ដោយៈ រ៉ាណេត
សៀមរាបៈ ទំហំហិរប្បទានសហប្រតិបត្តិការ ដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍ទាំងអស់សម្រាប់កម្ពុជានៅត្រឹមឆ្នាំ២០១៩នេះ អាចនឹងឈានដល់ប្រមាណ១៨០០លានដុល្លារ ខណៈដែលគិតត្រឹមឆ្នាំ២០១៨កន្លងទៅ មានត្រឹម១៤០០លានដុល្លារតែប៉ុណ្ណោះ។
ទំហំហិរប្បទានសហប្រតិបត្តិការ ដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍ទាំងអស់ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ២០១៤ – ២០១៨ មានទំហំប្រមាណ១ ៤០០លានដុល្លារ ក្នុងមួយឆ្នាំ ហើយទំហំហិរញ្ញប្បទាននេះ នឹងមានការកើនឡើងដល់ប្រមាណ១៨០០ លានដុល្លារ ក្នុងឆ្នាំ២០១៩ ដើម្បីគាំទ្រដល់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុងយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៣ និងទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់ជាតិ។
នៅក្នុងសន្ទុរកថាបិទអង្គវិប្សសនា កាលពីថ្ងៃ១៨ខែធ្នូ ឆ្នាំ២០១៩ រៀបចំឡើងដោយគណកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោកឈៀង យ៉ាណារ៉ា បានកោតសរសើរចំពោះវឌ្ឍនភាពសម្រេចបានរបស់នាយកដ្ឋាននីមួយៗនៅក្នុងឆ្នាំ២០១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្រោមការរួមចំណែករបស់មន្ត្រីទាំងអស់ ក្នុងការអនុវត្តផែនការសកម្មភាពឆ្នាំ២០១៩។
ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណ ចំពោះដៃគូអភិវឌ្ឍន៍ទាំងអស់ដែលរួមមានដូចជា ទីភ្នាក់ងារ JICA និង KOICA ដែលតែងតែសហការយ៉ាងជិតស្និទ្ធជាមួយរាជរ ដ្ឋាភិបាលកម្ពុជា។
នៅក្នុងឱកាសនេះ តំណាងទីភ្នាក់ងារ JICA និង KOICA ក៏បានធ្វើបទបង្ហាញសង្ខេបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅកម្ពុជា ក៏ដូចជា ផែនការយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិអភិវឌ្ឍន៍របស់ខ្លួននាពេលអនាគត ដល់អង្គវិប្បសនា ដើម្បីជាចំណេះដឹង និងធាតុចូលបន្ថែមសម្រាប់មន្ត្រីពាក់ព័ន្ធផងដែរ៕






