររបស់យើង និងកសិផលដទៃទៀតរបស់ប្រជាជន” ។
សម្តេចតេជោបន្ថែមថា កាលពីកន្លងទៅរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ដើមទុនបន្ថែមចំនួន៥០លានដុល្លារអាមេរិក ដល់ធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីប្រែក្លាយ “ធនាការអភិវឌ្ឍន៍ជនបទ” ទៅជា “ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម” ដែលមានចំណាត់ថ្នាក់ជាធនាគារពាណិជ្ជ សម្រាប់បម្រើវិស័យកសិកម្ម ជាពិសេសប្រើប្រាស់សម្រាប់រក្សាស្ថិរភាពថ្លៃ និងប្រមូលទិញស្រូវពីកសិករ ហើយស្តុកទុក កិនកែច្នៃ និនាំចេញ។
លោក ឡាំ គឹមឡេង អគ្គនាយកនៃអគ្គនាយកដ្ឋានសហគ្រាសធុនតូចមធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ធ្លាប់បានសារព័ត៌មាននៅក្នុងស្រុកឱ្យដឹងថា មានឧបសគ្គ៣យ៉ាង ដែលសហគ្រាសធុនតូច និងធម្យមនៅកម្ពុជា (SMEs) មានការប្រឈម និងពិបាកទទួលបានឥណទានពីធនាគារ ដើម្បីយកទៅពង្រីកអាជីវកម្ម។
ទី១ SMEs ខ្លួនឯងមិនទាន់មានសមត្ថភាពទទួលបានឥណទាន ដោយសារតែមានលក្ខណៈជាគ្រួសារនៅឡើយ ដែលធ្វើតាមទម្លាប់តពីឪពុកម្តាយ ការគ្រប់គ្រងមិនទាន់មានលក្ខណៈស្តង់ដារ ការរៀបចំបញ្ជីរបាយការណ៍ហិរញ្ញវត្ថុនៅមានកម្រតិ ខ្វះខាតទ្រព្យធានា និងមិនមានផែនការអាជីវកម្មច្បាស់លាស់។
ទី២ ធនាគារ មានលក្ខខណ្ឌស្មុគស្មាញ សម្រាប់កំណត់ការផ្តល់ឥណទាន ដោយត្រូវពិនិត្យមើលឲ្យបានច្បាស់លាស់ថា តើនៅពេលផ្តល់ឥណទានដល់ SMEs អាចមានប្រាក់សងត្រឡប់ដល់ធនាគារវិញដែរទេ?។ ចំពោះអត្រាការប្រាក់វិញ អាចមានកម្រិតខ្ពស់ និងរយៈពេលនៃការស្នើសុំអាចមានរយៈពេលយូរ ដោយសារតែត្រូវពិនិត្យបច្ច័យច្រើន មុននឹងផ្តល់ឥណទាន និងទី៣ យន្តការដើម្បីអនុវត្តន៍ការគាំទ្រដល់ SMEs នៅមានកម្រិតនៅឡើយ ពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធ បើទោះរាជរដ្ឋាភិបាលមានគោលនយោបាយគ្រប់គ្រាន់រួចហើយក្តី។

លោក ឡាំ គឹមឡេងបានបន្តថា នៅកម្ពុជាមានសហគ្រាសធុនតូច និងមធ្យមចំនួន៥២ម៉ឺនមូលដ្ឋាន (សហគ្រាស) ចែកចេញជា៤ផ្អែក៖ទី១ ផ្នែកកសិកកម្មមាន ២១ភាគរយ នៃចំនួនសហគ្រាសទាំងអស់ ទី២៖ ផ្នែកឧស្សាហកម្ម ឬកម្មន្តសាល មាន៣០ភាគរយ ទី៣៖ ផ្នែកធុរកិច្ច ឬពាណិជ្ជកម្ម មាន៤៣ភាគរយ និងទី៤៖ ផ្នែកសេវាកម្ម និងទេសចរណ៍ ដែលមានប្រហែល៧ភាគរយ។ សហគ្រាសធុនតូច និងមធ្យមនេះបានផ្តល់ការងារជូនពលរដ្ឋខ្មែរពី៧០ទៅ ៧២ភាគរយនៃការងារដែលមាននៅកម្ពុជា ដែលស្មើនឹងប្រមាណ៣ ទៅ៣.៥លាននាក់៕






