ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅក្នុងមហាព្រឹត្តិការណ៍ប្រចាំឆ្នាំ នៃការប្រគល់ពានរង្វាន់ដល់បណ្តាក្រុមហ៊ុនអចលនទ្រព្យ ក៏ដូចជាក្រុមហ៊ុនភ្នាក់ងារក្នុងវិស័យរួមឆ្នើមឆ្នាំ២០១៩ ដែលរៀបចំឡើងដោយក្រុហ៊ុនគេហទំព័រអចលនទ្រព្យ Realestate.com.kh កាលពីរាត្រីថ្ងៃទី១២ ធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះ ក្រុមហ៊ុនអចលនទ្រព្យ KH Land Co,.Ltd បានចូលរួម និងជាអ្នកឧបត្ថម្ភធំនៅក្នុងកម្មវិធីឱ្យដំណើរការផងដែរ។

-->
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KH Land ដែលមានជំនាញផ្នែកប្រឹក្សាយោបល់ ទំនាក់ទំនង និងស្វែងរកដៃគូវិនិយោគ លោកថន បូរ៉ា ដែលបានចូលរួម និងជាអ្នកគាំទ្រឧបត្ថម្ភធំនៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះ បានបង្ហាញពីការគាំទ្រ និងសាទរជាមួយនឹងការរៀបចំ ដែលមានភាពអធិកអធម ក្រោមការចូលរួមពីសំណាក់បណ្តាក្រុមហ៊ុនអចលនទ្រព្យ និងភ្នាក់ងារធំៗប្រចាំនៅក្នុងប្រទេស ទាំងក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា។
លោកបានមានប្រសាសន៍ថា “ខ្ញុំយល់ថាការរៀបចំឱ្យព្រឹត្តិការណ៍នេះ គឺមានសារសំខាន់បំផុត ចំពោះបណ្តាក្រុមហ៊ុនអចលនទ្រព្យ ក៏ដូចជាក្រុមហ៊ុនភ្នាក់ងារផងដែរ ដែលពួកគាត់ អាចមានឱកាសបង្ហាញពីភាពរីកចម្រើន ការអភិវឌ្ឍ បញ្ជាក់ពីភាពលេចធ្លោប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់របស់ខ្លួន ដែលអាចចូលរួមប្រកួតទទួលពានរង្វាន់ប្រចាំឆ្នាំ”។ លោកបានបន្តទៀតថា “ការប្រគល់ពានរង្វាន់ដល់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ ក៏ដូចជា ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យឆ្នើ មប្រចាំឆ្នាំ២០១៩នេះ វាជាកម្មវិធីដ៏ធំ និងមានសារសំខាន់បំផុតសម្រាប់ក្រុមហ៊ុនទាំងអស់”។
ជាមួយនឹងការចូលរួម ក្នុងនាមជាអ្នកឧបត្ថម្ភ នៅក្នុងការរៀបចំមហាព្រឹត្តិការណ៍អចលនទ្រព្យប្រចាំឆ្នាំ២០១៩នេះ លោក ថន បូរ៉ាបានលើកឡើងថា ការចូលរួមឧបត្ថម្ភរបស់ក្រុមហ៊ុន KH Land នៅពេលនេះ គឺចង់ចូលរួមជម្រុញវិស័យអចលនទ្រព្យកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើនបន្ថែមទៀត ដើម្បីអាចប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិបាន ខណៈដែលពេលបច្ចុប្បន្ននេះ ទីផ្សារអចលនទ្រព្យកាន់តែមានការអភិវឌ្ឍ និងមានលំហូរក្រុមហ៊ុនអន្តរជាតិចូលមកកាន់តែច្រើន។
លោក ថន បូរ៉ា បានបន្តទៀតថា “គ្រប់បណ្តាក្រុមហ៊ុនដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ គឺសុទ្ធទទួលបានអត្ថប្រយោជន៍ទាំងអស់ ដែលក្រៅពីបង្កើតទំនាក់ទំនង គឺថែមទាំងអាចស្វែងរកដៃគូវិនិយោគ និងអភិវឌ្ឍន៍ជាមួយជាមួយក្រុមហ៊ុនធំៗ ជាក់ស្ដែងដូចជាក្រុមហ៊ុន KH Land ដែលមានវត្តមានយ៉ាងសំខាន់នៅក្នុងកម្មវិធីនេះ គឺយើងទទួលបានទំនាក់ទំនងពីបណ្តាក្រុមហ៊ុននានាជាច្រើន ទាំងក្រុមហ៊ុនអភិវឌ្ឍន៍ ក៏ដូចជាក្រុមហ៊ុនភ្នាក់ងារលក់”។
បច្ចុប្បន្ន ក្រុមហ៊ុនអចលនទ្រព្យ KH Land Co,.Ltd កំពុងតែមានសកម្មភាពយ៉ាងមមាញឹកទៅលើការធ្វើប្រឹក្សាយោបល់ ក៏ដូចជា ការបង្កើតឱកាសវិនិយោគជាដៃគូដល់ក្រុមហ៊ុនមួយចំនួនទៀតផងដែរ។ ជាក់ស្ដែងដូចជាក្រៅពីគម្រោងពុះដីឡូតិ៍ធំៗនៅតាមបណ្តាតំបន់ជាយក្រុង និងខេត្តមួយចំនួន ក្រុមហ៊ុនក៏កំពុងតែធ្វើការវិនិយោគ និងអភិវឌ្ឍន៍គម្រោង ក្រុងថ្មីដីមាសសំរោងលើ ដែលស្ថិតនៅលើឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលជាតំបន់ដ៏មានសក្ដានុពល ស្ថិតនៅក្នុងគោលដៅអភិវឌ្ឍន៍របស់រដ្ឋាភិបាលនាពេលបច្ចុប្បន្ន និងទៅអនាគត។

ភ្ជាប់ជាមួយនឹងគម្រោងអភិវឌ្ឍន៍ក្រុងថ្មីដីមាស សំរោងលើមួយនេះ លោក ថន បូរ៉ា បានមានប្រសាសន៍បញ្ជាក់ថា គម្រោងថ្មីមួយនេះ គឺទទួលបានការគាំទ្រពីសំណាក់ក្រុមហ៊ុនជាដៃគូ និងអតិថិជនជាច្រើន ដោយសារតែគម្រោងនេះ ស្ថិតតំបន់ត្រីកោណពិសេស ដែលកំពុងមានការអភិវឌ្ឍ ដូចជាផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥១ និងផ្លូវល្បឿនលឿន។ លោកបន្តថា នៅក្នុងគម្រោងគឺមានអភិវឌ្ឍន៍ ជាផ្ទះល្វែងបែបទំនើបចំនួន៥០ ហាងអាហារដ្ឋានទំនើបចំនួន៨ រួមមានហាងកាហ្វេ និងភេសជ្ជៈ អាហារដ្ឋាន ម៉ាត ហាងស្រាក្រឡុក សាឡន ហាងលក់សម្លៀកបំពាក់ និងហាងលក់សម្ភារសម្រាប់ក្មេងផងដែរ។

គម្រោងក្រុងថ្មីដីមាសសំរោងលើ បច្ចុប្បន្ននេះកំពុងតែមានភាពសកម្ម ក្នុងការបុកគ្រឹះសាងសង់យ៉ាងមមាញឹក ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ទាំងសំណង់លំនៅដ្ឋានផ្ទះល្វែងបែបទំនើប ទីតាំងអាជីវកម្ម ក៏ដូចជាកន្លែងកម្សាន្តលំហែរកាយផ្ទះទឹក ខណៈដែលការលក់ បានសម្រេចប្រមាណជាង៣០ភាគរយរួចទៅហើយនោះ៕