ការព្យាករណ៍​៖ សេដ្ឋកិច្ច​ហ្វីលីពីន​នឹង​ហក់​ឡើង​សម្រាប់​រយៈ​មធ្យម​ខាងមុខ​

0

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ រដ្ឋលេខាធិការ​ផែនការ​សេដ្ឋកិច្ច​សង្គម​បាន​និយាយ​កាលពី​ថ្ងៃ​ ពុធ​ ថា​ សេដ្ឋកិច្ច​ហ្វីលីពីន​នឹង​បន្ត​កើនឡើង​ដល់​ ៧,៥​ ភាគរយ​រហូតដល់​ឆ្នាំ​ ២០២២​ ទោះបី​មានការ​ធ្លាក់ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ក៏ដោយ​។

រដ្ឋលេខាធិការ​ផែនការ​សេដ្ឋកិច្ច​របស់​ហ្វីលីពីន​លោក​ Ernesto​ Pernia​ មានប្រសាសន៍​ថា​ “កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​យើង​ត្រូវ​បាន​ព្យាករ​ថា​នឹង​មាន​ចន្លោះ​ពី​ ៦ ទៅ​ ៦,៥​ ភាគរយ​សម្រាប់​ឆ្នាំ​ ២០១៩​ និង​ពី​ ៦,៥​ ទៅ​ ៧,៥​ ភាគរយ​នៅ​ឆ្នាំ​ ២០២០​ ដល់​ ២០២២​”។

សេដ្ឋកិច្ច​ហ្វីលីពីន​បាន​បន្ត​រីកចម្រើន​នៅ​ឆ្នាំនេះ​ ហើយ​នៅតែ​ជា​ប្រទេស​មួយ​ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង​បំផុត​នៅ​អាស៊ី​ ខណៈ​ប្រទេស​ដែល​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​ដទៃទៀត​នៅក្នុង​តំបន់​នេះ​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​។

អង្គការ​សហប្រតិបត្តិ​ការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (OECD​) បាន​បញ្ជាក់​ថា​ ផល​ប៉ះពាល់​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​បាន​បណ្តាល​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ដូច​កម្រិត​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំ​កាលពី​ ១០​ ឆ្នាំមុន​ជាមួយ​តំបន់​អាស៊ី​។

លោក​ Pernia​ ក៏បាន​និយាយ​ផង​ដែរ​ថា​ ការ​ស្ទុះ​ងើបឡើង​នៃ​សេដ្ឋកិច្ច​បាន​កាត់បន្ថយ​ចំនួន​ប្រជាជន​ក្នុង​ភាព​ក្រីក្រ​យ៉ាង​ខ្លាំង​។ នៅ​ឆ្នាំ​ ២០១៥​ ប្រជាជន​ ២៣,៥​ លាន​នាក់​ត្រូវ​បាន​រាយការណ៍​ថា​កំពុង​រស់នៅ​ក្នុង​ភាព​ក្រីក្រ​។ ប៉ុន្តែ​នៅ​ឆ្នាំ​ ២០១៨​ ចំនួន​នេះ​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង​ដល់​ ១៧,៦​ លាន​នាក់​នៅ​ឆ្នាំ​ ២០១៨​។ លោក​ Pernia​ មានប្រសាសន៍​ថា​ “នេះ​មានន័យថា​ យើង​បាន​ធ្វើ​ឱ្យ​ប្រជាជន​ហ្វីលីពីន​ចំនួន​ ៥,៩​ លាន​នាក់​ចេញពី​ភាព​ក្រីក្រ​នៅចន្លោះ​ឆ្នាំ​ ២០១៥​ និង​ ២០១៨​”។

សេដ្ឋកិច្ច​របស់​ហ្វីលីពីន​ស្ថិតនៅ​លើ​ផ្លូវ​ក្លាយ​ប្រទេស​សេដ្ឋកិច្ច​ធំ​ទី​ ២ ក្នុង​អាស៊ាន​។ នេះ​បើ​យោង​តាម​ការព្យាករណ៍​សេដ្ឋកិច្ច​អាស៊ី​ថ្មី​ដែល​បាន​ចេញផ្សាយ​កាលពីដើម​ខែ​នេះ​។

មជ្ឈមណ្ឌល​ស្រាវជ្រាវ​សេដ្ឋកិច្ច​ជប៉ុន​ (JCER​) បាន​បញ្ជាក់​ថា​ ការ​ផ្លាស់​ប្តូរ​ឌីជីថល​នៃ​សេដ្ឋកិច្ច​អាស៊ាន​នឹង​ជំរុញ​កំណើន​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ហ្វីលីពីន​។ របាយការណ៍​របស់​ JCER​ បាន​និយាយ​ថា​ ហ្វីលីពីន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ក្លាយជា​ប្រទេស​អាស៊ាន​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទី​ ២ បន្ទាប់​ពី​ឥណ្ឌូ​នេ​ស៊ី​ទាក់ទង​នឹង​ទំហំ​សេដ្ឋកិច្ច​៕

LEAVE A REPLY

Please enter your comment!
Please enter your name here