ដោយ វុត្ថា
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានសម្រេចសម្រួលភារកិច្ចលោក យិន វុឌ្ឍ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តកំពត ឱ្យមកបម្រើការងារនៅទីស្តីការក្រសួងវិញ។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានសម្រេចតែងតាំងលោក ដាញ់ សារី ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តកំពត ជំនួសលោក យិន វិឌ្ឍ ផងដែរ ។
-->
នេះបើតាម ការប្រកាស របស់ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ដែលចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៩។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ពុំបានបញ្ជាក់ពីមូលហេតុនៃការដកតំណែងលោក យិន វុឌ្ឍ នោះទេ ។ តែយ៉ាងណាក៏ដោយ ការដកលោក យិន វុឌ្ឍ ប្រធានមន្ទីររៀបចំដែនដី មកបញ្ឈរជើងនៅក្រសួងវិញនេះ គឺបន្ទាប់ពីប្រជាពលរដ្ឋ បានប្ដឹងចូលហ្វេសប៊ុកផេកផ្លូវការណ៍ សម្ដេចតេជោ ហ៊ុន សែន រឿងការយឺតយ៉ាវក្នុងការធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋរាប់សិបឆ្នាំ។
ជាមួយគ្នានេះ កាលពីថ្ងៃម្សិលមិញនេះ រដ្ឋបាលខេត្តកំពត ក៏បានបើកកិច្ចប្រជុំបន្ទាន់ ដើម្បីដោះស្រាយបញ្ហាស្នើសុំប័ណ្ណកម្មសិទ្ធិរបស់ឈ្មោះ ស្វាយ សាត់ ស្ថិតនៅភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ក្រោមវត្តមានលោក ជាវ តាយ អភិបាលខេត្តកំពត និងមានការចូលរួមស្រាយបំភ្លឺពីលោកអភិបាលស្រុកកំពង់ត្រាច ប្រធានរៀបចំដែនដីនគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងសាម៉ីជនស្នើប័ណ្ណផងដែរ។
យោងតាមការចេញផ្សាយរបស់រដ្ឋបាលខេត្តកំពត បានបញ្ជាក់ថា ដោយពិនិត្យរបាយការណ៍ជាក់ស្តែង ឃើញថាឈ្មោះស្វាយ សាត់ ពិតជាបានធ្វើការស្នើសុំប័ណ្ណកម្មសិទ្ធិលើផ្ទៃដីទំហំ ២៩៤ម៉ែត្រការ៉េ ជាយូរមកហើយ ដោយដីដែលស្នើសុំនេះ មានទំនាស់កាលពីច្រើនឆ្នាំកន្លងមក ជាមួយភាគីជាប់ព្រំ ជាហេតុធ្វើឱ្យមានការបង្អាក់ដំណើរការចេញប័ណ្ណ។
ក្រោយពីបានទទួលពាក្យស្នើតាមរយៈផេកផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក ជាវ តាយ បានរៀបចំក្រុមការងារដឹកនាំផ្ទាល់ដើម្បីដោះស្រាយបញ្ហាដ៏រ៉ាំរ៉ៃនេះឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាពខ្ពស់បំផុត ដោយអញ្ជើញភាគីជាប់ព្រំទាំងពីរ ធ្វើការផ្សះផ្សារដោយនីតិវិធីចំពោះមុខអាជ្ញាធរពាក់ព័ន្ធ និងធ្វើការចេញប័ណ្ណកម្មសិទ្ធិ៕