លោក​ ហ៊ុន​ ម៉ា​ណែ​ត៖ កំណើន​សេដ្ឋកិច្ច​រយៈពេល២០ឆ្នាំ​បាន​ធ្វើ​ឱ្យ​កម្ពុជា​មាន​សមត្ថភាព​ផលិត​ផ្គត់ផ្គង់​ក្នុង​ស្រុក​ និង​នាំចេញ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ឧត្តមសេនីយ៍ឯក​ហ៊ុន​ ម៉ា​ណែ​តបានឱ្យ​ដឹង​ថា​ កំណើន​សេដ្ឋកិច្ច​រយៈពេល​ ២០ឆ្នាំ​ជាប់​ៗគ្នា​មកនេះ​ បាន​ធ្វើ​ឱ្យ​កម្ពុជា​មាន​សមត្ថភាព​ ក្នុង​ការងារ​ផលិត​នូវ​ផលិតផល​សម្រាប់​ផ្គត់ផ្គង់​នៅក្នុង​ស្រុក​ និង​នាំចេញ​ទៅក្រៅ​ស្រុក​នានា​នៅ​ទូទាំង​ពិភពលោក​។

លោក​បណ្ឌិត​ហ៊ុន​ ម៉ា​ណែ​ត នៅក្នុង​ពិធីសម្ពោធ​ជា​ផ្លូវការ​រោងចក្រ​ រ៉ូស​ផ្លា​ស្ទីក​ (ខេម​បូ​ឌា​) ខូ​អិល​ធី​ឌី​ កាលពី​ថ្ងៃទី១៥​ ខែធ្នូ​ម្សិលមិញ​នេះ​បានឱ្យ​ដឹង​ថា​ ការ​វិនិយោគ​ក្នុង​ស្រុក​ ពិតជា​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ ក្នុង​ភាពជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​ នៅក្នុង​ការជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ និង​ការ​លើកកម្ពស់​សហគ្រិនភាព​ក្នុង​វិស័យ​ឯកជន​ ដើម្បី​ស្ថិរភាព​នៃ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ព្រមទាំង​ការ​លើកស្ទួយ​កិត្យានុភាព​ជាតិ​នៅ​លើឆាកអន្តរជាតិ​ តាម​រយៈ​សា្ល​កយីហោ​ដាក់​ថា​ “ផលិត​នៅ​កម្ពុជា​ (Made​ in​ Cambodia​)”។

លោក​បន្ត​ថា​ “សក្តា​នុ​ពល​នេះ​ គឺជា​តំណាង​សក្ខីភាព​ នៃ​ការ​រីកចម្រើន​រួមគ្នា​របស់​យើង​ ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ ក្នុងរយៈពេល២០ឆ្នាំ​ជាប់​ៗគ្នា​”។ លោក​បន្ត​ថា​ “កំណើន​បែបនេះ​ មិនមែន​កើតឡើង​ដោយ​ងាយស្រួល​ឥត​ហេតុ​នោះ​ទេ​ គឺជា​លទ្ធផល​នៃ​ការ​បូក​បញ្ចូល​គ្នា​ នៃ​កំណើន​លើ​គ្រប់​វិស័យ​ទាំងអស់​ ទាំង​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាជន​ មន្ត្រី​រាជការ​ កងកម្លាំង​ប្រដាប់​អាវុធ​ សង្គម​ស៊ីវិល​ និង​វិស័យ​ឯកជន​”។

លោក​ហ៊ុន​ ម៉ា​ណែ​តបន្ត​ថា​ ក្នុង​ទស្ស​វត្សរ៍​ឆ្នាំ៩០​ ផលិតផល​ប្រើប្រាស់​របស់​យើង​ត្រូវ​បាន​នាំចូល​មក​ពី​ប្រទេសក្រៅ​សឹងតែ​ទាំងអស់​ ហើយ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ ផលិតផល​មក​ពី​អាស៊ី​មិន​មាន​មក​ពី​កម្ពុជា​ទេ​។ ប៉ុន្តែ​សព្វថ្ងៃ​នេះ​ ផលិតផល​ជាច្រើន​ជា​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ក្នុង​ស្រុក​ ត្រូវ​បាន​ផលិត​នៅក្នុង​ប្រទេស​របស់​យើង​ ហើយ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ជាច្រើន​ ក៏​ឃើញ​មានការ​លក់​ផលិតផល​កម្ពុជា​ ដែល​នេះ​ គឺជា​មោទនភាព​ជាតិ​របស់​យើង​ក្នុងនាម​ជាខ្មែរ​ ពីព្រោះ​ការនាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​ មាន​លក្ខខណ្ឌ​តម្រូវ​ស្តង់ដារ​ខ្ពស់​ ដូច្នេះ​ការដែល​យើង​អាច​ចូលក្នុង​ទីផ្សារ​ទាំងនោះ​បាន​ គឺ​បញ្ជាក់​បាន​អំពី​សមត្ថភាព​ផលិត​របស់​យើង​ ទាំង​បរិមាណ​ និង​គុណភាព​ ហើយ​ជា​គុណភាព​ដែល​មានការ​ទទួលស្គាល់​ ជា​អន្តរជាតិ​ និង​ផលិត​ដោយ​វិស្វករ​ និង​អ្នកបច្ចេកទេស​ ជា​កូនខ្មែរ​ ដែល​មាន​សមត្ថភាព​ជំនាញ​ច្បាស់លាស់​។

ក្នុង​នោះ​វា​ជា​ភាព​ជោគជ័យ​នៃ​ផលិតផល​របស់​កម្ពុជា​ ក៏​ពឹងផ្អែក​សំខាន់​បំផុត​លើ​ការ​គាំទ្រ​នៅក្នុង​ស្រុក​ ហើយ​បច្ចុប្បន្ន​នេះ​ ខ្មែរយើង​មិន​ត្រឹមតែ​ផលិត​បានទេ​ ប៉ុន្តែ​គុណភាព​ក៏​ត្រូវតែ​ល្អ​ស្របតាម​ស្តង់ដារ​ផង​ដែរ​ ពីព្រោះ​នៅក្នុង​ទីផ្សារសេរី​ អ្នក​ផលិត​ត្រូវ​ផលិត​ទាំង​បរិមាណ​ គុណភាព​ និង​តម្លៃ​ ជាពិសេស​កត្តា​គុណភាព​ និង​តម្លៃ​នេះឯង​ ដែល​ត្រូវ​រួមផ្សំ​ជាមួយគ្នា​ នៅក្នុង​ការប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​។

លោក​បណ្ឌិត​ហ៊ុន​ ម៉ា​ណែ​ត បញ្ជាក់​ថា​ ការ​កសាង​សមត្ថភាព​របស់​កម្ពុជា​ ក្នុង​ការផលិត​នូវ​ផលិតផល​នានា​ ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​ ក៏ដូចជា​ នាំ​ផលិតផល​ខ្មែរ​ទៅលើ​ទីផ្សារ​អន្តរជាតិ​ មិន​ត្រឹមតែ​បាន​ចូលរួម​ក្នុង​ការ​លើក​កិត្តិយស​ជាតិខ្មែរ​នៅ​លើឆាកអន្តរជាតិ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ក៏បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការបង្កើត​ការងារ​ និង​បង្កើន​សមត្ថភាព​អោយ​កូនខ្មែរ​ ដែល​ជា​កត្តា​សំខាន់​ក្នុង​ការជំរុញ​ការ​រីក​ចម្រើ​សេដ្ឋកិច្ច​ជាតិ​ និង​លើកកម្ពស់​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរយើង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here