ដោយ ប៊ី
ភ្នំពេញៈ ឆាកជីវិតមនុស្សពិតជាត្រូវបត់បែនវែងឆ្ងាយ សម្របតាមពេលវេលា កាលៈទេសៈ ដើម្បីស្វែងរកអាជីពមួយដែលខ្លួនឯងចូលចិត្ត ហើយផ្តោតលើការពង្រឹងឆន្ទៈ ជាមួយការប្តេជ្ញាចិត្ត ដើម្បីឈានទៅទទួលបានជោគជ័យក្នុងពេលអនាគត។

ដោយ ប៊ី
ភ្នំពេញៈ ឆាកជីវិតមនុស្សពិតជាត្រូវបត់បែនវែងឆ្ងាយ សម្របតាមពេលវេលា កាលៈទេសៈ ដើម្បីស្វែងរកអាជីពមួយដែលខ្លួនឯងចូលចិត្ត ហើយផ្តោតលើការពង្រឹងឆន្ទៈ ជាមួយការប្តេជ្ញាចិត្ត ដើម្បីឈានទៅទទួលបានជោគជ័យក្នុងពេលអនាគត។

លោកស្រីតាំង ហួរបានឆ្លងកាត់បទពិសោធន៍ជូរចត់ជាច្រើន ក្នុងឆាកជីវិត ហើយបានប្តូរអាជីពជាបន្តបន្ទាប់ រហូតក្លាយជានាយិកកាក្រុមហ៊ុនអចលនទ្រព្យ ដ៏ល្បីឈ្មោះ និងជោគជ័យនាពេលបច្ចុប្បន្ន។
ជាមួយនឹងភាពមមាញឹកការងារប្រចាំថ្ងៃ លើការងារក្នុងវិស័យអចលនទ្រព្យ លោកស្រីបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីផ្តល់កិច្ចសម្ភាសន៍ដោយបានរាប់រៀបពីការងារប្រចាំថ្ងៃ និងបទពិសោធន៍ជោគជ័យរបស់លោកស្រី។

ស្ថិតក្នុងសម្លៀកបំពាក់ផ្លូវការជាអ្នកដឹកនាំក្រុមហ៊ុន ជាមួយស្នាមញញឹមរួសរាយរាក់ទាក់ លោកស្រី តាំង ហួរ អគ្គនាយិកាក្រុមហ៊ុន AMATAK PROPERTY SERVICE Co, Ltd បានប្រែក្លាយពីថៅកែហាងឈ្មោះថា Amatak Beauty Spa កាលពីឆ្នាំ2007 ដែលលោកស្រីបានចំណាយពេលអស់រយៈពេល7ឆ្នាំ ហើយក៏បានចាប់ផ្តើមបើកក្រុមហ៊ុនភ្នាក់អចលនទ្យថែមទៀត បន្ទាប់ពីឃើញឱកាស និងស្រឡាញ់វិស័យអចលនទ្រព្យ។
មើលឃើញឱកាស និងចាប់យកឱកាស ពិសេសជាការងារដែលលោកស្រីចូលចិត្ត លោកស្រីតាំង ហួរបាន ចាប់យកអាជីពជាភ្នាក់ងារអចលនវត្ថុ រហូតដល់បង្កើតបានក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Amatak Property Service Co, Ltdដែលមានឈ្មោះបោះសម្លេងរហូតដល់សព្វថ្ងៃនេះ។
ធ្លាប់តែជាស្ត្រីមេផ្ទះ និងធ្វើកិច្ចការងារផ្ទះ
ដំបូងឡើយ ពេលប្រឡូកក្នុងវិស័យនេះ លោកស្រីបានចាប់ផ្តើមទិញផ្ទះចាស់ៗ ហើយជុសជុលយកចំណេញកាលពី២០ឆ្នាំមុន។ នោះជាការងារដែលលោកស្រីបានឆ្លៀតពេលទំនេរក្រៅកិច្ចការងារក្នុងផ្ទះ។
រហូតមកឆ្នាំ២០១៤ លោកស្រីបានចាប់ផ្តើមឈានជើងចូល ក្នុងវិស័យអចលនទ្រព្យ បន្ទាប់មកលោកស្រីចាប់ផ្ដើមយល់ថា លោកស្រីស្រឡាញ់វិស័យអចលនទ្រព្យ និងចូលចិត្តដើរចេញខាងក្រៅច្រើន ដោយយល់ថាមានឱកាសច្រើន ដើម្បីធ្វើការទំនាក់ទំនងក្នុងវិស័យអចលនទ្រព្យដូចជាដើរការងារដីធ្លី និងទិញផ្ទះ។
លោកស្រីបានថ្លែងថា “ខ្ញុំចូលចិត្តដើរច្រើន ដើរហាលវាល ហាលថ្ងៃ គឺបងចូលអីចឹង…វិស័យនេះ តម្រូវការដើរជួបអតិថិជនច្រើន ដើរមើលផ្ទះ មើលដីច្រើន។ នេះគឺអ្វីដែលខ្ញុំចូលចិត្ត”។
ជាមួយនឹងទឹកចិត្តស្រលាញ់ លោកស្រីបានបើកក្រុមហ៊ុននេះ ក្នុងឆ្នាំ២០១៥ ជាលទ្ឋផល ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យរបស់លោកស្រី បានទទួលជោគជ័យ និងគាំទ្រពីអតិថិជនជាតិ និងអន្តរជាតិជាប្រចាំ។
ពេលបើកដំណើរការដំបូងក្រុមហ៊ុន AMATAK Property Service Co, Ltd មានបុគ្គលិកតែម្នាក់ ឬ២នាក់ប៉ុណ្ណោះ តែរហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនមានបុគ្គលរហូតទៅជិត២០នាក់ និងគ្រោងពង្រីកបន្ថែមទៀតនាពេលអនាគត។
ច្បាស់ណាស់នាពេលខាងមុខដ៏ខ្លីខាងមុខ លោកស្រីគ្រោងពង្រីកការិល័យរបស់ខ្លួន ដោយសារភាពជោគជ័យ ដែលលោកស្រីទទួលបាននាពេលបច្ចុប្បន្ន និងទទួលបានគាំទ្រច្រើនពីអតិថិជន។
ក្នុងភាពជាក្រុមហ៊ុនផ្តល់សេវាកម្ម លើវិស័យនេះភាពស្មោះត្រង់ពិតជាមានសារៈសំខាន់ និងជាកូនសោគន្លឹះ ដើម្បីទទួលបានការទុកចិត្តពីអតិថិជន និងផ្តល់ផលចំណេញដល់អតិថិជន។
លោកស្រីតាំង ហួរបានមានប្រសាសន៍ថា ក្នុងនាមជាភ្នាកងារអចលនទ្រព្យមួយ ក្រុមហ៊ុនតែងតែជ្រើសរើសផ្ទះ ឬទីតាំងអចលនទ្រព្យល្អៗសម្រាប់អតិថិជន ហើយដែលជាការផ្តល់ប្រយោជន៍ដល់អ្នកទិញ និងអ្នកលក់ទាំងសងខាង។
លោកស្រីតាំង ហួរបានថ្លែងថា “រហូតមកដល់នេះ យើងទទួលបានអតិថិជនច្រើន ដោយសារយើងបានជួយច្រើនទាំងអ្នកលក់ និងអ្នកទិញ និងភាពស្មោះត្រង់ ព្រមទាំងក្រមសីលធ៌មរបស់យើង”។
ជាមួយនឹងការខិតខំប្រឹងប្រែង ព្យាយាមពុះពារឥតនឿយហត់លើការងារ ពិសេសការពង្រឹងសមត្ថភាពជាប្រចាំ ជាលទ្ឋផលកាលពីរាត្រីថ្ងៃទី១២ខែធ្នូ ឆ្នាំ២០១៩ លោកស្រីតាំង ហួរ បានទទួលពានផ្នែកលក់ចំនួនពីរ នៅឯមហាព្រឹត្តិការណ៍ផ្តល់ពានរង្វាន់អចលនទ្រព្យកម្ពុជា ដែលបានរៀបចំជាលើកទី២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការជាមួយក្រុមហ៊ុនគេហទំព័រ Realestate.com.kh។

លោកស្រីថ្លែងដោយស្នាមញញឹម ប្រកបដោយភាពជឿជាក់ថា “ក្រុមហ៊ុនរបស់យើងផ្តោតលើលក់ ទិញ និងជួល។ យើងចូលរួមក្នុងព្រឹត្តិការណ៍ពានរង្វាន់នេះ ហើយក្រុមហ៊ុន Amatak ទទួលបានពានរង្វាន់ Agent Of Choice ហើយខ្ញុំផ្ទាល់ក៏ទទួលបានពានផងដែរ ក្នុងនាមជាភា្នក់ងារលក់ឆ្នើមមួយរូប”។
លោកស្រីបានលើកឡើងថា ការទទួលបានពាននេះ គឺអាស្រ័យលើការបោះឆ្នោត ហើយការទទួលបានពាននេះ ធ្វើអោយអតិថិជនរបស់ក្រុមហ៊ុន និងលោកស្រីកាន់តែមានទំនុកចិត្ត ហើយលោកស្រីនឹងបន្តខំប្រឹងប្រែង ដើម្បីជួយជំរុញវិស័យនេះ ឲ្យកាន់តែមានភាពរីកចម្រើនបន្តទៀត។

អ្នកប្រឡូកក្នុងវិស័យអចលនទ្រព្យ ភាគច្រើនគេឃើញមានតែបរុស ដែលប្រកបរបរទទួលទាន និងដឹកនាំក្នុងវិស័យនេះ ខណៈពុំសូវមានស្ត្រីជាមេដឹកនាំក្នុងវិស័យនេះនោះទេ។
ប៉ុន្តែលោកស្រីតាំង ហួរ បានជំរុញដល់ស្ត្រី ដែលមានបំណងចង់ប្រឡូកចូលវិស័យអចលនទ្រព្យ សូមកុំរាថយ ដោយធ្វើអ្វីដែលខ្លួនចង់ធ្វើ ហើយលោកស្រីលើកឡើងថា “គ្មានភាពជោគជ័យឯណា បានមកដោយងាយទេ”៕