រដ្ឋាភិបាល​ជំរុញ​ឱ្យ​អ្នក​វិយោគ​ជប៉ុន​វិនិយោគ​នៅ​ឆ្នេរ​អង្កោល​ និង​កោះទន្សាយ​ ខេត្ត​កែប

0

​ដោយ ​វុត្ថា

​ខេត្តកំពត​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ប្រាប់​ក្រុម​វិនិយោគិន​ជប៉ុន​នេះ​ ឱ្យ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​កែប​ ពិសេស​គឺ​ឆ្នេរ​អង្កោល​ និង​កោះទន្សាយ​ ដែល​អាច​វិនិយោគ​ទៅជា​តំបន់​ទេសចរណ៍​ថ្មី​ ព្រោះ​ជា​ឆ្នេរ​នេះ​ជា​ឆ្នេរ​ធម្មជាតិ​ តែ​មិនទាន់​មានការ​អភិវឌ្ឍ​ឱ្យ​បាន​លេច​ធ្លោ​រនៅ​ឡើយ​។

លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ នៅក្នុង​ជំនួប​ជាមួយ​វិនិយោគិន​ជប៉ុន​មួយ​ក្រុម​ដែល​ខំ​ស្កាត់​មក​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​ ១៨​ ខែធ្នូ​ ឆ្នាំ​ ២០១៩ម្សិលមិញ​នេះ​ថា​ ប្រសិនបើ​ឆ្នេរ​នេះ​ត្រូវ​អភិវឌ្ឍន៍​ទៅជា​តំបន់​ទេសចរណ៍​បាន​ល្អ​ វា​នឹង​ក្លាយជា​មេដែក​ដ៏​សំខាន់​ក្នុង​ការ​ស្រូប​យក​ភ្ញៀវ​ទេសចរ​ពីគ្រប់ទិស​ទី​ ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ខេត្ត​កែប​ ជា​តំបន់់​ទេសចរណ៍​សម្រាក​លម្ហែ​កម្រិតខ្ពស់​ ហើយ​ខេត្ត​កែប​បច្ចុប្បន្ន​ក៏​មាន​ឆ្នេរកែប​រួចហើយ​ដែរ​ ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន​យ៉ាងច្រើន​។

លោក​បន្ត​ថា​ បច្ចុប្បន្ន​ ក្រសួងទេសចរណ៍​កំពុង​សិក្សា​រៀបចំផែនការ​មេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​កែប​ ហើយ​កំពុង​ត្រូវការ​អ្នកជំនាញ​បន្ថែម​ទៀតផង​ដែរ​ ដើម្បី​សម្រេច​កិច្ចការ​ងារ​នេះ​ សំដៅ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​នេះ​កាន់តែ​មាន​ភាព​រីកចម្រើន​ខ្លាំង​ឡើង​ ខណៈ​ឆ្នេរសមុទ្រ​កម្ពុជា​ក៏បាន​ជាប់​ជា​ឆ្នេរ​ស្អាត​ជាងគេ​បំផុត​លើ​ពិ​ភព​ពលោ​ក របស់​ក្លឹប​ឆ្នេរសមុទ្រ​ស្អាត​ជាងគេ​បំផុត​លើ​ពិភពលោក​។

លោក​បន្ថែម​ថា​ បច្ចុប្បន្ន​ ផ្សារ​ក្ដាម​នៅ​ខេត្ត​កែប​ក៏​កំពុង​ទទួល​បាន​គម្រោង​អភិវឌ្ឍន៍​ទៅជា​ផ្សារ​ទេសចរណ៍​ ដែល​មាន​អនាម័យ​ បរិស្ថាន​ សណ្ដាប់ធ្នាប់​ ក្រោម​គម្រោង​អភិវឌ្ឍន៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​)។

លោក​រដ្ឋមន្ត្រី​ ថោង​ ខុន​ បាន​ណែនាំ​ពី​ឱកាស​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​តំបន់​ផ្សេងទៀត​ ដូចជា​តំបន់​កសិ​ទេសចរណ៍​កូនសត្វ​ ខេត្តកំពត​ ដែល​មាន​ចម្ការ​ម្រេច​ ចម្ការ​ផ្សេងទៀត​ ហើយក៏​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ខេត្ត​កែប​ប៉ុន្មាន​ដែរ​។

តំបន់​ទេសចរណ៍​ធម្មជាតិ​ទេ​ទឹកពុះ​ នៅ​ខេត្ត​កំពង់ស្ពឺ​ ដែល​កំពុង​រង់ចាំ​អ្នក​វិនិយោគ​ទៅ​ធ្វើការ​វិនិយោគ​អភិវឌ្ឍន៍​ឱ្យ​កាន់តែ​មាន​សក្ដានុពល​ទាក់ទាញ​។ ក្រុម​អ្នក​វិនិយោគ​ជប៉ុន​ ក៏​មានការ​ចាប់អារម្មណ៍​លើ​រមណីយដ្ឋាន​ធម្មជាតិ​ទេ​ទឹកពុះ​ផង​ដែរ​ ដោយ​បង្ហើប​ឱ្យ​ដឹង​ថា​ តំបន់​នោះ​នៅ​មានលទ្ធភាព​ជំរុញ​ឱ្យ​មានការ​រីកចម្រើន​លើស​ពី​ពេល​បច្ចុប្បន្ន​ ហើយ​ក្រុម​នេះ​នឹង​ពិចារណា​លើ​ចំណុច​នេះ​។

ក្រុម​វិនិយោគិន​ជប៉ុន​ក៏​មានការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ ចំពោះ​សម្រស់​ផ្កាថ្ម​នៅ​សមុទ្រ​កម្ពុជា​ផង​ដែរ​ ពិសេស​ខេត្ត​ព្រះសីហនុ​ ខេត្ត​កែប​ជាដើម​។

លោក​រដ្ឋមន្ត្រី​ ថោង​ ខុន​ បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា​ ការ​វិនិយោគ​នៅ​តំបន់​ទេសចរណ៍​ទាំង៣ខាងលើ​នេះ​ ជប៉ុន​ប្រាកដជា​អាច​ធ្វើ​ទៅ​បាន​ ព្រោះ​អ្នក​វិនិយោគិន​ជប៉ុន​មាន​ជំនាញ​លើ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រភេទ​នោះ​ស្រាប់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here