ដោយ Donald Lee
ភ្នំពេញៈ ការព្យាករណ៍សេដ្ឋកិច្ចថ្មីរបស់អាស៊ី ចេញផ្សាយនៅសប្តាហ៍នេះបានឱ្យដឹងថា ហ្វីលីពីនកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការក្លាយប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទី២ នៅក្នុងតំបន់អាស៊ាន។
មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន (JCER) បានបញ្ជាក់ថា ការផ្លាស់ប្តូរនៃសេដ្ឋកិច្ចឌីជីថលអាស៊ាន នឹងជំរុញដល់កំណើនផលិតផលសរុបក្នុងស្រុករបស់ហ្វីលីពីន។
របាយការណ៍របស់ JCER បានឱ្យដឹងថា ហ្វីលីពីនត្រូវបានរំពឹងថា នឹងក្លាយជាប្រទេសអាស៊ានធំទី២ ដែលមានសេដ្ឋកិច្ចធំជាងគេ បន្ទាប់ពីឥណ្ឌូនេស៊ីទាក់ទងនឹងទំហំសេដ្ឋកិច្ច។
របាយការណ៍បានបន្ថែមថា “ហ្វីលីពីននឹងវ៉ាផុតកំណើនផលិតផលក្នុងស្រុកសរុបរបស់ម៉ាឡេស៊ីនៅឆ្នាំ២០២០ តៃវ៉ាន់នៅឆ្នាំ២០៣៣ និងថៃនៅឆ្នាំ២០៣៤”។
សេដ្ឋកិច្ចហ្វីលីពីនបានបន្តរីកដុះដាលនៅឆ្នាំនេះ ហើយនៅតែជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងបំផុតនៅអាស៊ី ខណៈប្រទេសដែលពឹងផ្អែកលើពាណិជ្ជកម្មដទៃទៀត នៅក្នុងតំបន់នេះរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។
អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានបញ្ជាក់ថា ផលប៉ះពាល់នៃសង្រ្គាមពាណិជ្ជកម្មអាមេរិក និងចិនបានបណ្តាលឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដូចកម្រិតវិបត្តិហិរញ្ញវត្ថុ ដ៏អស្ចារ្យកាលពី១០ឆ្នាំមុន ដោយតំបន់អាស៊ីដែលរងផលប៉ះពាល់យ៉ាងខ្លាំង។
សេដ្ឋកិច្ចហ្វីលីពីនទទួលបានអត្រាកំណើន៦,២ភាគរយ នៅក្នុងត្រីមាសទី៣ ហើយទំនងជាឈានដល់កំណើនចន្លោះពី៦ ទៅ ៧ ភាគរយសម្រាប់ឆ្នាំ។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយអាជ្ញាធរស្ថិតិហ្វីលីពីន (PSA) ។
របាយការណ៍ប្រចាំត្រីមាសចុងក្រោយបង្អស់របស់ PSA បានឱ្យដឹងថា “ក្នុងចំណោមវិស័យសេដ្ឋកិច្ចសំខាន់ៗសេវាកម្ម បានកើនឡើងយ៉ាងលឿនបំផុតជាមួយនឹង៦,៩ ភាគរយ។ ឧស្សាហកម្មបានកើនឡើង៥,៦ភាគរយ។ កសិកម្មការប្រមាញ់ ព្រៃឈើ និងនេសាទបានកើនឡើង ៣,១ ភាគរយ”។
អង្គភាព PSA បានបន្ថែមថា “ជាមួយនឹងចំនួនប្រជាជន ដែលបានព្យាករនៅក្នុងប្រទេសឈានដល់១០៨,៣ លាននាក់នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០១៩ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់បានកើនឡើង៤.៥ ភាគរយ”៕






