ដោយៈ រ៉ាណេត
ភ្នំពេញៈ ធនាគារដីធ្លីគឺជាអ្វីឱ្យប្រាកដ? ហើយគួរមានវិធីសាស្ត្រវិនិយោគបែបណា ទើបអាចទទួលបានចំណេញ? និងទទួលបានជោគជ័យ ហើយមានសេរីភាពសាច់ប្រាក់ និងអាចចូលនិវត្តន៍បានត្រឹមរយៈពេល១៥ឆ្នាំ។
លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ចនិងអចលនទ្រព្យបានលើកឡើងថា អ្នកវិនិយោគធនាគារដីធ្លីសញ្ជាតិអាមេរិក លោក John Jacob Astor និងលោក Songsakdi បានប្រើប្រាស់យុទ្ធសាស្រ្ត «ធនាគារដីធ្លី (Land Banking) វិនិយោគរយៈពេលវែង ដោយផ្តោតលើដីធ្លីដែលមានសក្តានុពលខ្ពស់ នៅតំបន់ជាយក្រុងបានជោគជ័យ រហូតក្លាយជាមហាសេដ្ឋីអចលនទ្រព្យ ដែលមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លា។
-->
លោកបន្តថា “កម្ពុជាក៏ជាប្រទេសមួយ ដែលវិស័យដីធ្លីមានសក្តានុពលខ្លាំងដែរ ដូច្នេះខ្ញុំជឿជាក់ថាលោកអ្នក ជាពិសេសប្អូនៗយុវជន អាចប្រើយុទ្ធសាស្រ្តនេះ ដើម្បីអាចចូលនិវត្តន៍បាន ដោយធ្វើការត្រឹមតែ១៥ឆ្នាំប៉ុណ្ណោះ”។
លោកបានលើកជាឧទាហរណ៍ថា ប្រសិនបើអ្នកមានអាយុ២៥ឆ្នាំ ហើយអ្នកសន្សំប្រាក់បាន៥០០ដុល្លារុំក្នុងមួយខែ ឬ៦០០០ដុល្លារក្នុង១ឆ្នាំៗ ដើម្បីវិនិយោគលើដីធ្លីដែលមានកំណើនតម្លៃ២០ភាគរយក្នុង១ឆ្នាំ នោះ១៥ឆ្នាំក្រោយ (នៅពេលដែលអ្នកមានអាយុ៤០ឆ្នាំ) អ្នកអាចមានទ្រព្យសម្បត្តិប្រហែលកន្លះលានដុល្លា។
ទ្រព្យសម្បត្តិត្រឹមកន្លះលានដុល្លាមិនច្រើនទេ ប៉ុន្តែអាចអោយអ្នកចូលនិវត្តន៍បានប្រសិនបើអ្នកចេះរស់នៅក្នុងជីវិតសាមញ្ញ (ពោលគឺចំណាយតិច) ហើយចេះចាត់ចែងទ្រព្យទាំងនោះ ដើម្បីបន្តបង្កើនចំណូលឬជាទ្រព្យបន្ថែម។
ឧទាហរណ៍ខាងលើ គ្រាន់តែជាករណីដ៏សាមញ្ញៗប៉ុណ្ណោះ ជាក់ស្តែងប្រសិនបើអ្នកជាបុគ្គលដែលមានភាពអំណត់ ពូកែសន្សំ ឬប្រើប្រាស់ប្រភពទុនពីធនាគារ និងមានភាពវៃឆ្លាតខ្លាំងក្នុងការវិនិយោគ ក្នុងរយៈពេល១៥ឆ្នាំ អ្នកអាចសន្សំទ្រព្យបានរាប់លានដុល្លាតាមរយៈធនាគារដីធ្លី។
ដើម្បីសំរេចបាននូវលទ្ធផលខាងលើ អ្នកគប្បីអនុវត្តន៍នូវជំហ៊ានទាំង៤នេះ ទី១ កសាងសមត្ថភាព (building skills) ៖ អ្នកត្រូវរៀនសូត្រពីការវិនិយោគ និងរបៀបធ្វើធនាគារដីធ្លីពីបុគ្គលដែលមានបទពិសោធន៍ ស្វែងយល់ពីផ្លូវច្បាប់ ទីផ្សារ និងជំនាញដទៃទៀតដូចជាការចរចា។ល។ ជាពិសេសអ្នកគួរមានបុគ្គល ដែលមានបទពិសោធន៍អនុវត្តផ្ទាល់ធ្វើជាអ្នកប្រឹក្សាយោបល់ (mentor) ដើម្បីជួយតំរង់ទិស និងផ្តល់យោបល់ដល់អ្នក។
ទី២ ធ្វើផែនការវិនិយោគ (planning)៖ អ្នកត្រូវប្រើពេលវេលារយៈពេលវែងរបស់អ្នកអោយមានប្រសិទ្ធិភាពខ្ពស់។ ក្នុង១ឆ្នាំៗតើអ្នកនឹងវិនិយោគដីធ្លីប៉ុន្មានកន្លែង? ទំហំដីប៉ុណ្ណា? នៅតំបន់ណា? ទំហំទុនវិនិយោគប៉ុណ្ណា? តើអ្នកបានប្រភពទុនពីណា? ក្នុង១ឆ្នាំៗ អ្នកត្រូវគេតំឡើងប្រាក់ខែប៉ុន្មានភាគរយ ដើម្បីបង្កើនលទ្ធភាពវិនិយោគ?។
ទី៣ ការបង្កើនទ្រព្យ (wealth accumulation)អ្នកចាប់ផ្តើមសិក្សាពីជំរើសនៃការវិនិយោគ ទៅតាមផែនការដែលបានគ្រោងទុក។ ជារៀងរាល់ឆ្នាំអ្នកអនុវត្តន៍តាមផែនការ និងមានភាពបត់បែនខ្លះៗ ទៅតាមសភាពការណ៍ជាក់ស្តែង។ រួចអ្នករង់ចាំមើលការវិវត្តតាមរយៈភាពរីកចំរើននៃសេដ្ឋកិច្ច និងការកសាងហេដ្ឋារចនាសម្ពន្ធ័ ដូចជា ផ្លូវ ទឹក ភ្លើង សំណង់លំនៅដ្ឋាន និងរោងចក្រជាដើម។ល។ កំណើនប្រជាជនចាប់ផ្តើមកើនឡើងខ្លាំង តំរូវការដីធ្លីក៏មានកាន់តែខ្លាំង រីឯតម្លៃក៏ឡើងតាមនោះដែរ។
ទី៤ ការបែងចែកទ្រព្យសម្បត្តិ (wealth distribution) ៖ ប្រមាណ១៥ឆ្នាំក្រោយជាដំណាក់កាល ដែលអ្នកប្រមូលផល ពីការវិនិយោគលើធនាគារដីធ្លី ប្រកបដោយចក្ខុវិស័យ។ អ្នកអាចលក់ដីធ្លីមួយចំនួន ដើម្បីបង្កើតជាចំណូលប្រចាំខែ ឬលក់ដីធ្លីខ្លះទៀតយកទុនទៅវិនិយោគលើឃ្លាំងឬអាគារសំរាប់ជួល ឬវិនិយោគក្នុងក្រុមហ៊ុននានាយកភាគលាភប្រចាំឆ្នាំ (annual dividend) ដើម្បីចិញ្ចឹមគ្រួសារ និងរីករាយជាមួយជីវិតដែលមានសេរីភាពហិរញ្ញវត្ថុ។
សកម្មភាពវិនិយោគទាំងនេះ សុទ្ធតែជាការរួមចំណែកក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ។ ចំណែកដីធ្លីខ្លះទៀត ដែលនៅមានសក្តានុពលកើនតម្លៃខ្ពស់ គួរបន្តរក្សាទុកជាការបង្កើនទ្រព្យ។
លោក ង៉ែត ជូ បានបញ្ជាក់ថា អត្ថបទខាងលើនេះ គឺជាលទ្ធផលនៃការអនុវត្តជាក់ស្តែង ការសិក្សាស្រាវជ្រាវ និងការវិភាគទៅតាមបរិបទនៃទីផ្សារ និងសេដ្ឋកិច្ចកម្ពុជា៕