ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងវៀតណាមបាននឹងកំពុងរិះរកមធ្យោបាយដោះស្រាយ ការកកស្ទះចរាចរណ៍ទំនិញតាមរថយន្តនៅព្រំដែនអន្តរជាតិបាវិត ខណៈបច្ចុប្បន្ននេះមានកង់តឺនើរាប់រយគ្រឿងដែលដឹកទំនិញចេញ-ចូលនៃប្រទេសទាំងពីកំពុងមានការកកស្ទះយ៉ាងខ្លំាង។

លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកម្មវិធីការចុះត្រួតពិនិត្យផ្ទាល់ច្រកសេដ្ឋកិច្ចបាវិត ជាមួយ លោក NGUYEN VAN THE រដ្ឋមន្ត្រី ដឹកជញ្ជូនវៀតណាមនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៩ នេះថា ក្រោយចុះត្រួតពនិត្យនេះ ក្នុងដំណាក់កាលទី១ លោករដ្ឋមន្ត្រីនិងទៅប្រជុំជាមួយភាគីវៀតណាមនៅក្នុងប្រទេសវៀតណាមដើម្បីស្តាប់យោបល់ខាងភាគីវៀតណាម ដើម្បីដាក់ជូនទៅសម្តេចតេជោ ។
លោករដ្ឋមន្ត្រីបន្តថា ខាងភាគីវៀតណាមមានដីប្រមាណ ៥០ ហិកតាដើម្បីជាកន្លែងត្រួតពិនិត្យរួមគ្នាក្នុងការដោះស្រាយកកស្ទះរថយន្តដឹកទំនិញនេះស្របតាមប្រទេសនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ និង អាស៊ានទាំងមូលផងដែរ ដើម្បីបង្កភាពងាយស្រួលក្នុងដឹកទំនិញចេញចូលនៃប្រទេសទាំងពីរ។
លោកបន្ថែមថា ខាងភាគីវៀតណាមចង់ស្នើសុំក្រុមហ៊ុនពិគ្រោះយោបល់អោយគូសប្លង់នៅលើដី ៥០ ហិកតា នេះ ឱ្យយើងត្រួតពិនិត្យ និងសម្រេច នៅពេលយើងបានគំរូប្លង់ហើយ យើងនឹងប្រជុំពិភាក្សាផ្ទៃក្នុងគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់របាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែនសម្រេច ដើម្បីពិនិត្យ និងសម្រេច ជាចុងក្រោយ ព្រោះវាពាក់ព័ន្ធច្រើនទៅនឹងអធិតេយ្យភាព និងគយជាដើម។
លោកបន្តថា តែជាគោលការណ៍នៃអាស៊ាន គឺ គយវៀតណាមអាចធ្វើការនៅលើទឹកដីកម្ពុជា រីឯគយកម្ពុជាក៏អាចធ្វើការនៅលើទឹកដីវៀណាមបានផងដែរ ដើម្បីបង្កភាពងាយស្រួលក្នុងការដឹកទំនិញឆ្លងកាត់នៅតាមព្រំដែននៃប្រទេសមហាអនុតំបន់ទន្លេមេគង្គនេះ។

លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា បច្ចុប្បន្ននេះ មានរថយន្តដឹកទំនិញ មានរថយន្តដែលមានឯកសារគ្រប់គ្រាន់ និងមិនគ្រប់គ្រាន់ និងមានកុងតើនឺដែលឆ្លងកាត់ច្រកព្រំដែនបាវិតចំនួនប្រមាណ ៣៥០ ទៅ ៤០០ កុងតឺនើ ដែលធ្វើឱ្យមានកកស្ទះបន្តកន្ទុយគ្នា ដោយពេលខ្លះជាប់រ៉ាប់ម៉ោង៕






