ដោយ វុត្ថា
ភ្នំពេញៈ ក្រុមហ៊ុន Coconut Palm Group Co., Ltd ដែលជាក្រុមហ៊ុនដ៏ធំមួយនៅប្រទេសចិន គ្រោបង្កើតរោងចក្រកែច្នៃទឹកដូង ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន។

លោក Mr. ZHAO Bo នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Coconut Palm Group Co., Ltd នៅក្នុងជំនួបជាមួយលោក វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ្ញ និងនេសាទ កាលពីថ្ងៃទី១៧ ខែធ្នូម្សិលមិញនេះឱ្យដឹងថា ក្រុមហ៊ុនមកសិក្សាស្វែងយល់បន្ថែមអំពីសក្តានុពលពីវិស័យកសិកម្មកម្ពុជា ដើម្បីសម្រេចចិត្តដាក់ទុនវិនិយោគ ចូលរួមអភិវឌ្ឍន៌វិស័យនេះឲ្យមានការរីកចម្រើន សមស្របតាមយុទ្ធសាស្រ្ត “ផ្លូវ និងខ្សែក្រវ៉ាត់” របស់លោកប្រធានាធិបតី ស៊ី ជីងភីង និងជាពិសេសស្របតាមសុឆន្ទ:របស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។
លោក ZHAO Bo បន្តថា គោលបំណងនៃដំណើរទស្សនកិច្ចមកកម្ពុជា នាពេលនេះគឺទី១- ស្វែងយល់បន្ថែមពីសក្តានុពលដំណាំដូង ដើម្បីធ្វើការវិនិយោគ និងទី២- សិក្សាលម្អិតអំពីសេចក្តីត្រូវការ លទ្ធភាពផ្គត់ផ្គង់ផ្លែដូង និងទីផ្សារដើម្បីបង្កើតរោងចក្រកែច្នៃទឹកដូង ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន។
លោកបានបន្ថែមថាក្រុមហ៊ុន Coconut Palm Group គឹជាក្រុមហ៊ុនធំជាងគេនៅប្រទេសចិន មានទីតាំងនៅខេត្តហាយណាន ក្នុងមួយឆ្នាំអាចរកចំណូលបាន៤០០លានដុល្លារពីផលិតផលដូង ក្នុងមួយថ្ងៃប្រើប្រាស់ដូង៦០ម៉ឺនផ្លែ ប្រើនិយោជិក៦ពាន់នាក់បាននាំចេញផលិតផលដូងទៅកាន់៣៨ប្រទេស។
;បច្ចុប្បន្ន ដោយសារផ្លែដូងបានធ្វើឲ្យកសិករខេត្តហាយណាន មានការកែប្រែមុខមាត់ថ្មី ជីវភាពធូរធារ សេដ្ឋកិច្ចគ្រួសាររឹងមាំល្អ។ ហេតុនេះហើយ បានជាក្រុមហ៊ុនសម្រេចចិត្តមកសិក្សាលម្អិតបន្ថែម ដើម្បីធ្វើការវិនិយោគលើដំណាំនេះនៅកម្ពុជា ដែលទាមទារត្រូវការដីចំនួន១៤ពាន់ហ.ត។
លោកសន្យាថា តាមរយ:បច្ចេកទេស ទុនវិនិយោគ បទពិសោធន៍ និងទីផ្សារ នឹងខិតខំអនុវត្តគម្រោងវិនិយោគនេះ ឲ្យទទួលបានជោគជ័យ ហើយភាពជោគជ័យរបស់ក្រុមហ៊ុន គឺជាសមិទ្ធផលនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ជាពិសេសរវាងក្រុមហ៊ុន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោកបានបញ្ជាក់ថា “នឹងរៀបចំក្រុម ការងារបច្ចេកទេសមកកម្ពុជាម្តងទៀតក្នុងពេលឆាប់ៗដើម្បីសិក្សាដី ក្សេត្របរិស្ថាន សក្តានុពលនៅតាមតំបន់ ទីផ្សារ និងច្រកនាំចេញ។ល។”។

លោក រដ្ឋមន្រ្តី វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងរុក្ខាប្រមាញ និងនេសាទ បានសម្តែងការស្វាគមន៍ រីករាយ និងគាំទ្រចំពោះឆន្ទ:វិនិយោគលើដំណាំដូង និងបង្កើតរោងចក្រកែច្នៃដូងនៅកម្ពុជា ព្រោះថាវាស្របពេលដែលក្រសួង ក៏ដូចជារាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយយកចិត្តទុកដាក់លើការ លើកកម្ពស់កម្រិតជីវភាពរបស់កសិករ តាមរយ:ការលើកកម្ពស់ផលិតភាពផលិតកម្ម កសិកម្ម អនុវត្តបច្ចេកវិទ្យាកសិកម្មទាន់សម័យ ថ្លៃដើមតិច បរិមាណ គុណភាព តម្លៃបន្ថែម ការកែច្នៃ ប្រកួតប្រជែង និងមានទីផ្សារនាំចេញ ហើយជាពិសេសដំណាំដូង ដែលកសិករនិយមដាំតាមរបងផ្ទះ ហើយបច្ចុប្បន្នមានចំការធំៗទៀតផង។
លោកបន្តថា ប្រសិនបើយើងបញ្ចូលបច្ចេកទេសដាំដុះ សមស្របមួយឲ្យអ្នកផលិត និងរៀបចំក្រុម ឬសហគមន៍ផលិត យើងសង្ឃឹមថាផលិតផលដូងនឹងមានតម្លៃបន្ថែមខ្ពស់ ដោយសារមានតម្រូវការទីផ្សារ។
លោកបានជូនមតិដល់ក្រុមហ៊ុនថាទី១- ក្រុមហ៊ុនគួរសហការជាមួយប្រជាជន ឬម្ចាស់ចំការ ប្រមូលទិញផលិតផលតាមរយ: contract farming ផ្តល់ពូជ បច្ចេកទេស និងជី ហើយបើអនុវត្តតាមរបៀបនេះ អាចចាប់ផ្តើមបានឆាប់ ជាពិសេសកសិករនៅខេត្តកំពត តាកែវ កោះកុង និងខេត្តព្រះសីហនុ ដែលសុទ្ធតែជាតំបន់មានសក្តានុពល។ ទី២- ប្រើប្រាស់ដីសប្បទានដែលមាន ស្រាប់ តែត្រូវសហការជាមួយសប្បទានិក ដែលមិនបានប្រើប្រាស់ឲ្យអស់សក្តានុពល ប៉ុន្តែគួរសិក្សាពីលក្ខណដីផងដែរ ចំណុចនេះទាមទាពេលវេលា សិក្សាស្រាវជ្រាវឲ្យបានស៊ីជម្រៅ។
លោកបានសម្តែងនូវការគាំទ្រលើគម្រោវិនិយោគនេះ ព្រោះចំណូលបានពីផលិតកម្មស្រូវ មិនអាចធានាបាននូវសន្តិសុខស្បៀងក្នុងគ្រួសារ និងលើកកម្ពស់កម្រិតជីវភាពបានឡើង។ ដូច្នេះលោកចង់ឲ្យកសិករគិតគូ ប្តូរពីដំណាំស្រូវមកដាំដំណាំដូងវិញ ជាពិសេសកសិករនៅខេត្តកំពត និងតាកែវ៕






