ដោយ វុត្ថា
ភ្នំពេញ: គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០១៩ សហគ្រាសធុនតូច និងមធ្យម (SME) ក្នុងខេត្តព្រះសីហនុ មានចំនួន ៣,១១០ មូលដ្ឋាន និងប្រើប្រាស់កម្លាំងពលកម្មជាច្រើននាក់។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានផ្សព្វផ្សាយកាលពីកន្លងទៅថ្មីៗនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការលើកទឹកចិត្តផ្នែកគយនិងផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូចនិងមធ្យម នៅក្នុងខេត្តព្រះសីហនុ។

លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានគូសបញ្ជាក់ថា សហគ្រាសធុនតូចនិងមធ្យម គឺជាឆ្អឹងខ្នងសេដ្ឋកិច្ច និងជាកម្លាំងចលករដ៏ខ្លាំងមួយ ក្នុងការជំរុញកំណើននិងបង្កើតការងារ។
លោកបន្តថា ក្នុងបរិបទនេះ កម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការជាច្រើនដើម្បីគាំទ្រវិស័យ សហគ្រាសធុនតូចនិងមធ្យម ដូចមានចែងក្នុងឯកសារគោលនយោបាយ និងឯកសារយុទ្ធសាស្រ្ត រួមមាន៖
(១). គោល នយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ (២). យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និង (៣). យុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣។
លោកបន្ថែមថាកន្លងមក រាជរដ្ឋាភិបាលធ្លាប់បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ក្នុងការគាំទ្រដល់វិស័យកសិកម្ម និងសហគ្រាសធុនតូចនិងមធ្យម រួមមាន ការបញ្ចុះអត្រាពន្ធគយ អត្រាអាករពិសេស ការដាក់អាករលើតម្លៃបន្ថែមជាបន្ទុករដ្ឋ និងការដាក់អាករនាំចេញជាបន្ទុករដ្ឋលើមុខទំនិញជាជីកសិកម្ម ពូជដំណាំ ពូជសត្វ បសុឱសថ ចំណីសត្វ សម្ភារគ្រឿងចក្រកសិកម្ម និងវត្ថុធាតុដើមផលិតកម្មបម្រើក្នុងវិស័យទាំងនេះ។

លោកបន្ថែមថា ដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងដើម្បីលើកស្ទួយបន្ថែមទៀតដល់សហគ្រាសធុនតូចនិងមធ្យម ថ្មីៗនេះ រាជរដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្តផ្នែកគយ និងផ្នែកពន្ធដារ តាមរយៈអនុក្រឹត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ និងអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ដែលផ្តោតលើវិស័យអាទិភាពចំនួន ៨ រួមមាន៖ (១).សហ-គ្រាសផលិតនិងផ្គត់ផ្គង់ទឹកស្អាត, (២).ផលិតកម្មកសិកម្ម ឬកសិ-ឧស្សាហកម្ម, (៣).ផលិតកម្មផលិត និងកែច្នៃម្ហូបអាហារ, (៤).កម្មន្តសាលផលិតទំនិញបម្រើឱ្យការនាំចេញ, (៥).កម្មន្តសាលផលិតទំនិញប្រើប្រាស់ក្នុងស្រុក កែច្នៃកាកសំណល់ និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍, (៦).កម្មន្តសាលផលិតនូវផលិតផលសម្រេច ឬផលិតផលពាក់កណ្តាលសម្រេច ឬផ្នែក ឬគ្រឿងបង្គុំ ដើម្បីផ្គត់ផ្គង់ឱ្យកម្មន្តសាលដទៃទៀត, (៧).ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានដែលមានលក្ខណៈនវានុវត្តន៍ និង (៨).អ្នកអភិវឌ្ឍន៍តំបន់ប្រមូលផ្តុំសហគ្រាសធុនតូចនិងមធ្យម៕







