ដោយ ប៊ី
ភ្នំពេញ៖ ក្រុមហ៊ុនធំមួយរបស់ម៉ាឡេស៊ីដែលឈ្មោះ RAFULIN គ្រោងនឹងវិនិយោគលើវិស័យទឹកស្អាតនៅកម្ពុជា ខណៈក្រុមហ៊ុនក៏មានបំណងពិនិត្យលទ្ធភាពវិនិយោគបង្កើតអាងស្តុកទឹកធំមួយសម្រាប់តម្កល់ទឹកទុកផ្គត់ផ្គង់ក្នុងរដូវប្រាំង។

ការគ្រោងវិនិយោគនេះត្រូវបានលើកឡើងក្នុងជំនួបប្រជុំរវាងប្រតិភូក្រុមហ៊ុនវិនិយោគវិស័យទឹកស្អាតមកពីប្រទេសម៉ាឡេស៊ីឈ្មោះ RAFULIN ដែលមានលោក Raffe Chekku ជាប្រធានក្រុមហ៊ុន និងលោក Tan Sri Ali Bin Hamsa ជាទីប្រឹក្សានិងជាអតីតអគ្គលេខារាជរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី និងលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មនៅទីស្តីការក្រសួងកាលពីម្សិលមិញ ។
ក្នុងជំនួបពិភាក្សានេះភាគីក្រុមហ៊ុនម៉ាឡេស៊ី ចង់សិក្សាស្វែងយល់ការវិនិយោគលើវិស័យទឹកស្អាត ដោយចង់ធ្វើជាភាគីអ្នកលក់ដុំ ផលិតឲ្យទៅអ្នកលក់រាយបន្ត ហើយក៏ចង់ពិនិត្យលទ្ធភាពវិនិយោគបង្កើតអាងស្តុកទឹកធំមួយសម្រាប់តម្កល់ទឹកទុកផ្គត់ផ្គង់ក្នុងរដូវប្រាំងផងដែរ ។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៌ និងបានលើកឡើងពីគោលនយោបាយវិស័យទឹកស្អាតរបស់ក្រសួងដោយបានកំណត់យកឆ្នាំ២០២៥ តំបន់ទីប្រជុំជនទូទាំងប្រទេសនឹងមានបណ្តាញទឹកស្អាតតទៅដល់ ។ លើសពីនេះទៅទៀត ក្រសួងកំពុងដាក់ចេញនូវគោលនយោបាយថ្មីមួយទៀត គឺមិនត្រឹមតែតំបន់ទីប្រជុជនទេ តែត្រូវគិតគូដល់តំបន់ជនបទ និងតំបន់ដាច់ស្រយ៉ាលផងដែរ ។
ពីព្រោះកាលណាប្រជាជនទទួលបានទឹកស្អាតប្រើប្រាស់គ្រប់គ្នា ពួកគាត់នឹងជៀសផុតពីការឆ្លងជម្ងឺដង្កាត់ផ្សេងៗ ដោយការប្រើប្រាស់ទឹកមិនស្អាត ។ ក្នុងនោះវាក៏បានជួយជម្រុញការអភិវឌ្ឍន៌ទូទៅផងដែរ ។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបន្ថែមថា “ទោះបីវិស័យទឹកស្អាតជាភារកិច្ចរបស់រដ្ឋក៏ពិតមែន តែក្នុងដំណាក់កាលនេះ ក្រសួងនៅតែលើកទឹកចិត្តឲ្យវិស័យឯកជនចូលមកវិនិយោគនៅតំបន់ណាដែលរដ្ឋមិនទាន់មានលទ្ធភាព ជាពិសេសអ្នកវិនិយោគធំៗ ដែលផលិតរួចលក់ដំបន្ត ដូចគម្រោងវិនិយោគដែលភាគីម៉ាឡេស៊ីបានលើកខាងលើ”។
លោក បានបន្តថា “រីឯតំបន់ជនបទ រឺតំបន់ដាច់ស្រយ៉ាល គឺយើងរកគ្រប់មធ្យោបាយតាមរយៈបង្កើតអាងចម្រោះខ្នាតតូច ដាក់នៅទីតាំងចំកណ្តាលណាមួយ ដើម្បីឲ្យប្រជាពលរដ្ឋមកទទួលយកសេវាផ្តល់ទឹកស្អាតនេះ”។ ដោយឡែកទាក់ទង និងគម្រោងវិនិយោគចង់បង្កើតអាងស្តុកតម្កល់ទឹក លោកទេសរដ្ឋមន្ត្រី បានមើលឃើញពីសារៈសំខាន់របស់វា ពីព្រោះនៅរដូវវស្សាតំបន់ខ្លះមានភ្លៀងធ្លាក់ជោគជាំ រហូតដល់លេចលំនៅដ្ឋានទៀតផង ។
លោកទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា “បើយើងមានបច្ចេកទេសស្រូបយកទឹកទាំងនោះ គឺយើងអាចរួមចំណែកដោះស្រាយបានពេលដល់រដូវប្រាំងហើយជួបប្រទះភាពរាំងស្ងួត”។ ភាគីក្រុមហ៊ុនម៉ាឡេស៊ី បង្ហាញនូវចំណាប់អារម្មណ៌ ហើយនឹងធ្វើការសិក្សាស្រាវជ្រាវលើការងារនេះ ហើយនឹងបង្ហាញនូវលទ្ធផលរយៈពេល ០៣ ខែ ក្រោយទៀត៕






