ដោយ ប៊ី
ភ្នំពេញៈ ចំនួនអ្នកដំណើរនៅព្រលានយន្តហោះកម្ពុជា បានកើនឡើង១២ភាគរយក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំនេះ ដោយសារតែមានផ្លូវអាកាសថ្មី និងក្រុមហ៊ុនអាកាសចរណ៍ថ្មីៗកំពុងត្រូវបានដាក់ឱ្យដំណើរការ។
យោងតាមតួលេខពីក្រុមហ៊ុន កម្ពុជា អ៊ែរផត ដែលគ្រប់គ្រងព្រលានយន្តហោះអន្តរជាតិចំនួន៣នៅកម្ពុជារួមមានព្រលានយន្តហោះអន្តរជាតិភ្នំពេញ ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ និងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបបានបង្ហាញថា ចាប់ពីខែ មករាដល់ខែ វិច្ឆិកា អ្នកដំណើរមានចំនួន១០,៦លាននាក់។
អាកាសយានដ្ឋានភ្នំពេញ និងក្រុងព្រះសីហនុ មានការកើនឡើងនូវចរាចរណ៍ច្រើនជាងគេ ខណៈអាកាសយានដ្ឋានសៀមរាប ជួបការធ្លាក់ចុះចរាចរណ៍យន្តហោះ។
អាកាសយានដ្ឋានភ្នំពេញ បានដឹកអ្នកដំណើរចំនួន៥,៥ លាននាក់កើនឡើង១២ ភាគរយ ហើយអាកាសយានដ្ឋានក្រុងព្រះសីហនុ ទទួលបានកំណត់ត្រាខ្ពស់ដោយមានកំណើន១៧៧ភាគរយ ស្មើនឹងចំនួនអ្នកដំណើរចំនួន១,៥លាននាក់។
ផ្ទុយទៅវិញ អាកាសយានដ្ឋានខេត្តសៀមរាបឃើញថា ចរាចរណ៍អ្នកដំណើរធ្លាក់ចុះ១១ភាគរយ ដោយមានចំនួនអ្នកធ្វើដំណើរស្មើនឹង៣,៥លាននាក់។
លោកខែក ណូរីនដា ប្រធានផ្នែកទំនាក់ទំនង និងទីផ្សារក្រុមហ៊ុនកម្ពុជា អ៊ែរផត ត្រូវបានរាយការណ៍ថា “សម្រាប់អាកាសយានដ្ឋានភ្នំពេញ ការរីកចម្រើនត្រូវបានជំរុញដោយក្រុមហ៊ុនអាកាសចរណ៍ថ្មី និងផ្លូវហោះហើរ”។
លោកបន្តថា “សម្រាប់ក្រុងព្រះសីហនុ ក្រុមហ៊ុនអាកាសចរណ៍ និងផ្លូវហោះហើរថ្មីគឺជាក្បាលម៉ាស៊ីន នៃកំណើនចំនួនអ្នកធ្វើដំណើរ។ លើសពីនេះទៀត ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក បានប្តូរសេវាកម្មរបស់ពួកគេពីខេត្តសៀមរាប ទៅកាន់់ក្រុងព្រះសីហនុ”។
សម្រាប់ខេត្តសៀមរាបក្រុមហ៊ុនអាកាសចរណ៍មួយចំនួន បានឈប់ហោះហើរនៅទីនោះ។ ឧទាហរណ៍ ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី និងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកបានប្តូរជើងហោះហើររបស់ពួកគេ ទៅកាន់ក្រុងព្រះសីហនុ។

យោងតាមក្រសួងទេសចរណ៍ កម្ពុជាទទួលបានទេសចរបរទេសចំនួន៥,២ លាននាក់ចាប់ពីខែ មករាដល់ខែតុលា ឆ្នាំនេះកើនឡើង៩,៧ ភាគរយ។ ក្នុងចំណោមនោះមាន ៣,៧លាននាក់ បានឆ្លងកាត់ព្រលានយន្តហោះ កើនឡើង១២ភាគរយក្នុងរយៈពេលនេះ។
បច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន៥ និងក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន៤៤៕






