ដោយៈ រ៉ាណេត
កំពង់ស្ពឺៈ ស្ថិតនៅក្នុងបរិបទនៃការអភិវឌ្ឍ និងរីកចម្រើននៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ជាពិសេសវិស័យដីធ្លី ដែលស្ថិតនៅក្នុងតាមតំបន់ជាយក្រុងនោះ គម្រោងដីឡូតិ៍ដ៏ធំមិនធ្លាប់មានពីមុនមកនោះ បានបង្ហាញវត្តមាននៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រួមជាមួយនឹងគម្រោងបង្កើតរមណីយដ្ឋាន ឋានសួគ៌ធម្មជាតិ សម្រាប់ស្វាគមន៍ភ្ញៀវទេសចរទាំងក្នុង និងក្រៅតំបន់ផងដែរ។

-->
ជាព្រឹត្តិការណ៍ដ៏អស្ចារ្យ នៃការបើកសម្ពោធលក់គម្រោងដីឡូតិ៍ យូត្រាស់លែន (U trust Land ) និងរមណីយដ្ឋានឋានសួគ៌ធម្មជាតិ លើកដំបូងគេនៅក្នុងខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នេះ ទាំងបណ្តាភ្ញៀវកិត្តិយស អតិថិជន ក៏ដូចជាបណ្តាក្រុមហ៊ុនភ្នាក់ងារជាដៃគូ បានបង្ហាញពីភាពជឿជាក់ទៅលើគម្រោង ដែលស្ថិតនៅក្នុងតំបន់ដ៏មានសក្តានុពល និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងពេលដ៏ខ្លីខាងមុខនេះ។
លោក ម៉ន សុខា ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនU Trust Investment ដែលកំពុងធ្វើការអភិវឌ្ឍទៅលើគម្រោងខាងលើនេះ បានមានប្រសាសន៍ថា គម្រោងដីឡូតិ៍ យូត្រាស់លែន ដែលទើបតែបានបើកសម្ពោធនេះ គឺជាផ្នែកមួយនៃការវិនិយោគ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុនតែប៉ុណ្ណោះ ខណៈដែលនៅមានគម្រោងធំៗជាច្រើនទៀត ដែលកំពុងត្រៀមបង្ហាញ ខ្លួន នៅក្នុងតំបន់ដ៏មានសក្តានុពលនៅតាមតំបន់ជាយក្រុង។
លោក ម៉ន សុខា បានបន្តទៀតថា “ការបើកសម្ពោធថ្ងៃនេះ រួមមាន២គម្រោង ស្ថិតនៅលើផ្ទៃដីរួមទំហំ៦៤ហិកតា រួមមានគម្រោងរមណីយដ្ឋាន ឋានសួគ៌ធម្មជាតិ និងគម្រោងដីឡូតិ៍U Trust Land ដែលមានប្រមាណ៥០០០ឡូតិ៍”។ លោកបានបន្តទៀតថា “នៅក្នុងគម្រោងនេះផងដែរ ក្រុមហ៊ុនបានរៀបចំយ៉ាងពិសេស ស្របតាមបទដ្ឋានដែលបានកំណត់ដោយច្បាប់ និងទទួលស្គាល់ដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់យ៉ាងត្រឹមត្រូវ ដែលក្រៅពីការស្ថាបនាផ្លូវបេតុងនៅក្នុងគម្រោង និងហេដ្ឋារចនាសម្ព័ន្ធនានាដែលពាក់ព័ន្ធ ការដាក់ប្រព័ន្ធលូ ការរៀបចំបណ្តាញ និងបោះបង្គោលអគ្គិសនី ថែមទាំងមានការអភិវឌ្ឍរមណីយដ្ឋាន សម្រាប់កម្សាន្តលក្ខណៈធម្មជាតិទៀតផង”។
តំបន់ជាយក្រុងរាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងភូមិក្រាំងទំនប់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ គឺមានលក្ខណៈពិសេស និងពោរពេញទៅដោយសក្ដានុពល ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកម៉ន សុខាបានបន្តទៀតថា “សម្រាប់គម្រោងដីឡូតិ៍យូត្រាស់លែន បានផ្តល់ជម្រើស និងភាពល្អប្រសើរប្រសើរដល់អតិថិជន ក៏ដូចជាបណ្តាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យនានា ជាមួយនឹងឱកាសអាចទទួលបានចំណេញលើការវិនិយោគបន្ត”។ លោកបានបញ្ជាក់ថា “បច្ចុប្បន្នេះស្ទើរតែគ្មានដីឡូតិ៍ជាយក្រុង មានតម្លៃទាបទៀតនោះទេ ដែលយ៉ាងហោចណាស់ក្នុងមួយឡូតិ៍ ក៏មានតម្លៃជាង៥ពាន់ដុល្លារដែរ ប៉ុន្តែសម្រាប់គម្រោងដីឡូតិ៍ យូត្រាស់ លែន គឺមានតម្លៃចាប់ពី៣៧៩៩ដុល្លារឡើងទៅតែប៉ុណ្ណោះ ដែលការលក់ក្នុងតម្លៃទាបបែបនេះមានមិនច្រើននោះទេ”។
សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ជាមួយគម្រោងនេះ អាចទាក់ទងតាមរយៈទូរស័ព្ទ ៖ ០៨៦ ៥៩ ១០ ១០ / ០៧៧ ៣៧ ៣៧ ៩៣ ។
អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាង បានទទួលស្គាល់ពីភាពល្អប្រសើរ និងភាពរីកចម្រើន លើផ្នែកហេដ្ឋារចនាសម្ព័ន្ធខេត្តទាំងមូល ខណៈដែលទំហំនៃការវិនិយោគពីសំណាក់ក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក ជាពិសេសក្រុមហ៊ុនចិនតែម្ដង កាន់តែមានការកើនឡើងឥតឈប់ឈរ។
លោកបន្តថា វាមានកត្តាជាច្រើនដែលជំរុញ ឱ្យសេដ្ឋកិច្ចក្នុងតំបន់មានការកើនឡើង ដែលក្នុងនោះចំពោះតម្រូវការនៃការប្រើប្រាសដីធ្លីក៏មានខ្ពស់”។
លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះមានក្រុមហ៊ុនជាច្រើនបាន និងកំពុងដំណើរការនៅក្នុងខេត្ត ដោយឡែកគ្រាន់តែរោងចក្រ មានរហូតដល់ទៅជាង ២០០រោងចក្រ ហើយចំពោះសហគ្រាសខ្នាតតូច និងមធ្យម មានរហូតដល់៦៤០០មូលដ្ឋាន ដែលផ្តល់ការងារដល់កម្លាំងជំនាញរហូតដល់ជាង១២ម៉ឺននាក់ ស្មើនឹងចំណូលប្រមាណ១២ម៉ឺនលានរៀលក្នុងមួយខែ។
លោកបន្តថា “កត្តាទាំងអស់នេះហើយ ដែលជំរុញឱ្យសេដ្ឋកិច្ចក្នុងខេត្តកំពង់ស្ពឺមានការកើនឡើងយ៉ាងឆាប់រហ័ស ហើយការកើនមឡើងនេះនឹងនៅតែបន្តទៅមុខទៀត”៕


