សម្តេចតេជោ ៖ អគារខ្ពស់ចាប់ពី ៧ជាន់ឡើង មានជាង ១០០០អគារនៅក្នុងទីក្រុងភ្នំពេញ
ដោយ វុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានគូសបញ្ជាក់ថា សំណង់អគារកំពស់ចាប់ពី ៧ ជាន់ឡើង នៅក្នុងទីក្រុងភ្នំពេញ មានជាង ១០០០ អគារ ដែលកាលពីមុនគឺមិនមាននោះទេ ។
សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន ២,៥៨៨នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ ថា ការកើនឡើងនៃចំនួន អគារខ្ពស់ច្រើនបែបនេះ ដោយសារកត្តាសន្តិភាពនៅក្នុងប្រទេស ដែលរាជរដ្ឋាភិបាលខិតខំប្រឹងថែរក្សារហូតមក។
-->
សម្តេចតេជោបន្តថា កត្តាសន្តិភាពបានធ្វើឱ្យមានការអភិវឌ្ឍន៍ នៅក្នុងប្រទេស បើគ្មានសន្តិភាពទេ យើងមិនមានអគារច្រើនបែបនេះទេ ដូចក្នុងខេត្តព្រះសីហនុ មានប្រមាណជាង ៩០០ អគារ ឡើងច្រូងច្រាង តាមពីក្រោយទីក្រុងភ្នំពេញ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករណ៍ថា វិស័យសំណង់នៅតែរក្សាភាពរឹងមាំ ដោយសារ វិស័យសំណង់គាំទ្រដោយសន្ទុះកំណើននៃសំណង់តម្លៃមធ្យម និងសមរម្យ តាមរយៈការអនុវត្តគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យ និងភាពជឿជាក់ចំពោះការវិនិយោគនៅកម្ពុជា ដែលជួយប៉ះប៉ូវការធ្លាក់ចុះនៃសំណង់តម្លៃខ្ពស់មួយផ្នែក។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបង្ហាញថា សំណង់នៅទូទាំងប្រទេសមានចំនួនសរុប ៣៤៣៣ គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន ១៣,០០០,៦៥៣ ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគ ៦,៤៩៤, ៣៧២,៣៧១ ដុល្លារ។
បើធៀបនឹងរយៈពេល៩ខែ ឆ្នាំ២០១៨មានចំនួន ២៥៤១ គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន ១០,៧៩០,៥៩៧ ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិយោគប្រមា ណ ៤៨២០,២០៨,៨៤៦ ដុល្លារ កើនឡើងចំនួន ៣៤,៧៣ ភាគរយ ៕