ដោយ វុត្ថា
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ការអភិវឌ្ឍទីក្រុង ត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ហើយនឹងក្លាយជាកម្លាំងចលចរ សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចនៅក្នុងរយៈពេលវែង។
លោកវង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុង វេទិកាស្តីពី ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង (Forum on Urban Infrastructure Development) កាលពីថ្ងៃទី១១ ខែធ្នូឆ្នាំ ២០១៩ ម្សលមិញនេះឱ្យដឹងថា ការគិតគូរជាយុទ្ធសាស្រ្ត ក្នុងការរៀបចំ និងការអភិវឌ្ឍទីក្រុង ត្រូវតែឈរលើគោលការណ៍ចំនួន៤រួមមាន ទី១៖ ការតភ្ជាប់ និងច្រករបៀងសេដ្ឋកិច្ចទីក្រុង ដោយផ្អែកលើខ្សែសង្វាក់តម្លៃ នៃផលិតកម្ម និងសេវាកម្ម។
ទី២ ការបង្កើតការងារ ទី៣ ការធ្វើសមាហរណកម្មសង្គម និងបរិយាប័ន្ន (Social Integration and Inclusiveness) និងទី៤ ការគ្រប់គ្រងបរិស្ថាន និងការទប់ទល់បានទៅនឹងគ្រោះមហន្តរាយធម្មជាតិ និងទី៥ ការប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាត ក្នុងការគ្រប់គ្រងទីក្រុង។
លោកវង្សី វិស្សុតបានបន្តថា “ជានិន្នាការនៅក្នុងរយៈពេលវែង ការតភ្ជាប់រវាងទីក្រុងនឹងទីក្រុងនឹងក្លាយជាកម្លំាង ចលករអូសកំណើនសេដ្ឋកិច្ចដ៏សំខាន់ ហើយនៅពេលដែលប្រទេសកាន់តែរីកចម្រើនថែមទៀត”។ លោកបន្តថា“យើងអាចនិបាយបានថា ទីក្រុងគឺជាកម្លាំងសេដ្ឋកិច្ចជាតិ”។
តាមការសិក្សាថ្មីៗនេះ បានបង្ហាញឱ្យឃើញថា កម្ពុជាកំពុងប្រឈមនូវបញ្ហាចំនួន៤ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុងគឺ ១) បញ្ហាធនធានមនុស្ស និងសមត្ថភាពស្ថាប័ន ដែលនៅមិនទាន់អាចឆ្លើយតបនឹងទៅនឹងកំណើន ដ៏ឆាប់រហ័សនៃការអភិវឌ្ឍទីក្រុង។ ២) ការខ្វះខាតនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន សម្រាប់បម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងទីក្រុង និងតម្រូវការធនធានវិនិយោគដ៏ធំធេង ខណៈដែលប្រភពចំណូលនៅមូលដ្ឋានមានភាពតិចតួចនៅឡើយ។ ៣) ការកើនឡើងនៃការតាំងទីលំនៅថ្មីនៅក្នុងទីក្រុងយ៉ាងគំហុក អាចនឹងបង្កឱ្យមានបញ្ហាវិសមភាពផងដែរ ទាំងនៅក្នុងទីក្រុង និងទាំងរវាងទីក្រុង និងទីជនបទ និង៤) បញ្ហាភាពធន់របស់ហេដ្ឋារចនាសម្ព័ន្ធក្រុងនឹងទៅគ្រោះមហន្តរាយផ្សេងៗ ដូចជាការជន់លិចទឹកក្នុងក្រុងជាដើម។
លោកវង្សី វិស្សុតបានបន្តទៀតថា «ការកសាងទីក្រុងគួរចង់រស់នៅ» ជានិន្នាការមួយដែលបាន និងកំពុងរៀបចំ ហើយមានការអនុវត្តពាសពេញពិភពលោក ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដែលមានភាពធន់ និងប្រកបដោយចីរភាព។
លោកបានសង្កត់ធ្ងន់ថា «ដើម្បីអាចសម្រេចបាននូវការកសាងទីក្រុង ដែលចង់រស់នៅ ប្រកបដោយជោគជ័យ យើងចាំបាច់ត្រូវមានការផ្លាស់ប្តូរផ្នត់គំនិតរបៀបចាស់ ទាំងប្រជាពលរដ្ឋទូទៅ និងទាំងអ្នកដឹកនាំ ក្នុងវិស័យសាធារណៈ និងវិស័យឯកជន ហើយសម្របខ្លួនទៅនឹងបម្រែបម្រួលថ្មី ដើម្បីធ្វើឱ្យការរស់នៅកាន់តែប្រសើរឡើង”។ លោកបន្តថា “យើងត្រូវចាប់ផ្តើមផ្លាស់ប្តូរផ្នត់គំនិតនេះ ទាំងតាមរយៈការអប់រំនៅក្នុងថ្នាក់រៀន និងនៅក្នុងគ្រួសារ ក៏ដូចជាតាមរយៈការផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គមផងដែរ ដើម្បីសម្លឹងមើលការរស់នៅរបស់យើង នៅក្នុងរយៈពេលពី១០ ទៅ២០ឆ្នាំខាងមុខ នៅក្នុងបរិការណ៍នៃនវានុវត្តន៍ផ្នែកបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ ការលេចឡើងនូវប្រភពកំណើនថ្មី និងបញ្ហាជំនាញ និងការងារជាដើម»។ល។”។
លោករដ្ឋលេខាធិការប្រចាំការ បានគូសរំលេចនូវមូលដ្ឋានជាយុទ្ធសាស្ត្រចំនួន៣ សម្រាប់ត្រីវិស័យបង្ហាញផ្លូវពាក់ព័ន្ធ ក្នុងការអភិវឌ្ឍទីក្រុង ដែលរួមមាន ទី១ ត្រូវតែរៀបចំផែនការមេអភិវឌ្ឍន៍ទីក្រុង ហើយផ្អែកលើផែនការមេនេះ ត្រូវរៀបចំផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទីក្រុងប្រទាក់ក្រឡា និងមានលក្ខណៈជាប្រព័ន្ធ ដោយរួមបញ្ចូលទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ អគ្គិសនី ទឹកស្អាត ប្រព័ន្ធបណ្តាញឌីជីថល និងការគ្រប់គ្រងកាកសំណល់រឹង និងទឹកកខ្វក់ជាដើម។ល។
ទី២ ត្រូវមានការរៀបចំស្ថាប័ន ដើម្បីកំណត់តួនាទីភារកិច្ចរបស់ស្ថាប័ននីមួយៗ ឱ្យបានច្បាស់លាស់ ក្នុងគោលដៅគ្រប់គ្រង ប្រតិបត្តិការ និងថែទាំ សមិទ្ធផលទទួលបានពីការវិនិយោគ ព្រមទាំងការកសាងសមត្ថភាពមន្ត្រីទទួលបន្ទុកផងដែរ។ ទី៣ ការរៀបចំយន្តការប្រមូលចំណូល (cost recovery) ប្រកបដោយសមធម៌និងនិរន្តរភាព សម្រាប់ទូទាត់លើចំណាយវិនិយោគ។
លោកបានបន្តថា រាជរដ្ឋាភិបាលកំពុងគិគូរ រៀបចំយន្តការហិញ្ញប្បទាន វិស័យហេដ្ឋារចនាសម្ព័ន្ធ ដោយរួមបញ្ចូលទាំងហេដ្ឋារចនាសម្ព័ន្ធទីក្រុងផងដែរ ដើម្បីធានាដល់និរន្តភាព នៃប្រភពហិរញ្ញប្បទានផង ហើយធានាបាននូវយុត្តិធម៌សង្គមផង។ ជាទស្សនទានរួម នៃការអភិវឌ្ឍទីក្រុង គឺទីក្រុងត្រូវតែរ៉ាប់រង ការចំណាយអភិវឌ្ឍន៍នេះដោយខ្លួនឯង ហើយយើងមិនចង់ឃើញប្រជាពលរដ្ឋ នៅទីជនបទត្រូវរែកពន់នូវអំរែក នៃការចំណាយនេះដែរឡើយ។
ក្នុងន័យនេះ ទីក្រុងគួរខិតខំធ្វើស្វ័យហិរញ្ញប្បទានដោយខ្លួនឯង តាមរយៈការស្វែងរកប្រភពចំណូលពីការគ្រប់គ្រង និងការអភិវឌ្ឍទីផ្សារដីធ្លីនៅក្នុងតំបន់របស់ខ្លួន ការយកពន្ធនៅតាមមូលដ្ឋាន ពិសេសពន្ធលើអចលនទ្រព្យ និងការបង់ថ្លៃពីអ្នកប្រើប្រាស់ ព្រមទាំងការផ្ទេរធនធានពីថ្នាក់ជាតិ ក្នុងករណីចាំបាច់។
លោករដ្ឋលេខាធិការប្រចាំការបានស្នើដល់ ADB ឱ្យពន្លាតការចូលរួម នៅក្នុងការអភិវឌ្ឍទីក្រុងរបស់ខ្លួន ឱ្យបានទៅដល់ទីក្រុងផ្សេងៗទៀត ដោយពុំគួរផ្តោតតែទៅលើទីក្រុងធំៗ ឬទីក្រុងថ្នាក់ទី១ (Metropolitan or First Tier City)ទេ ពោលគឺត្រូវផ្តោតទៅលើទីក្រុងថ្នាក់ទី២ (Second Tier City) និង ថ្នាក់ទី៣ (Third Tier City) ផងដែរ។ ការធ្វើដូចនេះ គឺដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាតាំងទីលំនៅថ្មី នៅក្នុងទីក្រុងភ្នំពេញ ហើយបង្វែរទិសដៅឱ្យទៅកាន់តំបន់ ឬទីក្រុងផ្សេងៗទៀត តាមរយៈយុទ្ធសាស្ត្របង្កើតការងារ និងការបង្កើតលំនៅឋានគួរឱ្យចង់រស់នៅ៕






