ដោយ វុត្ថា
ភ្នំពេញ៖ វិនិយោគិនចិនបានសម្រេចបោះទុនប្រមាណ ១០លានដុល្លារអាម៉េរិក ដើម្បីបង្កើតក្រុមហ៊ុនចំនួន២ នៅកម្ពុជាគឺ King Shore Construction Cambodia Ltd និងក្រុមហ៊ុន King Shore Glass (Cambodia ) Co., Ltd. ក្នុងគោលបំណងវិនិយោគ និងធ្វើអាជីវកម្មលើវិស័យសំណង់ និងការឌីហ្សាញ តុបតែង។

លោក ជាំង តាយអ៊ីន នាយកប្រតិបត្តិក្រុមហ៊ុន King Shore Construction បានថ្លែងក្នុងពិធីបើកសម្ពោធដាក់ឪ្យដំណើរក្រុមហ៊ុនទាំង២កាលពីពេលថ្មីៗនេះថា កម្ពុជា និងចិនមានទំនាក់ទំនងល្អ និងជិតស្និទ្ធ កម្ពុជាមានសុខសន្តិភាព កំណើនសេដ្ឋកិច្ចថេរ និង មានសក្តានុពលផ្នែកវិស័យសំណង់ ។ទាំងនេះជាមូលហេតុដែលលោកបានចូលមកវិនិយោគនៅកម្ពុជា ។
លោកបន្តថា ឃីង ស ខន់ស្រ្តាក់សិន នឹងនាំមកនូវវិស័យសំណង់ និងការតុបតែងដែលល្អ មានគុណភាពខ្ពស់ និងស្តង់ដារអន្តរជាតិ មកជួយអភិវឌ្ឍកម្ពុជា ជាពិសេសចូលរួមចំណែកធ្វើឱ្យវិស័យសំណង់នៅកម្ពុជាកាន់តែរីកចម្រើន ។
លោក ជួង ហួយហ័រ ប្រធានក្រុមប្រឹក្សាភិបាល King Shore Construction បានបញ្ជាក់ថា ការចូលមកវិនិយោគនៅកម្ពុជារបស់ក្រុមហ៊ុន គឺជាសមិទ្ធផលមួយនៃគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយ លោកថា នឹងខិតខំដើម្បីជួយអភិវឌ្ឍនិងជំរុញសេដ្ឋកិច្ចប្រទេសកម្ពុជា ដោយឈរលើផលប្រយោជន៍រួម ។
លោកបានឱ្យដឹងដែរថា គោលដៅរបស់លោកគឺចង់ធ្វើឱ្យ King Shore Construction ក្លាយជាសហគ្រាសខាងតុបតែងស្ថាបត្យកម្មលំដាប់លេខ១នៅកម្ពុជា នៅក្នុងរយៈពេល៣ទៅ៥ឆ្នាំខាងមុខ និង ពង្រីកទៅទីផ្សារអាស៊ានដោយយកកម្ពុជាជាទីផ្សារមូលដ្ឋានយុទ្ធសាស្ត្រ ។
លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញបានសម្តែងនូវការស្វាគម និងអបអរសាទរចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន King Shore Construction ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសាជីវកម្មចិន ដែលបានបើកដំណើរអាជីវកម្មរបស់ខ្លួននៅកម្ពុជា លើវិស័យឧស្សាហកម្មសំណង់ និងឌេគ័រសំណង់អគារ ។
លោកថា តាមរយៈវត្តមានរបស់ក្រុមហ៊ុន King Shore Construction នឹងរួមចំណែកធ្វើឱ្យការតុបតែងលម្អសំណង់អគារទាំងក្នុងមូលដ្ឋានរាជធានីភ្នំពេញ និង តាមបណ្តាខេត្តនានា កាន់តែមានវឌ្ឍនភាព គុណភាព និងប្រណីតភាព តាមរយៈការរួមបញ្ចូលនៃគំនិតស្ថាបត្យកម្មថ្មីៗជាមួយនឹងស្ថាបត្យកម្មក្នុងស្រុក បង្កើតបានជារចនាបទនៃសំណង់ទំនើប ទាន់សម័យ និងនៅតែរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ ។
លោកឱ្យដឹងទៀតថា នេះមិនត្រឹមតែជាសក្ខីភាពបញ្ជាក់ឃើញនូវការចូលរួមអបអរសាទរ និងគាំទ្រចំពោះការវិនិយោគរបស់ក្រុមហ៊ុនបរទេស ក្នុងភាពជាដៃគូជាមួយនិងក្រុមហ៊ុនក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគ ជ័យថ្មីមួយទៀត នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំទាក់ទាញការវិនិយោគទាំងក្នុង និងក្រៅប្រទេស ពិសេសគឺការខិតខំបង្កើននូវទំនុកចិត្ត និងជំនឿជឿជាក់ជូនដល់វិនិយោគិន-ធុរជន ។
លោអភិបាលរងបន្ថែមទៀតថា វិស័យអចលនទ្រព្យ គឺជាជន្ទល់ដ៏សំខាន់មួយ នៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ម៉្លោះហើយការសម្រេចចិត្តវិនិយោគក្នុងវិស័យឧស្សាហកម្មសំណង់ និងដេគ័រសំណង់អគារ ពិតជាមានតម្រូវការក្នុងអត្រាខ្ពស់ និងនៅមានភាពទូលំទូលាយ ដើម្បីគាំទ្រដល់ការលូតលាស់ផ្នែកអចលនទ្រព្យ និងដើម្បីបង្កើនភាពធន់នៃវិស័យឯកជន ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថា ជាកម្លាំងចលករនៃការអភិវឌ្ឍ និងជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ ៕






