ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ប្រតិភូមួយក្រុមមកពីខេត្តហ្វូជៀន ប្រទេសចិន បានមកាន់កម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តសេដ្ឋកិច្ច ពាណិជ្ជកម្ម ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា ជាមួយនឹងការស្នើសុំការគាំទ្រពីរដ្ឋាភិបាលកម្ពុជា ដើម្បីទទួលបានទំនុកចិត្ត និងភាពកក់ក្ដៅ។
ក្រោយដំណើរទស្សនកិច្ច កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះ ក្រុមប្រតិភូមកពីខេត្តហ្វូជៀន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលដឹកនាំលោកស្រី ឡេ ជុនមី ( Lei Chun Mei) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាប្រជាជន ខេត្តខេត្តហ្វូជៀន បានចូលជួបសម្ដែងការគួរសមជាមួយលោកស្រី ម៉ែន សំអន ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅទីស្ដីការក្រសួង។
នៅក្នុងជំនួបខាងលើនេះ លោកស្រី ឡេ ជុនមី ( Lei Chun Mei) បានកោតសរសើរពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ជាមួយនឹងការសន្យាជួយផ្សព្វផ្សាយបន្ថែម ដើម្បីកៀងគរបណ្តាអ្នកវិនិយោគចិនមកកាន់កម្ពុជា។
បន្ថែមពីនេះ លោកស្រីក៏បានសើ្នសុំរដ្ឋាភិបាលកម្ពុជា គាំទ្រលើកិច្ចសហប្រតិបត្តិការវិនិយោគ វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេស ចរណ៍ វប្បធម៌ និងកសិកម្ម រវាងខេត្តហ្វូជៀន ជាមួយ នឹងប្រទេសកម្ពុជា ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា – ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី ម៉ែន សំអន បានគាំទ្រទៅនឹងគោលបំណង និងកិច្ចសំណើរខាងលើទាំងស្រុង ដោយលោកស្រីបានលើកឡើងថា នឹងដាក់សំណើរនេះជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ភាពកក់ក្តៅដល់អ្នកវិនិយោគរបស់ខេត្តហ្វូជៀនមកកាន់កម្ពុជា ព្រោះនេះជាប្រយោជន៍រួមរវាងប្រទេសទាំងពីរ ក្នុ្ងងការអភិវឌ្ឍសេដ្ឋកិច្ច។

លោកស្រីបានបន្តទៀតថា កិច្ចសហការទាំងនេះ នឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនរវាងប្រទេសទាំងពីរ ហើយក៏ជាការរួមគ្នាអនុវត្តឱ្យបានជោគជ័យតាមស្មារតីរួមរវាងប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោក ស៊ី ជីនពីង ដែលបានជួបគ្នាកន្លងមក លើនយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយ និងផ្លូវសូត្រ ដែលកម្ពុជាបានយល់ឃើញថា នេះជាចរន្តនៃការពង្រីកសក្តានុភាពសេដ្ឋកិច្ច មិនត្រឹមតែកម្ពុជានោះទេ គឺទាំងក្នុងតំបន់ និងពិភពលោក ៕






