ដោយ វុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុន Beijing Jingneng Power Co.,Ltd ដែលជាក្រុមហ៊ុនរបស់ចិន បានបង្ហាញមហិច្ឆតា គ្រោងបោះទុនវិនិយោគរោងចក្រផលិតថាមពលអគ្គិសនី នៅក្នុងខេត្តសៀមរាប។

បើតាមតំណាងក្រុមហ៊ុន Beijing Jingneng Power Co.,Ltd នៅក្នុងជំនួបជាមួយ លោកទៀ សីហា អភិបាលខេត្តសៀមរាបកាលពីថ្ងៃទី ១២ ម្សិលមិញនេះ បានបានស្នើសុំអោយរដ្ឋបាលខេត្ត ជួយរកដី ឬ ជួលដី ដែលមានតម្លៃទាបដើម្បីឱ្យក្រុមហ៊ុនមានលទ្ធភាពក្នុងការវិនិយោគ។
តំណាងក្រុមដដែលបន្តថា “ប្រសិនបើក្រុមហ៊ុនទិញ ឬ ជួលដី ដែលមានតម្លៃថ្លៃពេក ក្រុមហ៊ុនក៏លក់អគ្គិសនីក្នុងតម្លៃថ្លៃដែរ ហើយនឹងត្រូវវិនិយោគរយៈពេលយូរទើបក្រុមហ៊ុនអាចទទួលបានផលចំណេញ ជួយគាំទ្រគម្រោងរបស់ក្រុមហ៊ុន និងជួយសម្របសម្រួលបន្ធូរបន្ថយពន្ធ និងជួយទិញអគ្គិសនីពេលក្រុមហ៊ុនផលិតបាន”។
លោក ទៀ សីហា អភិបាលខេត្តសៀមរាបបានសម្តែងការគាំទ្រលើគម្រោងវិនិយោគបង្កើតរោងចក្រផលិតអគ្គិសនី ចំពោះក្រុមហ៊ុន ដែលមិនធ្វើឱ្យប៉ះពាល់បរិស្ថាននៅក្នុងខេត្តសៀមរាប។
លោកបន្ថែមទៀតថា នឹងជួយសម្របសម្រួលនីតិវិធីច្បាប់នៅពេលដែលក្រុមហ៊ុនទទួលបានការអនុញ្ញាតលើគម្រោងវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទទួលបានគោលការណ៍ពីរាជរដ្ឋាភិបាល ហើយរដ្ឋបាលខេត្តនឹងចុះអនុស្សារណៈជាមួយក្រុមហ៊ុននៅពេលទទួលបានសិទ្ធិពីថ្នាក់ជាតិ។
លោកអភិបាលខេត្តរូបនេះបញ្ជាក់ថា នៅខេត្តសៀមរាប ការប្រើប្រាស់អគ្គិសនី បានគ្របដណ្តប់ប្រហែល ៨០% ដែលមានបណ្តាញខ្សែមកពីប្រទេសថៃចំនួន ១១៥ មេកាវ៉ាត់ និងមកពីវារីអគ្គិសនីខេត្តពោធិ៍សាត់ទំហំ ២៣០ មេកាវ៉ាត់ ហើយនឹងមានថាមពលអគ្គិសនីមកពីសេសានទំហំ ៤០០ មេកាវ៉ាត់ ក្នុងពេលខាងមុខ។
ទោះបីជាយ៉ាងនេះក្តី ការប្រើប្រាស់អគ្គិសនីនាពេលបច្ចុប្បន្ន មានការខ្វះខាត ហើយតម្រូវការប្រើប្រាស់មានការកើនឡើងជារៀងរាល់ឆ្នាំ៕






