មន្ត្រី​ជាន់ខ្ពស់​ក្រសួងសេដ្ឋកិច្ច​៖ ការរៀបចំ​ និង​ការ​អភិវឌ្ឍ​ទីក្រុង​ត្រូវតែ​ឈរ​លើ​គោលការណ៍​ចំនួន៤​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា​ ​ការ​អភិវឌ្ឍ​ទីក្រុង​ ត្រូវ​បាន​ចាត់ទុកជា​វិស័យ​អាទិភាព​មួយ​ ហើយនឹង​ក្លាយជា​កម្លាំង​ចល​ចរ​ សម្រាប់​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​នៅក្នុង​រយៈពេល​វែង​។

លោ​កវង្សី​ វិស្សុត​ រដ្ឋលេខាធិការ​ប្រចាំការ​ នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នៅក្នុង​ វេទិកា​ស្តី​ពី​ ការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ទីក្រុង​ (Forum​ on​ Urban​ Infrastructure​ Development​) កាលពី​ថ្ងៃទី១១​ ខែធ្នូ​ឆ្នាំ​ ២០១៩​ ម្ស​លមិ​ញនេះ​ឱ្យ​ដឹង​ថា​ ការ​គិតគូរ​ជា​យុទ្ធ​សាស្រ្ត​ ក្នុង​ការរៀបចំ​ និង​ការ​អភិវឌ្ឍ​ទីក្រុង​ ត្រូវតែ​ឈរ​លើ​គោលការណ៍​ចំនួន៤រួមមាន​ ទី១​៖ ការ​តភ្ជាប់​ និង​ច្រករបៀង​សេដ្ឋកិច្ច​ទីក្រុង​ ដោយ​ផ្អែកលើ​ខ្សែ​សង្វាក់​តម្លៃ​ នៃ​ផលិតកម្ម​ និង​សេវាកម្ម​។

ទី២​ ការបង្កើត​ការងារ​ ទី៣​ ការ​ធ្វើស​មា​ហរ​ណកម្ម​សង្គម​ និង​បរិ​យា​ប័ន្ន (Social​ Integration​ and​ Inclusiveness​) និង​ទី៤​ ការគ្រប់គ្រង​បរិស្ថាន​ និង​ការ​ទប់ទល់​បាន​ទៅ​នឹង​គ្រោះមហន្តរាយ​ធម្មជាតិ​ និង​ទី៥​ ការប្រើ​ប្រាស់​បច្ចេកវិទ្យា​វៃឆ្លាត​ ក្នុង​ការគ្រប់គ្រង​ទីក្រុង​។

លោ​កវង្សី​ វិស្សុត​បាន​បន្ត​ថា​ “ជា​និន្នាការ​នៅក្នុង​រយៈពេល​វែង​ ការ​តភ្ជាប់​រវាង​ទីក្រុង​នឹង​ទីក្រុង​នឹង​ក្លាយ​ជា​កម្លំាង​ ចលករ​អូស​កំណើន​សេដ្ឋកិច្ច​ដ៏​សំខាន់​ ហើយ​នៅពេល​ដែល​ប្រទេស​កាន់តែ​រីកចម្រើន​ថែមទៀត​”។ លោក​បន្ត​ថា​“យើង​អាច​និ​បាយ​បាន​ថា​ ទីក្រុង​គឺជា​កម្លាំង​សេដ្ឋកិច្ច​ជាតិ​”។

តាម​ការ​សិក្សា​ថ្មី​ៗនេះ​ បាន​បង្ហាញ​ឱ្យ​ឃើញថា​ កម្ពុជា​កំពុង​ប្រឈម​នូវ​បញ្ហា​ចំនួន៤ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​គឺ​ ១) បញ្ហា​ធនធានមនុស្ស​ និង​សមត្ថភាព​ស្ថាប័ន​ ដែល​នៅ​មិនទាន់​អាច​ឆ្លើយតប​នឹង​ទៅ​នឹង​កំណើន​ ដ៏​ឆាប់រហ័ស​នៃ​ការ​អភិវឌ្ឍ​ទីក្រុង​។ ២) ការ​ខ្វះខាត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​មួយចំនួន​ សម្រាប់​បម្រើ​ឱ្យ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ទីក្រុង​ និង​តម្រូវការ​ធនធាន​វិនិយោគ​ដ៏​ធំធេង​ ខណៈ​ដែល​ប្រភព​ចំណូល​នៅ​មូលដ្ឋាន​មាន​ភាព​តិចតួច​នៅឡើយ​។ ៣) ការ​កើនឡើង​នៃ​ការតាំងទី​លំនៅ​ថ្មី​នៅក្នុង​ទីក្រុង​យ៉ាង​គំហុក​ អាច​នឹង​បង្ក​ឱ្យ​មាន​បញ្ហា​វិសមភាព​ផង​ដែរ​ ទាំង​នៅក្នុង​ទីក្រុង​ និង​ទាំង​រវាង​ទីក្រុង​ និង​ទី​ជនបទ​ និង៤)​ បញ្ហា​ភាព​ធន់​របស់​ហេដ្ឋារចនាសម្ព័ន្ធ​ក្រុង​នឹង​ទៅ​គ្រោះ​មហន្ត​រាយ​ផ្សេង​ៗ ដូចជា​ការ​ជន់​លិចទឹក​ក្នុង​ក្រុង​ជាដើម​។

លោ​កវង្សី​ វិស្សុត​បាន​បន្ត​ទៀត​ថា​ «ការ​កសាង​ទីក្រុង​គួរ​ចង់​រស់នៅ​» ជា​និន្នាការ​មួយ​ដែល​បាន​ និង​កំពុង​រៀបចំ​ ហើយ​មានការ​អនុវត្ត​ពាសពេញ​ពិភពលោក​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ដែល​មាន​ភាព​ធន់​ និង​ប្រកបដោយ​ចីរភាព​។

លោក​បាន​សង្កត់ធ្ងន់​ថា​ «ដើម្បី​អាច​សម្រេច​បាន​នូវ​ការ​កសាង​ទីក្រុង​ ដែល​ចង់​រស់នៅ​ ប្រកបដោយ​ជោគជ័យ​ យើង​ចាំបាច់​ត្រូវ​មានការ​ផ្លាស់​ប្តូរ​ផ្នត់គំនិត​របៀប​ចាស់​ ទាំង​ប្រជាពលរដ្ឋ​ទូទៅ​ និង​ទាំង​អ្នកដឹកនាំ​ ក្នុង​វិស័យ​សាធារណៈ​ និង​វិស័យ​ឯកជន​ ហើយ​សម្រប​ខ្លួន​ទៅ​នឹង​បម្រែបម្រួល​ថ្មី​ ដើម្បី​ធ្វើ​ឱ្យ​ការរស់នៅ​កាន់តែ​ប្រសើរ​ឡើង​”។ លោក​បន្ត​ថា​ “យើង​ត្រូវ​ចាប់ផ្តើម​ផ្លាស់​ប្តូរ​ផ្នត់គំនិត​នេះ​ ទាំង​តាមរយៈ​ការអប់រំ​នៅក្នុង​ថ្នាក់រៀន​ និង​នៅក្នុង​គ្រួសារ​ ក៏ដូចជា​តាមរយៈ​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ផង​ដែរ​ ដើម្បី​សម្លឹង​មើល​ការរស់នៅ​របស់​យើង​ នៅក្នុង​រយៈពេល​ពី១០​ ទៅ២០​ឆ្នាំខាងមុខ​ នៅក្នុង​បរិការណ៍​នៃ​នវានុវត្តន៍​ផ្នែក​បច្ចេកវិទ្យា​ ការប្រែប្រួល​អាកាសធាតុ​ ការ​លេចឡើង​នូវ​ប្រភព​កំណើន​ថ្មី​ និង​បញ្ហា​ជំនាញ​ និង​ការងារ​ជាដើម​»។ល។”។

លោក​រដ្ឋលេខាធិការ​ប្រចាំការ​ បាន​គូស​រំលេច​នូវ​មូលដ្ឋាន​ជា​យុទ្ធសាស្ត្រ​ចំនួន៣​ សម្រាប់ត្រី​វិស័យ​បង្ហាញផ្លូវ​ពាក់ព័ន្ធ​ ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង​ ដែល​រួមមាន​ ទី១​ ត្រូវតែ​រៀបចំផែនការ​មេ​អភិវឌ្ឍន៍​ទីក្រុង​ ហើយ​ផ្អែកលើ​ផែនការមេ​នេះ​ ត្រូវ​រៀបចំ​ផែនការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ប្រទាក់ក្រឡា​ និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ដោយ​រួមបញ្ចូល​ទាំង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ អគ្គិសនី​ ទឹក​ស្អាត​ ប្រព័ន្ធ​បណ្តាញ​ឌីជីថល​ និង​ការគ្រប់គ្រង​កាកសំណល់​រឹង​ និង​ទឹក​កខ្វក់​ជាដើម​។ល។

ទី២​ ត្រូវ​មានការ​រៀបចំ​ស្ថាប័ន​ ដើម្បី​កំណត់​តួនាទី​ភារកិច្ច​របស់​ស្ថាប័ន​នី​មួយ​ៗ ឱ្យ​បាន​ច្បាស់លាស់​ ក្នុង​គោលដៅ​គ្រប់គ្រង​ ប្រតិបត្តិ​ការ​ និង​ថែទាំ​ សមិទ្ធផល​ទទួល​បាន​ពី​ការ​វិនិយោគ​ ព្រមទាំង​ការ​កសាង​សមត្ថភាព​មន្ត្រី​ទទួលបន្ទុក​ផង​ដែរ​។ ទី៣​ ការរៀបចំ​យន្តការ​ប្រមូល​ចំណូល​ (cost​ recovery​) ប្រកបដោយ​សមធម៌​និង​និរន្តរភាព​ សម្រាប់​ទូទាត់​លើ​ចំណាយ​វិនិយោគ​។

លោក​បាន​បន្ត​ថា​ រាជរដ្ឋាភិបាល​កំពុង​គិ​គូរ​ រៀបចំ​យន្ត​កា​រហិញ្ញ​ប្ប​ទាន​ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ដោយ​រួមបញ្ចូល​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ផង​ដែរ​ ដើម្បី​ធានា​ដល់​និរន្ត​ភាព​ នៃ​ប្រភព​ហិរញ្ញប្បទាន​ផង​ ហើយ​ធានា​បាន​នូវ​យុត្តិធម៌​សង្គម​ផង​។ ជា​ទស្សនទាន​រួម​ នៃ​ការ​អភិវឌ្ឍ​ទីក្រុង​ គឺទី​ក្រុង​ត្រូវតែ​រ៉ាប់រង​ ការ​ចំណាយ​អភិវឌ្ឍន៍​នេះ​ដោយខ្លួនឯង​ ហើយ​យើង​មិន​ចង់​ឃើញ​ប្រជាពលរដ្ឋ​ នៅ​ទី​ជនបទ​ត្រូវ​រែក​ពន់​នូវ​អំ​រែក​ នៃ​ការ​ចំណាយ​នេះ​ដែរ​ឡើយ​។

ក្នុង​ន័យ​នេះ​ ទីក្រុង​គួរ​ខិតខំ​ធ្វើ​ស្វ័យ​ហិរញ្ញប្បទាន​ដោយខ្លួនឯង​ តាមរយៈ​ការស្វែងរក​ប្រភព​ចំណូល​ពី​ការគ្រប់គ្រង​ និង​ការ​អភិវឌ្ឍ​ទីផ្សារ​ដីធ្លី​នៅក្នុង​តំបន់​របស់​ខ្លួន​ ការ​យកពន្ធ​នៅ​តាម​មូលដ្ឋាន​ ពិសេស​ពន្ធ​លើ​អចលនទ្រព្យ​ និង​ការ​បង់ថ្លៃ​ពី​អ្នកប្រើ​ប្រាស់​ ព្រមទាំង​ការផ្ទេរ​ធនធាន​ពី​ថ្នាក់​ជាតិ​ ក្នុងករណី​ចាំបាច់​។

លោក​រដ្ឋលេខាធិការ​ប្រចាំការ​បាន​ស្នើ​ដល់​ ADB​ ឱ្យ​ពន្លា​តការចូលរួម​ នៅក្នុង​ការ​អភិវឌ្ឍ​ទីក្រុង​របស់​ខ្លួន​ ឱ្យ​បាន​ទៅដល់​ទី​ក្រុង​ផ្សេង​ៗទៀត​ ដោយ​ពុំគួរ​ផ្តោត​តែ​ទៅលើ​ទី​ក្រុង​ធំៗ​ ឬទីក្រុង​ថ្នាក់​ទី១​ (Metropolitan​ or​ First​ Tier​ City​)ទេ​ ពោល​គឺ​ត្រូវ​ផ្តោត​ទៅលើ​ទីក្រុង​ថ្នាក់​ទី២​ (Second​ Tier​ City​) និង​ ថ្នាក់​ទី៣​ (Third​ Tier​ City​) ផង​ដែរ​។ ការ​ធ្វើ​ដូចនេះ​ គឺ​ដើម្បី​ចូលរួម​ចំណែក​កាត់បន្ថយ​អត្រា​តាំងទីលំនៅ​ថ្មី​ នៅក្នុង​ទីក្រុង​ភ្នំពេញ​ ហើយ​បង្វែរ​ទិសដៅ​ឱ្យទៅ​កាន់​តំបន់​ ឬទី​ក្រុង​ផ្សេង​ៗទៀត​ តាមរយៈ​យុទ្ធសាស្ត្រ​បង្កើត​ការងារ​ និង​ការបង្កើត​លំនៅឋាន​គួរ​ឱ្យ​ចង់​រស់នៅ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here