កូរ៉េ​ខាងត្បូង​បាន​បោះទុន​វិនិយោគ​សរុប​ប្រមាណ​ជាង៤៤៧០លាន​ដុល្លារ​នៅ​កម្ពុជា​ក្នុងរយៈពេល​ជាង២០ឆ្នាំ​

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​ មកកាន់​កម្ពុជា​មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​ជាង៤៤៧០​ លាន​ដុល្លារ​ នៅ​កម្ពុជា​ចាប់ពី​ឆ្នាំ១៩៩៦​ ដល់​ខែមករា​ ឆ្នាំ២០១៩នេះ​ ខណៈ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​កូរ៉េ​មាន​ប្រមាណ​ជិត៧០០លាន​ដុល្លារ​ ក្នុងរយៈពេល៩ខែ​ ឆ្នាំ២០១៩នេះ​។

លោក​កុយ​ គួង​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​ ទី២៣​ ខែធ្នូ​ ឆ្នាំ២០១៩កន្លងមក​នេះ​ស្តី​ពី​ លទ្ធផល​ជំនួប​រវាង​លោក​ឧបនាយក​រដ្ឋមន្រ្តី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ ក្នុង​ឱកាស​អនុញ្ញាត​ឲ្យ​លោក​ Park​ Heung​-kyoeng​ ឯកអគ្គ​រដ្ឋទូត​តែងតាំង​ថ្មី​ នៃ​សាធារណរដ្ឋ​កូរ៉េ​ ចូល​ជួប​សម្តែង​ការគួរសម​។

​អ្នកនាំពាក្យ​រូប​នេះ​បាន​ថ្លែង​ថា​ “បើសិន​យើង​មើល​ទុន​វិនិយោគ​កូរ៉េ​ មក​កម្ពុជា​កន្លងមក​ យើង​ឃើញថា​ក្នុង​ឆ្នាំ១៩៩៦​ ដល់​ខែមករា​ឆ្នាំ២០១៩នេះ​ មាន​ប្រមាណ​ជាង​ ៤៤៧០លាន​ដុល្លារ​”។ លោក​ កុយ​ គួង​ បាន​លើកឡើង​ពី​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-កូរ៉េ​ ដោយ​បញ្ជាក់​ថា​ “ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ យើង​ពិនិត្យមើល​ឆ្នាំ២០១៨​ មាន​ប្រមាណ​ជា​ជិត៨០០លាន​ដុល្លារ​ ប៉ុន្តែ​ព័ត៌មាន​ខាង​កូរ៉េ​មាន​ជិត១០០០ពាន់​លាន​ដុល្លារ​។ បើ​ឆ្នាំ២០១៩​ រយៈពេល៩ខែ​នេះ​ ប្រមាណ​ជិត៧០០លាន​ដុល្លារ​”។

បើ​តាម​អ្នកនាំពាក្យ​ សម្រាប់​វិស័យ​ទេសចរណ៍​វិញ​ អ្នកទេសចរ​កូរ៉េ​មក​ទស្សនា​កម្ពុជា​ ក្នុង​មួយ​ឆ្នាំ​ៗប្រមាណ៣០ម៉ឺន​ ទៅ៤០ម៉ឺន​នាក់​។ កម្ពុជា​-កូរ៉េ​ ក៏​ជំរុញ​ឲ្យ​មាន​កំណើន​អ្នកទេសចរ​កាន់តែ​ច្រើន​ ពីព្រោះ​បើ​ពិនិត្យមើល​ជើង​យន្តហោះ​ ដែល​ហោះ​ត្រង់​មក​កម្ពុជា​ប្រមាណ៥០ជើង​ក្នុង​មួយ​សប្តាហ៍​។

លោក​កុយ​ គួង​ បាន​ឲ្យដឹង​ទៀត​ថា​ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​ពី​វិស័យ​កសិកម្ម​ផង​ដែរ​ ដែល​ឯកសារ​ចំនួន៥​ ចុះហត្ថលេខា​នៅ​ទី​ក្រុង​ប៊ូ​សាន​ ក៏​មាន​អនុស្សារ​ណៈ​ការយោគយល់​គ្នា​ លើ​វិស័យ​កសិកម្ម​ ពីព្រោះ​កសិកម្ម​នៅ​កូរ៉េ​ មាន​កសិកម្ម​ទទួលផល​បាន​ច្រើន​ មាន​បច្ចេកវិទ្យា​ទំនើប​លើ​រឿង​កសិកម្ម​។ កម្ពុជា​សង្ឃឹមថា​ នឹង​ធ្វើឲ្យ​វិស័យ​កសិកម្ម​កាន់តែ​ល្អ​ថែមទៀត​ ហើយ​ក្នុង​នោះ​ក៏​មានការ​នឹង​ត្រៀម​នាំ​ផ្លែស្វាយ​កម្ពុជា​ ទៅ​លក់​នៅ​កូរ៉េ​ដែរ​ ស្រប​ពេល​កម្ពុជា​សង្ឃឹមថា​ផ្លែស្វាយ​ នឹង​ទទួល​បាន​នូវ​ការ​គាំទ្រ​ច្រើន​ពី​កូរ៉េ​។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ បាន​បន្ត​ទៀត​ថា​ ចំពោះ​ទំនាក់ទំនង​ផ្នែក​ពហុភាគី​ កម្ពុជា​-កូរ៉េ​ បាន​ពិភាក្សា​ពី​កិច្ច​សហប្រតិបត្តិ​ការ​ ក្នុង​ក្របខណ្ឌ​អាស៊ាន​-កូរ៉េ​ ក៏ដូចជា​មេគង្គ​-កូរ៉េ​ ដែល​កន្លងមក​នេះ​ ប្រធានាធិបតី​កូរ៉េ​ បាន​ផ្តួចផ្តើម​គំនិត​ មាន​គម្រោង​ជាច្រើន​ ដើម្បីឲ្យ​កិច្ច​សហប្រតិបត្តិ​ការ​អាស៊ាន​-កូរ៉េ​ និង​មេគង្គ​-កូរ៉េ​ ឲ្យ​មាន​លក្ខណៈ​រឹងមាំ​ខ្លាំងក្លា​ថែមទៀត​។

ភាគី​ទាំងពីរ​ ក៏បាន​ពិភាក្សា​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​គម្រោង​ទាំងនោះ​ ដំណើរការ​ដោយ​ល្អ​ប្រសើរ​ ជាពិសេស​សេចក្តី​ថ្លែងការណ៍​ ទី​ក្រុង​ប៊ូ​សាន​កន្លងមក​នេះ​ ដែល​ផ្តោត​លើ​វិស័យ៣​ ឬ 3P​ រួមមាន​ People​ (មនុស្ស​) Peace​ (សន្តិភាព​) និង​ Prosperity​ (វិបុលភាព​) ដែល​កូរ៉េ​បាន​ដើរតួ​សំខាន់​ក្នុង​ការងារ​នេះ​ ជាពិសេស​កិច្ច​សហប្រតិបត្តិ​ការ​មេគង្គ​-កូរ៉េ​ ផ្តោត​លើ​ធនធានទឹក​ ដើម្បីឲ្យ​ទឹក​ត្រូវ​ប្រើប្រាស់​បាន​ឲ្យ​ល្អ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here