ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ជាការធានាដល់សុវត្ថិភាព និងភាពសុខរបស់ប្រជាពលរដ្ឋក្នុងការកាន់កាប់ដីធ្លីជាកម្មសិទ្ធិស្របច្បាប់ នៅត្រឹមឆ្នាំ២០២១ ខាងមុខនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងធ្វើការចុះបញ្ជីចំនួន ៧លានក្បាលដី ជូនដល់ប្រជាពលរដ្ឋ ។
លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជា សុផារ៉ា បានប្រកាសនៅក្នុងឱបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅសម្រាប់អនុវត្តនៅឆ្នាំ២០២០ កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញថា នៅឆ្នាំ២០២១ ខាងមុខនេះ ក្រសួងរៀបចំដែនដី នឹងចុះបញ្ជីក្បាលដី ៧លានក្បាលដី ជូនដល់ប្រជាពលរដ្ឋឱ្យអស់ ខណៈនៅឆ្នាំ២០១៩នេះ ក្រុមការងារបានចុះបញ្ជីក្បាលដី បាន ៨០.២២ភាគរយរួចទៅហើយ។
-->
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានមានប្រសាសន៍ថា ៖ “សូមឱ្យទាំងអស់គ្នា ទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តពុះពារនៅក្នុងការចុះបញ្ជីដីធ្លី ដែលសព្វថ្ងៃនេះយើងធ្វើការបូកសរុបបាន៨០.២២ភាគរយ នៃការចុះបញ្ជីដីធ្លីនេះ គោលដៅដ៏ចម្បងនេះយើងត្រូវជំរុញ៩៤ភាគរយ នៅឆ្នាំ២០២០ ហើយត្រូវចប់នៅខែធ្នូ ពេលសន្និបាតឆ្នាំ២០២១ គឺត្រូវបញ្ចប់ការចុះបញ្ជីក្បាលដីជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលប៉ាន់ស្មានមានជាង៧លានក្បាលដី”។
លោកបានសង្កត់ធ្ងន់ថា ការចុះបញ្ជីក្បាលជូនប្រជាពលរដ្ឋឱ្យអស់នៅឆ្នាំ២០២១ ខាងមុខនេះ គឺជាការងារដ៏សំខាន់បំផុត ដើម្បីឱ្យការគ្រប់គ្រងដីមានសុវត្ថិភាព មានបណ្ណសម្គាល់អចលវត្ថុជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ព្រមទាំងធ្វើឱ្យមានស្ថិរភាព ហើយបណ្ណនេះក្លាយទៅជាទុន ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានខិតខំធ្វើការបែងចែកជូនដល់ប្រជាពលរដ្ឋ មាន៥ដំណាក់កាលកន្លងផុតទៅហើយ។
ចាប់ពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានផ្តល់បណ្ណកម្មសិទ្ធិ ទទួលស្គាល់សិទ្ធិកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋបាន ៥ដំណាក់កាល ដូច្នេះការផ្តល់បណ្ណកម្មសិទ្ធិទាំង៥ដំណាក់កាល បានក្លាយជាទុនដែលរដ្ឋបានផ្តល់ជូនដល់ប្រជាពលរដ្ឋទាំងអស់។
ការផ្តល់ជូនបណ្ណកម្មសិទ្ធិលើដីធ្លីនេះហើយ បាននាំមកនូវសក្តានុពលលើផ្នែកសេដ្ឋកិច្ចនៅក្នុងក្រុមគ្រួសារ និងអាចស្វែងរកដៃគូរអភិវឌ្ឍនានា មកធ្វើការអភិវឌ្ឍទៅលើដីធ្លីរបស់ពួកគាត់ជាដើម។ និយាយម្យ៉ាងទៀត វាបានក្លាយទៅជាការជំរុញអនុវត្តន៍ការដោះស្រាយវិវាទដីធ្លីផងដែរ។

លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា “យើងនៅសល់ ២២០០ ករណីទៀត នៅទូទាំងប្រទេស ដែលមិនទានបានដោះស្រាយបញ្ចប់តាមរយៈយន្តការទាំងអស់ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរដោះស្រាយទំនាស់ដីធ្លី នៅពេលដែលសកម្មភាព នៃការចុះបញ្ជីដីធ្លីរបស់យើងដំណើរការបានទៅមុខថែមទៀត រហូតដល់ ៩៤ ភាគរយ បើចុះបញ្ជីបានមានន័យថា ដីទាំងនេះ គឺគ្មានទំនាស់ យើយអាចប្រកាសតំបន់វិនិឆ្ឆ័យបាន ហើយយើងចេញបណ្ណកម្មសិទ្ធិ ជូនដល់ប្រជាពលរដ្ឋ”៕