ដោយ វុត្ថា
ភ្នំពេញ៖ អគ្គរដ្ឋទូតរបស់សាធារណរដ្ឋកូរ៉េ ថ្មីប្រចាំកម្ពុជា បានឱ្យដឹងថា សាធារណរដ្ឋកូរ៉េមានចេតនាជួយកម្ពុជាក្នុងការបង្កើតទីក្រុងវៃ ឆ្លាត (Smart City) នៅក្នុង ក្រុងព្រះសីហនុ និងតំបន់ កាំកូ ស៊ីធី (Camko City) រាជធានីភ្នំពេញ។

លោក Park Heung-kyeong អគ្គរដ្ឋទូតរបស់សាធារណរដ្ឋកូរ៉េ ថ្មីប្រចាំកម្ពុជា មានប្រសាសន៍បែបនេះ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៩ ម្សិលមិញនេះ ។
លោក Park Heung-kyeong បានបង្ហាញពីក្ដីរីករាយដែលបានធ្វើការជាមួយកម្ពុជាដែលជាប្រទេសមួយមានទំនាក់ ទំនងល្អជាមួយសាធារណរដ្ឋកូរ៉េជាយូណាស់ មកហើយ ។ ជាមួយគ្នានេះ លោកក៏បានថ្លែងនូវការគោរពចំពោះ ការខិតខំរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសរហូតមកទល់សព្វថ្ងៃ។
លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចូលរួមអបអរសាទរ ចំពោះ លោក Park Heung-kyeong ដែលត្រូវបានតែងតាំងជាអគ្គរដ្ឋទូតរបស់សាធារណរដ្ឋកូរ៉េ ថ្មីប្រចាំកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តយ៉ាងសកម្មនូវគោលនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់ខ្លួនជាមួយនឹងស្ថេរ ភាពនយោបាយ និងការអភិវឌ្ឍ ដែលកម្ពុជា មានសព្វថ្ងៃនេះ ក៏មិនអាចកាត់ផ្ដាច់ចេញពីការគាំទ្រពីរដ្ឋាភិបាល និងប្រជាជនកូរ៉េផងដែរ ។
លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូន អំពីសមិទ្ធផលរបស់ក្រសួងដែលសម្រេចបាន ១) ការចុះបញ្ជីដីធ្លីនៅទូទាំងប្រទេសបានចំនួន៧៧% ហើយសម្រាប់ការចុះបញ្ជីដីធ្លីសមូហភាពជូនជនជាតិដើមភាគតិចសម្រេចបានចំនួន២៦ សហគមន៍ ហើយតាមការគ្រោងទុកនឹងឈានដល់៣០សហគមន៍ នៅថ្ងៃទី២០ ខែធ្នូ ខាងមុខនេះ។
២) ច្បាប់ស្តីពីសំណង់ត្រូវបានដាក់ឱ្យប្រើប្រាស់ដោយព្រះរាជក្រឹត្យ កាលពីថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅថ្មីៗ។ ៣) ក្រសួងបានរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីនៅរាជធានីភ្នំពេញ ទីក្រុងព្រះសីហនុ និងក្រុងបាតដំបង គ្រោងនឹងដាក់ឱ្យប្រើប្រាស់ប្លង់គោលនៅតាមបណ្តាខេត្ត ក្រុង និងទីប្រជុំជនមួយចំនួនទៀតនាពេលខាងមុខ។

៤) ការដោះស្រាយវិវាទដីធ្លីតាមយន្តការនានា បានយ៉ាងច្រើនធ្វើឱ្យប្រជាពលរដ្ឋមានការសាទរ និងសុខដុមរនាក្នុងសង្គម ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរ ដល់សាធារណរដ្ឋកូរ៉េ គាំទ្រនូវគោលនយោបាយ និងទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ។
ការចូលរួមចំណែករបស់សាធារណរដ្ឋកូរ៉េ មានលក្ខណៈធំធេងចំពោះការអភិវឌ្ឍប្រទេសកម្ពុជា ដោយមានការវិនិយោក និងផ្តល់ការងារធ្វើជូនប្រជាជនកម្ពុជាទាំងក្នុងប្រទេស និងនៅប្រទេសកូរ៉េ៕






