ដោយ ប៊ី
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា ជំនួបប្រជុំនៅក្នុងរយៈពេលចុងក្រោយរវាងចិន ជប៉ុន និងកូរ៉េខាងត្បូងនឹងជះឥទ្ធិពលល្អ សម្រាប់សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាន ខណៈចិនបាននិងកំពុងដើរតួនាទី ជាអ្នកសម្រុះសម្រួលក្នុងជំនួបពហុភាគី។

សម្តេចតេជោហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅវិទ្យាស្ថានជាតិអប់រំនាព្រឹកថ្ងៃទី២៦ ធ្នូនេះថា ប៉ុន្មានថ្ងៃមុននេះ វាជារឿងល្អណាស់ដែលមិត្តកម្ពុជា និងជាដៃសន្ទនាអាស៊ានទាំងបីជួបប្រជុំគ្នានៅប្រទេសចិន។
សម្តេចតេជោបានថ្លែងថា “ចិន ជប៉ុន កូរ៉េខាងត្បូង…ត្រូវរូវគ្នា ដែលអនុវត្តន៍នូវពហុភាគីនិយមបន្ត។ ក៏បានកាត់បន្ថយនូវការលំបាក នៃសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន និងអាមេរិកជាមួយនឹងប្រទេសផ្សេងទៀត ហើយធ្វើឱ្យពួកអាស៊ានមានការងារស្រួល ដោយសារតែមានការប្រជុំម្តងៗ គឺយើងតែងមានជំនួបប្រជុំអាស៊ាន និងបូកបី ដែលរួមមានចិន ជប៉ុន កូរ៉េខាងត្បូង”។
សម្តេចតេជោមានប្រសាសន៍ថា កាលពីឆ្នាំមុនមេដឹកនាំអាស៊ានបូកបី បានជួបគ្នាមុនពេលមកជួបអាស៊ាន។ ឥឡូវនេះ បូកបីមានការប្រជុំជាមួយគ្នានៅក្នុងប្រទេសចិន គឺរឿងល្អណាស់ដែលគិតថា វាមានឥទ្ធិពលល្អ ឥទ្ធិពលវិជ្ជមានសម្រាប់សេដ្ឋកិច្ចតំបន់របស់យើង ព្រោះសេដ្ឋកិច្ចរបស់ជប៉ុន សេដ្ឋកិច្ចរបស់ចិន គឺសុទ្ធតែសេដ្ឋកិច្ចលេខពី បី (ចិនលេខពីរ ជប៉ុនលេខបី)… ទំហំសេដ្ឋកិច្ចគឺធំណាស់។
សម្តេចតេជោ បានបន្តថា“មុនដាច់ឆ្នាំនេះ យើងឃើញថាមានព័ត៌មានល្អកើតចេញមកដែរ”។
ប្រធានាធិបតីកូរ៉េខាងត្បូងលោកមូន ជេអ៊ីន និងនាយករដ្ឋមន្រ្តីជប៉ុនលោកស៊ីន ហ្សូ អាបេ បានជួបគ្នាជាលើកដំបូងនៅឆ្នាំនេះ ចាប់តាំងពីការកើតឡើងនូវសង្រ្គាមពាណិជ្ជកម្មក្នុងតំបន់របស់ពួកគេបានផ្ទុះឡើងនៅឆ្នាំ២០១៩។
មេដឹកនាំទាំងពីរបានជួបគ្នានៅទីក្រុង Chengdu ប្រទេសចិន ក្នុងកិច្ចប្រជុំកំពូលបីដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ មកពីប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង។ កិច្ចប្រជុំនេះត្រូវបានសន្មត់ថា ជាជំហានដំបូងក្នុងការផ្សះផ្សាសង្រ្គាមពាណិជ្ជកម្ម ដែលប្រជាជនកូរ៉េភាគច្រើនធ្វើពហិការទំនិញ និងសេវាកម្មរបស់ជប៉ុនទាំងអស់ ហើយជប៉ុនរឹតបន្តឹងសំភារៈសំខាន់ៗ សម្រាប់ឧស្សាហកម្មផលិតកម្មរបស់ពួកគេ។
មិនមានសេចក្តីប្រកាសអំពីការបន្ធូរបន្ថយ ក្នុងទំនាក់ទំនងត្រូវបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំនោះទេ។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនលោក Zhong Shan បាននិយាយថា ទីក្រុងប៉េកាំងមានឆន្ទៈសម្រុះសម្រួល សង្គ្រាមពាណិជ្ជកម្មដែលបាន និងកំពុងទាញទម្លាក់សេដ្ឋកិច្ចអាស៊ីនៅឆ្នាំនេះ។
លោក Zhong បាននិយាយថា “ទីក្រុងប៉េកាំងនឹងធ្វើការជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដើម្បីប្រឆាំងនឹងឯកតោភាគីនិយម និងការគាំពារនិយម និងរួមគ្នាថែរក្សាសន្តិភាព និងស្ថេរភាពក្នុងតំបន់ និងលើកកម្ពស់សេដ្ឋកិច្ចពិភពលោក”៕






