ដោយ Donald Lee
ភ្នំពេញៈ គោលនយោបាយពាណិជ្ជកម្ម បែបបង្កហេតុរបស់សហភាពអឺរ៉ុប ប្រឆាំងនឹងបណ្តាប្រទេសអាស៊ានមួយចំនួន ធ្វើឱ្យអ្នកវិភាគប៉ាន់ស្មានថា មានការចែកគ្នារវាងតំបន់អាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុប។
បច្ចុប្បន្ន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី កម្ពុជា និងមីយ៉ាន់ម៉ា កំពុងមានជំលោះជាមួយសហភាពអឺរ៉ុប ដោយអះអាងថា គោលនយោបាយពាណិជ្ជកម្ម មានលក្ខណៈរើសអើង និងប្រើប្រាស់ការដកហូតអនុគ្រោះពាណិជ្ជកម្ម ដើម្បីជះឥទ្ធិពលដល់កិច្ចការក្នុងស្រុករបស់ប្រជាជាតិនានា។
ឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេ ក្នុងតំបន់អាស៊ាន និងជាអ្នកផលិតប្រេងដូងធំជាងគេ បានដាក់ពាក្យបណ្តឹងនៅអង្គការពាណិជ្ជកម្មពិភពលោក ទាក់ទងផែនការរបស់សហភាពអឺរ៉ុប ក្នុងការបញ្ឈប់ការប្រើប្រាស់ប្រេងឥន្ធនៈ ដែលទាញចេញប្រេងដូង។ សហគមន៍អ៊ឺរ៉ុបគ្រោងនឹងបញ្ឈប់ ការប្រើប្រាស់ប្រេងជីវឥន្ធនៈប្រេងដូងទាំងស្រុងនៅឆ្នាំ២០៣០ ដោយសារការកាប់បំផ្លាញព្រៃឈើ និងផលប៉ះពាល់បរិស្ថាននៅអាស៊ីអាគ្នេយ៍។
ដូចគ្នានេះដែរ ម៉ាឡេស៊ីដែលជាអ្នកផលិតប្រេងដូងធំជាងគេទី២ ក៏បាននិយាយដែរថា ខ្លួនកំពុងពិចារណាដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក ប្រឆាំងនឹងសហភាពអឺរ៉ុប។
លើសពីនេះទៀត សហគមន៍អឺរ៉ុបបានឆ្លងកាត់ដំណើរការដកហូត គម្រោងអនុគ្រោះពន្ធពាណិជ្ជកម្មរបស់កម្ពុជា និងមីយ៉ាន់ម៉ាហៅថា EBA ។
គម្រោងនៃការដកហូត EBA ដែលអាចកើតមាននឹងប៉ះពាល់ ដល់កម្មកររោងចក្រកាត់ដេរ៧៥០,០០០ នាក់នៅកម្ពុជា និងធ្វើឱ្យការនាំចេញទៅកាន់សហភាពអឺរ៉ុបធ្លាក់ចុះដែលនាំចេញនេះ តំណាងឱ្យ៤០ភាគរយនៃការនាំចេញសរុបរបស់កម្ពុជា មានតម្លៃ៥,៨ ពាន់លានដុល្លារកាលពីឆ្នាំមុន។
ទន្ទឹមនឹងនេះដែរ សហភាពអឺរ៉ុប ក៏ត្រូវបានអូសទាញឱ្យមានជម្លោះពាណិជ្ជកម្មដ៏ធំមួយផ្សេងទៀតនៅឆ្នាំនេះ ជាមួយអាមេរិក ដោយភាគីទាំងពីរប្តេជ្ញាថា នឹងធ្វើឱ្យមានអាវុធពន្ធគយ។
ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយនៅក្នុងសុន្ទរកថា មួយនៅញូវយ៉កកាលពីខែមុនថា គោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ប្រឆាំងនឹងអាមេរិកគឺអាក្រក់ជាងចិន បន្ទាប់ពីលោកបានដាក់ពន្ធគយរហូតដល់២៥ភាគរយ លើការនាំចេញសំខាន់ៗរបស់អឺរ៉ុបកាលពីខែ តុលា។
នៅឯកន្លែងប្រារព្ធពិធីមួយ នៅទីក្រុងញូវយ៉កលោក Trump បាននិយាយថា “ប្រទេសជាច្រើនគិតពន្ធគយខ្ពស់លើសពីធម្មតា ឬបង្កើតរបាំងពាណិជ្ជកម្ម ដែលមិនអាចទៅរួច។ ខ្ញុំនឹងនិយាយដោយស្មោះត្រង់ គឺសហគមន៍អឺរ៉ុបមានការលំបាកខ្លាំងណាស់។ ឧបសគ្គដែលពួកគេមាន គឺគួរឱ្យខ្លាចក្នុងវិធីជាច្រើនដែលអាក្រក់ជាងចិន”។
កាលពីដើមខែនេះ លោក Trump ក៏បានដាក់ពន្ធ១០០ភាគរយ លើទំនិញបារាំងដែលមានតម្លៃ២,៤ ពាន់លានដុល្លារ និងរួមមាន ស្រាសំប៉ាញ កាបូបច្នៃ និងឈីស។ ការតម្លើងពន្ធគយ មានដើមកំណើតពីរដ្ឋាភិបាលបារាំង ដែលបានអនុម័តគោលនយោបាយដើម្បីយកពន្ធក្រុមហ៊ុនឌីជីថលអាមេរិក ដែលប្រតិបត្តិការនៅប្រទេសបារាំង។
ប្រធានថ្មីនៃធនាគារកណ្តាលអឺរ៉ុប លោកស្រី Christine Lagarde បាននិយាយកាលពីខែមុនថា ត្រូវបញ្ឈប់សង្គ្រាមពាណិជ្ជកម្មទាំងអស់ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចពិភពលោក ដែលធ្វើឱ្យមានសុខភាពល្អ។ លោកស្រីបានផ្តោតលើសង្គ្រាមពាណិជ្ជកម្ម ដែលជាកត្តាចម្បងមួយ ដែលរារាំងកំណើន GDP នៅជុំវិញពិភពលោក និងបង្កភាពមិនប្រាកដប្រជានៅក្នុងខ្សែសង្វាក់តម្លៃពិភពលោក។
លោកស្រី Lagarde មានប្រសាសន៍ថា “ភាពតានតឹងខាងពាណិជ្ជកម្មដែលកំពុងកើតមាន និងភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយ កំពុងរួមចំណែកដល់ការធ្លាក់ចុះ នៃកំណើនពាណិជ្ជកម្មពិភពលោក ដែលប៉ះពាល់ប្រទេសជាងពាក់កណ្តាលលើពិភពលោកចាប់តាំងពីឆ្នាំមុន។ លោកស្រីបន្ថែមថា “កត្តានេះបានធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុដ៏ធំធេងនៅឆ្នាំ២០០៨”។
ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក បានធ្វើឱ្យប៉ពាល់ដល់ប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេនៅសហភាពអឺរ៉ុប ដូចជា អាល្លឺម៉ង់។ អាល្លឺម៉ង់បានខកខានក្នុងការធ្លាក់ចុះសេដ្ឋកិច្ចដោយមានកំនើនត្រឹម០,១ភាគរយនៅត្រីមាសទី៣ ។ ទោះយ៉ាងណាសេដ្ឋកិច្ចអាល្លឺម៉ង់ នៅមានភាពផុយស្រួយខ្លាំង ហើយលក្ខខណ្ឌសេដ្ឋកិច្ច មិនមើលទៅដូចជាពួកគេនឹងមានភាពប្រសើរឡើងនាពេលអនាគតនោះទេ។
លោក Claus Vistesen សេដ្ឋវិទូសហភាពអឺរ៉ុប បាននិយាយនៅក្នុងរបាយការណ៍មួយថា “គ្មានការដើរថយក្រោយទេ ប៉ុន្តែវាប្រាកដជាសេដ្ឋកិច្ចខ្សោយបំផុត។ ក្នុងន័យនេះ វាគឺមានផលអាក្រក់បំផុតសម្រាប់ទីផ្សារ”។
ទិន្នន័យថ្ងៃនេះបញ្ជាក់ថា សេដ្ឋកិច្ចអាល្លឺម៉ង់បានជាប់គាំងហើយ ប៉ុន្តែចំណងជើងព័ត៌មាន ប្រហែលជាមិនមានភាពចាំបាច់គ្រប់គ្រាន់ ដើម្បីជំរុញឱ្យមានការឆ្លើយតបសារភ្លាមៗ និងខ្លាំងក្លាពីទីក្រុងប៊ែកឡាំងទេ”។

កំណើនសេដ្ឋកិច្ចខ្លាំងនៅតំបន់អាស៊ាន
ទន្ទឹមនឹងនេះ ដោយសារជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន ខ្សែសង្វាក់តម្លៃ នៅជុំវិញពិភពលោក បានបន្ទាបការព្យាករណ៍កំណើន នៅស្ទើរតែគ្រប់តំបន់នៃពិភពលោក លើកលែងតែតំបន់អាស៊ីអាគ្នេយ៍។
សេដ្ឋកិច្ចអាស៊ានកំពុងទ្រទ្រង់កំណើន និងការពង្រីកការរីកម្រើនយ៉ាងខ្លាំង អំឡុងពេលសង្គ្រាមពាណិជ្ជកម្មដ៏ងងឹត ដែលជះឥទ្ធិពលដល់បណ្តារដ្ឋសេដ្ឋកិច្ចធំៗ ដូចជាសឹង្ហបូរី កូរ៉េខាងត្បូង និងជប៉ុន។ នេះបើយោងតាមវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក។
យោងតាមការស្ទង់មតិរបស់របាយការណ៍ ដែលតំណាងអ្នកជំនាញសេដ្ឋកិច្ចជាង ៦០០នាក់នៅទូទាំងតំបន់បានបង្ហាញថា ការនាំចេញរបស់វៀតណាមបានកើនឡើងជាង ១២ភាគរយ ហើយហើយសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ផ្សេងទៀត ត្រូវបានរំពឹងថានឹងអនុវត្តតាមគន្លងកំណើននេះ។
ការស្ទង់មតិប្រចាំឆ្នាំរបស់វេទិកា សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកបង្ហាញពីសុទិដ្ឋិនិយមមួយចំនួនសម្រាប់តំបន់អាគ្នេយ៍។ របាយការណ៍បានឱ្យដឹងថា ការនាំចេញរបស់វៀតណាម នឹងបន្តអនុវត្តតាមគន្លងកំណើនយ៉ាងខ្លាំង ជាមួយនឹងកំណើនខ្ពស់ជាង១២ភាគរយ។
តួនាទីរបស់ចិន កូរ៉េខាងត្បូង និងជប៉ុនក្នុងកំណើនសេដ្ឋកិច្ចអាស៊ាននៅកម្ពុជា
ប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ី ក៏បាននិងកំពុងវិនិយោគយ៉ាងខ្លាំង ទៅក្នុងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ និងកំពុងប្រកួតប្រជែង ដើម្បីទទួលបានការចូលទៅកាន់តំបន់ដែលកំពុងរីកចម្រើននេះ។
ភាគច្រើននៃកំណើនប្រកបដោយចីរភាព គឺជាលទ្ធផលនៃតំបន់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយចិន។ ចិនថែមទាំងបានឧបត្ថម្ភ ដល់កតិកាសញ្ញាពាណិជ្ជកម្មសេរីក្នុងតំបន់អាស៊ី ដែលរួមមានបណ្តាប្រទេសអាស៊ាន និងស្ទើរតែប្រទេសទាំងអស់នៃតំបន់អាស៊ីប៉ាស៊ីហ្វិក រួមមានប្រទេសជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និងឥណ្ឌា។ កតិកាសញ្ញានេះ ត្រូវបានធ្វើឡើងដើម្បីមិនរួមបញ្ចូលអាមេរិក និងសហភាពអឺរ៉ុប ក្នុងការប៉ុនប៉ងដើម្បីញែកសេដ្ឋកិច្ចរបស់លោកខាងលិច ចេញពីតំបន់ដែលមានប្រជាជនចំនួន៣.៥ពាន់លាននាក់ និងតំណាង៣០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។
ឧទាហរណ៍ដ៏ល្អ នៃការបង្កើនការវិនិយោគ ពីបណ្តាប្រទេសអាស៊ីបូព៌ាអាចត្រូវបានមើលឃើញនៅកម្ពុជា។ ជារួមការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់កម្ពុជាសម្រេចបានជាង៣,១ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨។ នេះបើយោងតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា។
ប្រទេសចិនតំណាងឲ្យចំនួន៤១,៣ភាគរយ នៃការវិនិយោគផ្ទាល់ពីបរទេសនៃចំនួនសរុបកាលពីឆ្នាំមុន នៅលំដាប់ទ ២ គឺប្រទេសកូរ៉េខាងត្បូងដែលមានអត្រាគ្របដណ្តប់៨,១ភាគរយ ខណៈការវិនិយោគរបស់ជប៉ុនកើនឡើង៦,៤ភាគរយ។
លើសពីនេះ ក្រុមហ៊ុនផលិតកម្ម សំណង់ និងហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូងបាន និងកំពុងបង្កើតសាខាយ៉ាងច្រើននៅកម្ពុជា ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រ ដើម្បីបង្កើតទំនាក់ទំនងសេដ្ឋកិច្ច កាន់តែជិតស្និទ្ធជាមួយកម្ពុជា ដើម្បីប្រកួតប្រជែងជាមួយប្រទេសចិន និងជប៉ុន។

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងកូរ៉េខាងត្បូង បានឈានដល់៨៥លានដុល្លារក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំនេះ។ ការនាំចេញរបស់កម្ពុជា ទៅកូរ៉េខាងត្បូងមានតម្លៃ ២១,៦លានដុល្លារ កើនឡើង៤,៣៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កូរ៉េខាងត្បូងឈរនៅលំដាប់ទី២ ក្នុងការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន២១២ពីកូរ៉េដែលមានទឹកប្រាក់ចំនួន៤.៥៦ ពាន់លានដុល្លារ។ ក្រុមហ៊ុនកូរ៉េខាងត្បូងជិត៣០០បានធ្វើប្រតិបត្តិការនៅកម្ពុជា ដោយផ្តល់ការងារដល់មនុស្សរាប់ពាន់នាក់។
យុទ្ធសាស្ត្រវិនិយោគរបស់កូរ៉េខាងត្បូង បានបង្កើនការវិនិយោគផ្ទាល់ពីបរទេសរបស់ខ្លួននៅវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានវ៉ាដាច់ជប៉ុននៅឆមាសទីមួយនៃឆ្នាំ២០១៩។
ទីភ្នាក់ងារវិនិយោគជំរុញការវិនិយោគកូរ៉េ (KOTRA) បានឱ្យដឹងថា ការវិនិយោគផ្ទាល់ពីបរទេសរបស់កូរ៉េខាងត្បូង នៅវៀតណាមសម្រាប់ឆ្នាំនេះ មានចំនួន២,៧ពាន់លានដុល្លារ ដោយឈរនៅលំដាប់ទី២ បន្ទាប់ពីហុងកុងដែលមានការវិនិយោគផ្ទាល់ពីបរទេសរបស់ខ្លួនដែលមានតម្លៃ៥,៣ពាន់លានដុល្លារ។ ជប៉ុនឈរនៅលំដាប់ទី៣ ដែលវិនិយោគក្នុងទំហំទឹកប្រាក់១,៩ពាន់លានដុល្លារ ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧៕






