ដោយៈ រ៉ាណេត
ភ្នំពេញៈ នេះជាលើកទី២ហើយ ដែលក្រុមបណ្តាពាណិជ្ជករ និងប្រតិបត្តិករលើវិស័យពាណិជ្ជកម្ម ពិព័រណ៍ និងទេសចរណ៍បានជួបជុំពិភាក្សាគ្នា និងសិក្សាពីឱកាសវិនិយោគជាដៃគូរួមគ្នាក្រោមប្រធានបទ “Tourism & MICE Biz Fair 2020” ដែលរៀបចំឡើង ដោយគណៈគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park ។

កិច្ចជំនួបពិភាក្សាស្វែងយល់ពីសក្ដានុពល និងឱកាសវិនិយោគនៅក្នុងវិស័យពាណិជ្ជកម្មបែបពិព័រណ៍ជាលើកទី២ នៅក្នុងរាជធានីភ្នំពេញខាងលើនេះ ត្រូវបានធ្វើឡើងកាលកាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park ដោយសមាសភាពចូលរួមជាពាណិជ្ជករ ប្រតិបត្តិករដែលមកពីបណ្តាក្រុមហ៊ុនពាក់ព័ន្ធជាច្រើននាក់។
នាយកគ្រប់គ្រងផ្នែកព្រឹត្តិការណ៍ និងការលក់ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park លោក Ahmad Anuar បានមានប្រសាសន៍ថា កិច្ចជំនួប និងពិភាក្សាគ្នាមួយនេះ គឺមានសារសំខាន់ និងទទួលបានអត្ថប្រយោជន៍ជាច្រើន ដែលក្រៅពីអាចបង្កើតទំនាក់ ទំនងនៅក្នុងកិច្ចប្រកបអាជីវកម្មនិងមុខជំនួញ ថែមទាំងអាចស្វែករកដៃគូវិនិយោគជាមួយគ្នាថែមទៀតផង។
លោកបានបន្តទៀតថា “តាមរយៈកម្មវិធីមួយនេះ វាជាការផ្តល់ឱកាសពិសេសសម្រាប់បណ្តាសហគ្រិននានានៅក្នុងស្រុក ដើម្បីតភ្ជាប់ជាមួយនឹងសហគ្រិនមកពីបណ្តាប្រទេសដទៃទៀតធ្វើជាដៃគូអាជីវកម្ម និងផ្លាស់ប្ដូរមុខទំនិញរវាងគ្នាទៅវិញទៅមក”។
លោកបានបញ្ជាក់ថា “ចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park នឹងមានការរៀបចំពិព័រណ៍បែបពាណិជ្ជកម្ម រៀងរាល់មួយខែម្ដងដែលមានអ្នកចូលរួមសុទ្ធតែជាពាណិជ្ជករ និងនាំយកបណ្តាផលិតផលនានាមកដាក់តាំងបង្ហាញ ដើម្បីស្វែងរកដៃគូក្នុងការចែកចាយទៅកាន់ទីផ្សារឱ្យបានទូលំទូលាយ”។
លោក សេង លីម៉ា ប្រធានចាត់ចែងប្រចាំសម្ព័ន្ធក្រុមហ៊ុន Mekong Views Properties បានបង្ហាញពីភាពស្ញប់ស្ញែង ពីការរៀបចំកម្មវិធីដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Park នេះថា “ខ្ញុំធ្លាប់ចូលរួមនៅក្នុងកម្មវិធីជាច្រើន ដែលជជែកពីការវិនិយោគផ្នែកពាណិជ្ជកម្ម និងទេសចរណ៍ ដែលវាជាវេទិកាបង្កើតឱកាសវិនិយោគ និងស្វែងរកដៃគូ”។
លោកបន្តថា “ការបង្កើតឱកាសឱ្យមានការជួបជុំគ្នារវាងអ្នកពាណិជ្ជករ និងប្រតិបត្តិករ ដែលជាភាគីអ្នកលក់ និងអ្នកទិញនេះមានសារសំខាន់បំផុត ហើយខ្ញុំសូមគាំទ្រឱ្យមានកម្មវិធីបែបនេះច្រើនបន្ថែមទៀត ដើម្បីចូលរួមលើកស្ទួយវិស័យពាណិជ្ជកម្ម និងពិព័រណ៍ឱ្យមានភាពល្អ្រសើរ”។

លោក នឿន រឹទ្ធី ប្រធានផ្នែកលក់ និងទីផ្សារនៃសណ្ឋាគារ ភ្នំពេញអេរ៉ា ដែលបានចូលរួមនៅក្នុងកម្មវិធីនេះ ក៏បានមានប្រសាសន៍ផងដែរថា “ការរៀបចំនេះគឺមានសារសំខាន់ណាស់សម្រាប់វិស័យឯកជន ដោយក្នុងនាមយើងជាពាណិជ្ជករ ក៏ដូចជាប្រតិបត្តិករ គឺត្រូវធ្វើឡើងដោយខ្លួនឯង ជាជាងរង់ចាំការបើកឱកាសពីសំណាក់រដ្ឋាភិបាល។
លោកបន្តថា “តាមរយៈកម្មវិធីនេះ សម្រាប់អ្នកដែលមានដៃគូសហការជាមួយរួចហើយនោះ គឺអាចបង្កើនកិច្ចទំនាក់ទំនង និងបន្តកិច្ចសហការបន្ថែមទៀត ដោយឡែកចំពោះអ្នកដែលមិនទាន់មានដៃគូ ពួកគាត់អាចស្វែងយល់ និងស្វែងរកដៃគូអាជីវកម្មនៅក្នុងកម្មវិធីនេះ”។

លោកបានបន្តទៀតថា នៅពេលដែលវិស័យឯកជនមានការខិតខំប្រឹង នោះរដ្ឋាភិបាល ក៏នឹងបង្កើនកិច្ចការជួយសម្របសម្រួល និងបើកឱកាសកៀងគរបណ្តាអ្នកវិនិយោគ និងក្រុមហ៊ុនអន្តរជាតិនានា ឱ្យចូលមកកាន់កម្ពុជាបន្ថែមទៀត ដែលកាន់តែធ្វើឱ្យកិច្ចប្រកបមុខជំនួញ ក៏ដូចជាពាណិជ្ជកម្មក្នុងស្រុកកាន់តែមានភាពល្អប្រសើរ៕






