ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ផលិតផលអំពូលអគ្គិសនីវៃឆ្លាត (Smart Lamp) ដែលផលិតនៅក្នុងប្រទេសកម្ពុជាក្រោមការវិនិយោគ និងប្រើប្រាស់បច្ចេកទេសរបស់ក្រុមហ៊ុនមកពីជប៉ុន ត្រូវបាននាំចេញទៅកាន់ពិភពលោក ជាពិសេសប្រទេសជប៉ុន ដែលយកទៅបំពាក់នៅតាមទីក្រុងសំខាន់ៗមួយចំនួន។

ប្រធានក្រុមហ៊ុន មីនីបៀ លោក យូស៊ីហ៊ីដសា កៃណូម៉ា (Yoshihisa Kainuma) បានអះអាងបញ្ជាក់ប្រាប់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងឱកាសចូលជួបសម្ដែងការគួរសមនៅក្នុងវិមានសន្តិភាពកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះថា ជាមួយនឹងភាពរីកចម្រើន និងអភិវឌ្ឍរបស់ក្រុមហ៊ុន បច្ចុប្បន្ននេះ ផលិតផលអំពូលវៃឆ្លាតដែលផលិតនៅក្នុងប្រទេសកម្ពុជា ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសជប៉ុន ដែលមានតម្រូវខ្ពស់ និងប្រើប្រាស់នៅក្នុងទីក្រុងសំខាន់ៗមួយចំនួន។
លោក យូស៊ីហ៊ីដសា កៃណូម៉ា (Yoshihisa Kainuma) បានបញ្ជាក់ថា ក្រៅពីផលិតអំពូលអគ្គិសនីវៃឆ្លាត និងផលិតផលម៉ូទ័រ ដែលកំពុងតែទទួលបានការគាំទ្រពីទីផ្សារយ៉ាងជោគជ័យនេះ ក្រុមហ៊ុននឹងផលិតសម្ភារៈកម្សាន្តសម្រាប់ក្មេង ដែលអាចជួយបង្កើតភាពវៃឆ្លាត ដោយបិតស្លាកសញ្ញាថា ជាផលិតផលផលិតនៅកម្ពុជា (Made in Cambodia) ដែលនឹងត្រូវនាំចេញទៅកាន់ទីផ្សារអន្តរជាតិដូចគ្នា។
សម្រាប់អំពូលភ្លើងវៃឆ្លាតនេះ បានបំពាក់នៅទីក្រុងភ្នំពេញ និងទីក្រុងសៀមរាប ចំនួន ៦,៨៩២គ្រឿង រួមជាមួយនឹងគម្រោងបំពាក់នៅតាមបណ្តាខេត្តផ្សេងៗទៀត ជាពិសេស ខេត្តព្រះសីហនុ ។
កាលពីឆ្នាំ២០១៨ កន្លងទៅនេះ ក្រុមហ៊ុន មីនីបៀ បានដាក់ទុនវិនិយោគនៅកម្ពុជាមានចំនួនទឹកប្រាក់ប្រមាណ ៣៧២ លានដុល្លារសហរដ្ឋអាមេរិច ហើយនៅឆ្នាំ២០១៩នេះ នឹងរីកឡើងទៅរហូតដល់៤០០លានដុល្លារសហរដ្ឋអាមេរិក ដោយបច្ចុប្បន្ន ក្រុមហ៊ុនមានកម្មករចំនួន ៧០០០នាក់ ហើយដែលក្នុងរយៈពេលដ៏ខ្លីខាងមុខនេះកម្មករនឹងឈានឡើងរហូតដល់២ម៉ឺននាក់ មកពីបណ្តាខេត្តចំនួន ១០ នៃព្រះរាជាណាចក្រកម្ពុជា ។
សម្តេច តេជោ ហ៊ុន សែន បានសម្តែងនូវការរីករាយចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុនមីនីបៀរ ដែលមានការរីកចម្រើន ដោយសម្ដេចតេជោបានលើកឡើងថា មិនថាក្រុមហ៊ុនតូច ក្រុមហ៊ុនធំនោះទេ ឱ្យតែមកដល់កម្ពុជា គឺដល់មុន ទទួលបានផលមុន ជាក់ស្ដែងដូចជាក្រុមហ៊ុន មីនីបៀ គឺជាក្រុមហ៊ុនតូចកាលពីមុន ប៉ុន្តែពេលនេះក្រុមហ៊ុនមីនីបៀ គឺជាក្រុមហ៊ុនដ៏ធំបំផុត ដែលមានកម្មកររហូតដល់ ៧ពាន់នាក់ និងឈានរហូតដល់ ២ ម៉ឺននាក់ ហើយក៏កំពុងតែផលិតនូវផលិតផលដែលមានបច្ចេកវិទ្យាទំនើបៗផងដែរ។
ជាងនេះទៀត ការវិនិយោគបច្ចេកវិទ្យាក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់ទៅលើកម្មករកម្មការិនីកម្មការិនី គឺនាំឲ្យក្រុមហ៊ុននេះឈានមុខគេលំដាប់ទី១។
ពាក់ព័ន្ធទៅនឹងការពិនិត្យឧបករណ៍ល្បែងកម្សាន្ត ដែលបិទស្លាកថាផលិតនៅកម្ពុជា, សម្ដេចបានមានប្រសាសន៍ថា នេះជាមោទនភាពណាស់ ដែលកម្ពុជាយើងបានឈានដល់ការផលិតឧបករណ៍ ហើយដាក់ឈ្មោះថាផលិតនៅកម្ពុជា ហើយនាំចេញទៅប្រើប្រាស់ នៅស្រុកក្រៅ។

ពាក់ព័ន្ធនឹងបញ្ហាកំពូលឆ្លាត សម្ដេចតេជោ បានមានប្រសាសន៍ថា វាជាសំណាងណាស់ដែលរោងចក្រ នាំមកនូវការផលិតកំពូលវៃឆ្លាតនៅកម្ពុជា ហើយកំពុងតែប្រើប្រាស់អំពូលនេះនៅខេត្តមួយចំនួន ហើយទីក្រុងភ្នំពេញ និងទីក្រុងសៀមរាប ។

សម្ដេចតេជោ ក៏មានប្រសាសន៍ផងដែរ “ពាក់ព័ន្ធនឹងអំពូលនេះ កម្ពុជាគឺមានប៉ូល ៣ គឺប៉ូលភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ក្នុងន័យនេះយើងគប្បីប្រើអំពូលឆ្លាតនេះ នៅខេត្តព្រះសីហនុផងដែរ ដើម្បីជាកត្តាជួយកាត់បន្ថយ ការចំណាយថាមពលអគ្គិសនីផងជួយបរិស្ថានផង និងលើកទឹកចិត្ត ក្រុមហ៊ុនដែលផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជាផង”៕






