ដោយ វុត្ថា
ខេត្តសៀមរាបៈ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតទឹកវិល២ និងបំពង់មេនាំទឹកស្អាតទំហំ៧០០មម ប្រវែងជាង៦ពាន់ម៉ែត្រ ស្ថិតក្នុងភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាបខេត្តសៀមរាប ស្ថិតក្រោមក្របខណ្ឌឥណទានពីទីភ្នាក់ងារបារាំង សម្រាប់កាតអភិវឌ្ឍ ( AFD ) ក្នុងទំហំទឹកប្រាក់វិនិយោជិត១៣លានដុល្លា ត្រូវបានសម្ពោធដាក់ឱ្យដំណើរជាផ្លូវការ។

លោកទៀ សីហា អភិបាលខេត្តសៀមរាបឱ្យដឹងនៅក្នុងពិធីសម្ពោធឱ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតទឹកវិល២ កាលពីថ្ងៃទី១០ ខែធ្នូម្សិលមិញនេះ បានឱ្យដឹងថាបច្ចុប្បន្ននេះ តម្រូវការប្រើប្រាស់ទឹកស្អាតក្នុងក្រុងសៀមរាប ជាមធ្យមប្រមាណ៦០ពាន់ម៉ែត្រត្រីគុណក្នុង១ថ្ងៃ ក្នុងពេលដែលរដ្ឋាករទឹកស្វយ័តសៀមរាប មានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត មានត្រឹមតែ៣០ពាន់ម៉ែត្រត្រីគុណក្នុង១ថ្ងៃ រួមទាំងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតទឹកវិល២ ដែលកំពុងបើកសម្ពោធនេះ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ១៥ពាន់ម៉ែត្រត្រីគុណក្នុង១ថ្ងៃ ។
បើយោងតាមការសិក្សារបស់ក្រុមហ៊ុនបារាំង និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នៅក្នុងឆ្នាំ២០៣០ខាងមុខ តម្រូវការនៃការប្រើប្រាស់ទឹកស្អាតនឹងកើនឡើងដល់៩០ពាន់ម៉ែត្រត្រីគុណក្នុង១ថ្ងៃ។ ពាក់ព័ន្ធនឹងតម្រូវការទឹកស្អាត ដែលចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ រដ្ឋាករទឹកស្វយ័តសៀមរាប មានគម្រោងវិនិយោគទ្រង់ទ្រាយធំ លើការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត តាមរយៈនៃការគៀងគរប្រភពទុនពីដៃគូអភិវឌ្ឍនានាផងដែរ។
លោកទៀ សីហាបានបន្ថែមថា គម្រោងពង្រីកបណ្តាញចែកចាយទឹកស្អាត ប្រវែង១០០គីឡូម៉ែត្រ ក្រោមឥណទានរបស់ធនាគារអភិវឌ្ឍអាស៊ី ( ADB ) មានទំហំទឹកប្រាក់សរុប៥លានដុល្លារ និងថវិការបស់រដ្ឋាករទឹកស្វយ័តសៀមរាប ផ្ទាល់សរុបប្រមាណ២លានដុល្លាអាមេរិក ដែលចាប់ដំណើរការសាងសង់ កាលពីឆ្នាំ២០១៨នោះគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២០ខាងមុខនេះ ។

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានមានប្រសាសន៍ថា សម្រាប់ក្រុងសៀមរាប ត្រូវមានការគិតគូរទុកជាមុន ក្នុងរយៈពេលវែងពី១០ទៅ២០ឆ្នាំខាងមុខ ដើម្បីត្រៀមដោះស្រាយបញ្ហាផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋ និងបម្រើដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ដែលនឹងមានការរីកចម្រើនកាន់តែខ្លាំងថែមទៀតនៅប៉ុន្មានឆ្នាំខាងមុខនេះ ។

លោកបន្ថែមថា គម្រោងនេះរដ្ឋាករទឹកស្វយ័តសៀមរាប បានចុះហត្តលេខាជាមួយក្រុមហ៊ុនសាងសង់រួចហើយ ហើយក្រុមហ៊ុនក៏បានចាប់ផ្តើមការងារជំហានដំបូង និងផ្គត់ផ្គង់សម្ភារៈពីក្រៅប្រទេសជាបន្តបន្ទាប់ និងត្រូវបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុខ ហើយគ្រោងនឹងបញ្ចប់ការដ្ឋានសាងសង់ក្នុងឆ្នាំ២០២៣៕






